បូជាចារ្យលើកទឹកចិត្តកុមារនិងស្វាមីថែរក្សានិងគោរពម្តាយនិងប្រពន្ធ

ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ លោកបូជាចារ្យ ម៉ានុច កុមារឯកា បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍បាត់ដំបងក្រុង មានប្រសាសន៍ទៅកាន់បុរសជាឪពុក និងសិស្សនៃសាលាមត្តេយ្យពន្លកថ្មី ដែលគ្រប់គ្រងដោយព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ឲ្យចេះស្រឡាញ់និងថែរក្សា គោរពស្ត្រីភេទ ដោយចេះជួយទុក្ខធុរៈគ្នា។


លោកបូជាចារ្យម៉ានុច បានប្រាប់ដល់កុមារតូចៗថា «សូមឲ្យកូនៗចេះស្រឡាញ់ឪពុកម្តាយ និងចេះជួយកិច្ចការងារផ្ទះ ជាពិសេសខិតខំរៀនសូត្រ ធ្វើជាសិស្សល្អ កូនល្អ»។
ក្នុងថ្ងៃជំនួបឪពុកម្តាយសិស្សនៅថ្ងៃទី៨ ខែមីនានេះ លោកបូជាចារ្យបានរំលឹកដល់ស្វាមីទាំងអស់ ឲ្យចេះស្រឡាញ់ប្រពន្ធកូន និងមើលថែរក្សាគ្រួសារ ចេះជួយទុក្ខធុរៈគ្នានៅក្នុងផ្ទះ។ លោកបានបញ្ជាក់ថា កិច្ចការទាំងនេះត្រូវធ្វើជាប្រចាំមិនគ្រាន់តែសម្រាប់ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិម្តងក្នុង១ឆ្នាំនោះឡើយ។
អ្នកស្រី សុ បាន ជាអាណាព្យាបាលសិស្សបាន ថ្លែងអំណរគុណ ដល់លោកឪពុក ដែលបានប្រារព្ធទិវាសិទ្ធិនារិអន្តរជាតិ ដើម្បីឲ្យអ្នកចូលរួមបានយល់ពីសិទ្ធិនារី។
អ្នកស្រីក៏បានអរគុណលោកបូជាចា្យ អ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្រៀន និងបង្ហាត់ កូនរបស់អ្នកស្រី ក៏ដូចជាកូនៗទាំងអស់ដែលមករៀននៅសាលាមត្តេយ្យនេះ ឲ្យមានរបៀបល្អ ចេះគោរពចាស់ទុំ មានវិន័យល្អក្នុងសាលា និងមានសមត្ថភាព ជាពិសេសភាពក្លាហានឡើងសម្តែងសិល្បៈ។
សាលាមត្តេយ្យពន្លកថ្មីនៃព្រះសហគមន៍កាតូលិកបាត់ដំបង មានទីតាំងស្ថិតនៅភូមិរំចេក១ ឃុំរតនៈ ខេត្តបាត់ដំបង។ បច្ចុប្បន្នសាលាមត្តេយ្យនេះ ទទួលខុសត្រូវដោយបងស្រីរ៉ុង បុប្ផា ជាដូនជីក្នុងក្រុមឧបការគុណ និងមានសិស្សសរុបប្រមាណជាង១០០នាក់ មាន៤ថ្នាក់ ដូចជាថ្នាក់មត្តេយ្យកម្រិតទាប ថ្នាក់មត្តេយ្យកម្រិតមធ្យម ថ្នាក់មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ភាសា៕

Facebook
Twitter
LinkedIn