អត្ថ បទព្រះ គម្ពីរ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី រម ៧,២៣-២៨

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្គាប់ដូនតាអ្នករាល់គ្នាថា ចូរយកចិត្តទុកដាក់ស្តាប់សំឡេងយើង! ដូច្នេះ យើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នាចុះ បើដូច្នោះ អ្នករាល់គ្នានឹងបានសុភមង្គលជាមិនខាន។ ប៉ុន្តែ ពួកគេមិនព្រមស្តាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខ​មករកយើងឡើង។ តាំងពីថ្ងៃដែលបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មានជាអ្នកបម្រើរបស់យើងឱ្យទៅរកពួកគេជារៀងរាល់ថ្ងៃមិនដែលអាក់ខានឡើយ។ ពួកគេមិនព្រមស្តាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត! យេរេមីអើយ! ទោះបីអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេក្តី ក៏ពួកគេមិនព្រមស្តាប់ ទោះបីអ្នកហៅពួកគេក៏គេមិនព្រមឆ្លើយដែរ។ ដូច្នេះ ចូរប្រាប់ពួកគេថា៖ អ្នករាល់គ្នាជាប្រជាជាតិដែលមិនព្រមស្តាប់ព្រះសូរសៀងព្រះអម្ចាស់ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះបន្ទូលប្រៀនប្រដៅពីព្រះអង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ គ្មាននរណានិយាយអំពីការស្មោះត្រង់ចំពោះព្រះអង្គសោះ!»។

ទំនុកតម្កើងលេខ ៩៥ (៩៤), ១-២.៦-៩ បទកាកគតិ

យើងស្រែកច្រៀងឡើងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្តអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង ។
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្ត្រព្រះអង្គ
ទាំងអរព្រះគុណស្មូត្របទតម្កើងកោតសរសើរទ្រង់
អស់កល្បអង្វែង ។
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភក្ត្រផូរផង់បារមីត្រចង់
ទ្រង់បង្កើតយើង ។
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺឡើងថា ។
មិនត្រូវផ្តេសផ្តាសដូចកាលបោរបះនៅមេរីបា
ដូចថ្ងៃល្បងលនៅឯម៉ាសាក្នុងវាលឯកា
ទីរហោស្ថាន ។
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្តគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២,១២-១៣

បពិត្រព្រះអម្ចាស់ ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ”សូមវិលមករកយើងវិញដោយស្មោះអស់ពីចិត្តមក! យើងមានហប្ញទ័យសប្បុរសមេត្តាករុណា!”។
បពិត្រព្រះអម្ចាស់ ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១៤-២៣

ព្រះយេស៊ូកំពុងបណ្តេញខ្មោចចេញពីមនុស្សគម្នាក់។ លុះខ្មោចចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង ប៉ុន្តែ មានអ្នកខ្លះនិយាយ​ថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្តេចខ្មោចប្រគល់អំណាចឱ្យ​គាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឱ្យព្រះអង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិន​បើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាជាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំងបាក់បែកទាស់​ទែងគ្នាឯង ធ្វើម្តេចនឹងឱ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន! ខ្ញុំនិយាយដូច្នេះព្រោះអ្នករាល់គ្នាថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោចដោយអំណាចនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញ​ខ្មោច ដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្តីថា ព្រះរាជ្យរបស់ព្រះអង្គ​មកដល់អ្នករាល់គ្នាហើយ។ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយ​យកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឱ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆំាងនឹងខ្ញុំ​ហើយ អ្នកណាមិនជួយប្រមូលផ្តុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ»។

Facebook
Twitter
LinkedIn