សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៤,១.៥-៩
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ឥឡូវនេះអ៊ីស្រាអែលអើយ ចូរស្តាប់ហើយប្រតិបត្តិតាមក្រឹត្យវិន័យ និងបញ្ជាផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឱ្យអ្នករាល់គ្នា។ អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗដល់អ្នករាល់គ្នា ដូចព្រះអម្ចាស់ជាព្រះរបស់ខ្ញុំបានបង្គាប់មកខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាប្រតិបត្តិតាមនៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជាទាំងនោះ ដើម្បីឱ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃនៅចំពោះមុខសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មានពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាឈ្លាសវៃមែន!។ តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើងគ្រប់ពេលដែលយើងអង្វររកព្រះអង្គ? តើប្រជាជាតិដ៏ធំណាមួយមានក្រឹត្យវិន័យ និងបញ្ជាត្រឹមត្រូវដូចវិន័យទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?។ ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក ដើម្បីកុំឱ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឱ្យដឹងអំពីហេតុការណ៍នេះដែរ»។
ទំនុកតម្កើងលេខ ១៤៧ (១៤៦), ១២-១៦.១៩-២០ បទពាក្យ ៧
១២ | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
១៣ | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
ទ្រង់ឱ្យពរដល់រាស្ត្រ | ដែលរស់ពាសពេញទីក្រុង | ។ | |
១៤ | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
១៥ | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
១៦ | ព្រះអង្គឱ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
១៩ | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
២០ | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។ |
គ | ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ ព្រះបន្ទូលផ្តល់ជីវិតអស់កល្បជានិច្ច។ |
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៧-១៩
នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬសេចក្តីប្រៀនប្រដៅរបស់ព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញទេ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងធម្មវិន័យត្រូវលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបញ្ញត្តិតូចមួយ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ»។