អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលេវិវិន័យ លវ ១៩,១-២.១១-១៨

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំង​មូលថា អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវលួចទ្រព្យរបស់អ្នកដទៃ ហើយក៏មិនត្រូវបោកប្រាស់ និងបញ្ឆោតយកទ្រព្យជនរួមជាតិរបស់អ្នករាល់គ្នាដែរ។ មិនត្រូវយកនាមយើងទៅស្បថ​បំពានឡើយ ធ្វើដូច្នេះអ្នករាល់គ្នាបន្ថោកព្រះនាមនៃព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់​។
មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។ មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយ​​ក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់បណ្តាលឱ្យគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
ពេលវិនិច្ឆ័យទោស កុំកាត់ក្តីដោយអយុតិ្តធម៌ កុំរើសមុ​ខនរណាឱ្យសោះ គឺកុំយោគ​យល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឱ្យជនរួមជាតិរបស់អ្នកដោយយុតិ្តធម៌។
មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើ​ឱ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាព្រះអម្ចាស់។ មិនត្រូវមានចិត្តស្អប់បងប្អូន​របស់អ្នក តែត្រូវយកចិត្តទុកដាក់ស្តីបន្ទាសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះអ្នកនឹងមិនរួម​គំនិតជាមួយអ្នកនោះក្នុងការប្រព្រឹត្តអំពើបាបឡើយ។ កុំសងសឹកឱ្យសោះ ហើយក៏មិន​ត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឱ្យបានដូចស្រលាញ់​ខ្លួន​ឯង។ យើងជាព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ១៩(១៨),៨-១០,១៥ បទកាកគតិ

ព្រះធម្មវិន័យល្អល្អះប្រពៃប្រសើរថ្កើនថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា។
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់។
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
សិ្ថតស្ថេរចិរកាលតទៅគង់វង់ការវិនិច័្ឆយទ្រង់
ក៏ត្រង់ត្រឹមត្រូវ។
១៥ទ្រង់ជាថ្មដាជាព្រះរក្សាការពាររូបខ្ញុំ
សូមប្រោសប្រណីតាមពាក្យទូលសុំសេចក្តីនៃខ្ញុំ
ចំពោះព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច!
គ្រាដែលព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ គឺឥឡូវនេះហើយ។
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,៣១-៤៦

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖ «នៅ​ពេលបុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿង រួមជាមួយពួកទេវទូតទាំងឡាយលោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្តុំគ្នានៅមុខលោក។ លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលតែងតែញែកចៀមចេញ​ពីពពែ​ដែរ គឺឱ្យចៀមនៅខាងស្តាំ ឱ្យពពែនៅខាងឆ្វេង។ ពេលនោះព្រះមហាក្សត្រនឹងមានព្រះ​បន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំព្រះអង្គថា៖ «អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរ​អើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលទ្រង់បានរៀបទុកឱ្យអ្នករាល់គ្នា តាំងពីកំណើត​ពិភព​លោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឱ្យអាហារយើងបរិភោគ កាលយើង​ស្រេកអ្នករាល់គ្នាបានឱ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបាន​ទទួ​ល​យើងឱ្យស្នាក់អាស្រ័យ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់​មកឱ្យយើង កាលយើងមានជំងឺអ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំងអ្នករាល់គ្នាក៏បានមកសួរយើងដែរ»។ ពួកអ្នកសុច​រិតទូលព្រះអង្គវិញថា៖ «បពិ​ត្រ​ព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយក​ម្ហូប​អាហារ​មកថ្វាយព្រះ​អង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយ​ពីអង្កាល់? តើ​យើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឱ្យស្នាក់​អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះ​អង្គពី​អ​ង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរ​សុខទុក្ខព្រះ​អង្គពីអង្កាល់?» ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅគេថា៖ «យើងសុំ​ប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះចំពោះ​អ្នកតូចតាចជាងគេបំផុតម្នាក់នេះដែលជាបងប្អូនរបស់យើង អ្នករាល់គ្នាក៏ដូចជាបាន​ប្រព្រឹត្តចំពោះយើងដែរ» ។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថា៖ «ពួកត្រូវបណ្តាសា​អើយ! ចូរថយចេញឱ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្តន្ទាទោសមារសាតាំង និងបរិវារបស់វាទៅ! ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នាពុំបានឱ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំ​បានឱ្យទឹកយើងពិសារដែរ កាលយើងជាជនបរទេសអ្នករាល់គ្នា​ពុំបានទទួលយើងឱ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឱ្យយើងដែរ​ ហើយកាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរ​សុខទុក្ខយើងសោះ»។ ពួកនោះនាំគ្នាទូលព្រះអង្គថា៖ បពិត្រព្រះអម្ចាស់! តើ​​យើង​​ខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញ​ព្រះអង្គគ្មាន​សម្លៀកបំពាក់ ឃើញព្រះអង្គ​ប្រឈួន ឬជាប់ឃុំឃាំង​ ហើយយើងខ្ញុំមិនដែលជួយព្រះអង្គពីអង្កាល់?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «យើងសុំប្រាប់​ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នក​​តូចតាចជាងគេបំផុតម្នាក់នេះ ដែលជាបងប្អូនរបស់យើង អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ។ អ្នកទាំងនោះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នក​សុចរិត​វិញនឹងទទួលជីវិតអស់កល្បជានិច្ច»។

Facebook
Twitter
LinkedIn