អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣

ថ្ងៃអាទិត្យទី ១ ក្នុងរដូវអប់រំពិសេស

ក្នុងរដូវអប់រំពិសេស យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងអំពីគម្រោងការដ៏អសា្ចរ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក។ មនុស្សយើងមានតណ្ហាដែលជាកម្លាំងម៉្យាងធ្វើឱ្យជីវិតចម្រើនឡើងបាន។ តែតណ្ហានេះ ចេះតែដឹកនាំមនុស្សយើងឱ្យភ្លេចម្ចាស់របស់ខ្លួន ហើយបែរជាចង់ធ្វើម្ចាស់លើអ្វីៗទាំងអស់ (លោភៈ) មិនយល់អំពីអត្ថន័យជីវិតរបស់ខ្លួន និងជីវិតអ្នកដទៃ (មោហៈ) ហើយក៏មានបំណងជិះជាន់សង្កត់សង្កិនអ្នកដទៃដែរ (ទោសៈ)។ តាំងពីដើមរៀង​មក មនុស្សលោកមានប្រជាជនអ៊ីស្រាអែលជាតំណាង បានបណ្តោយខ្លួនតាមតណ្ហានេះ។ ព្រះយេស៊ូពិតជាមនុស្សដូចយើង ព្រះអង្គក៏ជាតំណាងរបស់យើងដែរ។ ព្រះអង្គមិនបណ្តោយខ្លួនឱ្យទៅតាមតណ្ហាលោកីយ៍ទេ គឺបែរចិត្តគំនិតទៅព្រះបិតាក្នុងគ្រប់ការដែលព្រះអង្គបានប្រព្រឹត្ត។ ទ្រង់សព្វព្រះហប្ញទ័យទទួលស្គាល់ព្រះជាម្ចាស់ទុកជាម្ចាស់ជីវិត មិនសព្វព្រះហប្ញទ័យប្រើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ព្រះអង្គទេ ហើយក៏មិនចង់បានអំណាចលើមនុស្សដែរ។ អ្នកនិពន្ធព្រះគម្ពីរ ពន្យល់សេចក្តីនេះដោយតំណាលអត្ថបទស្តីអំពីព្រះយេស៊ូផ្ចាញ់មារ។ ព្រះអង្គមានជ័យជម្នះលើតណ្ហា ហើយទ្រង់ក៏ប្រោសប្រទានឱ្យគ្រីស្តបរិស័ទមានជ័យជម្នះដូចព្រះអង្គដែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើតពិភពលោក កណ ២,៧-៩.៣,១-៧

ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គយកធូលីដីមកសូនធ្វើជារូប​មនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះ ស្រាប់តែមនុស្សមានជីវិតឡើយ។ ព្រះជា​អម្ចាស់ដាំដំណាំធ្វើជាសួនឧទ្យានមួយនៅខាងកើតស្រុកអេដែន រួចព្រះអង្គយកមនុស្ស​ដែលទ្រង់បានសូ​​នទៅដាក់នៅទីនោះ។ ព្រះជាអម្ចាស់ធ្វើឱ្យដើមឈើគ្រ​​ប់មុខដុះចេញ​ពីដីមកមានសម្រស់គួឱ្យទាក់ចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្តាលសួនឧទ្យាន​ក៏មានដើមឈើដែលផ្តល់ជីវិត និងដើមឈើដែលនាំឱ្យស្គាល់ល្អ ស្គាល់អាក្រក់ដែរ។
ពស់ជាសត្វមួយមានកលល្បិចជាងគេក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជា​អម្ចាស់បាន​បង្កើតមក។​ វាពោលទៅកាន់ស្រ្តីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ស្រ្តីឆ្លើយ​តបទៅពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យាន​បាន ​​តែដើមឈើដែលសិ្ថតនៅកណ្តាលសួនឧទ្យានវិញ ព្រះជាម្ចាស់បានហាមថា កុំបរិភោគផ្លែ​វាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ ពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន»។ ពស់​ប្រាប់​ស្រ្តីថា៖ «ទេ! អ្នកទាំងពីរមិនត្រូវស្លាប់ឡើយ! តែព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងភ្លឺ ​ហើយអ្នកនឹងបានដូចព្រះដែលស្គាល់ល្អ ស្គាល់​អាក្រក់ជាមិនខាន»។ ស្រ្តីមើលទៅដើមឈើឃើញថា មានរសជាតិឆ្ងាញ់ពិសា ល្អគយ​គន់ ហើយអាចផ្តល់ឱ្យមានប្រាជ្ញាវាងវៃទៀតផង។ នាងក៏បេះផ្លែមួយមកបរិភោគ​​ ព្រមទាំងចែកឱ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះស្រាប់តែភ្នែក​អ្នកទាំងពីរភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ»។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៦.១២-១៤,១៦ បទពាក្យ ៧

ឱ!ព្រះជាម្ចាស់ទូលបង្គំសូមលើកទោសខ្ញុំហើយមេត្តា
តាមព្រះហប្ញទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកទោសឱ្យទូលបង្គំផុតទុក្ខក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជម្រះខ្ញុំស្អាតផងចុះឱ្យបរិសុទ្ធអស់អំពើបាប
ខ្ញុំដាក់ខ្លួនប្រាណសុំទទួលឥតមានប្រែប្រួលសុំសារភាព
រូបទូលបង្គំបានសាងបាប​ដិតដក់នៅជាប់ក្នុងអារម្មណ៍
ខ្ញុំបានប្រព្រឹត្តអំពើទាស់ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ
ហើយប្រព្រឹត្តរឿងមិនសក្តិសមក្បត់ព្រះឧត្តមធ្វើពាលា
ទោះជាព្រះអង្គដាក់ទុក្ខទោសទៅតាមកំហុសខ្ញុំយ៉ាងណា
ទ្រង់នៅសុចរិតបរិសុទ្ធថ្លាទោះជាម្តេចម្តាទ្រង់គ្មានខុស
១២ឱ! ព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤សូមប្រោសឱ្យខ្ញុំអរសប្បាយព្រោះព្រះម្ចាស់ថ្លៃសង្រ្គោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយដោយប្រទានឱ្យធ្វើតាមផង​
១៦ឱ! ព្រះជាម្ចាស់ព្រះសង្រ្គោះសូមជួយរំដោះខ្ញុំពីស្លាប់
ខ្ញុំនឹងទន្ទេញប្រកាសប្រាប់​សុចរិតគួរគាប់នៃព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១២-១៩ (ឬយ៉ាងខ្លី ៥,១២.១៧-១៩)

បងប្អូនជាទីស្រលាញ់!
ដោយសារមនុស្សតែម្នាក់ គឺដោយសារលោកអាដាំ បាបបាន​ចូលមកក្នុងពិភពលោក ហើយដោយសារបាប សេចក្តីស្លាប់ក៏ចូលមកដែរ។ ហេតុនេះ​ហើយ បានជាសេចក្តីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែ​បាន​​​​​ប្រ​ព្រឹត្តអំពើបាប។

ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
មុនពេលមានធម្មវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់​ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានធម្មវិន័យនៅឡើយ។ ​ក៏ប៉ុន្តែ តាំងពីសម័យលោកអាដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ​ ទោះបីគេពុំបានប្រព្រឹត្តបទល្មើសដូចលោកអាដាំក៏ដោយ។ លោកអាដាំជានិមិត្តរូបនៃព្រះគ្រីស្តដែលត្រូវយាងមកនោះ។ ប៉ុន្តែ កំហុស​របស់លោកអាដាំ និងព្រះអំណោយទានរបស់ព្រះជាម្ចាស់មានលទ្ធផលខុសគ្នាទាំងស្រុង គឺ​មនុស្សទូទៅត្រូវស្លាប់ ព្រោះកំហុសរបស់មនុស្សតែម្នាក់យ៉ាងណា ព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់បានហូរមកលើមនុស្សទាំងអស់រិតតែបរិបូរណ៏យ៉ាងនោះដែរ។ ព្រះអង្គក៏ប្រទានព្រះអំណោយទាននៃការប្រណីសន្តោសនោះតាមរយៈមនុស្សម្នាក់ គឺដោយសារព្រះយេស៊ូគ្រីស្ត។ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងអំពើ​បាប​របស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញ ធ្វើឱ្យមនុស្សបាន​ សុចរិត ទោះបីគេប្រព្រឹត្តខុសជាច្រើនយ៉ាងណាក៏ដោយ។

​​បើអានយ៉ាងខ្លី សូមអានពីនេះតទៅ
ព្រោះតែមនុស្សម្នាក់បានប្រព្រឹត្តខុស ហើយដោយសារមនុស្សតែម្នាក់នេះ មច្ចុរាជបានសោយរាជ្យ ចំណង់បើតាមរយៈព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គវិញ អស់អ្នកដែលបានទទួលការប្រណីសន្តោសដ៏បរិបូណ៌លើសលប់ដែលប្រោសឱ្យគេបានសុចរិតនោះ និងរឹតតែសោយរាជ្យនៅក្នុងជីវិតថែមទៀតជាពុំខាន។ សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ ​(គឺលោកអាដាំ) មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ក៏ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ (គឺព្រះគ្រីស្ត) មនុស្សទាំងអស់បានសុចរិត និងទទួលជីវិតយ៉ាងនោះដែរ។ មនុស្សទាំងអស់ជាប់បាបដោយសារមនុស្សតែម្នាក់មិនបានស្តាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឱ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្តាប់បង្គាប់យ៉ាងនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។
មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់!។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៤,១-១១

ក្រោយពីព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថានឱ្យមារសាតាំងល្បួង។ បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃសែសិបយប់មក ព្រះអង្គឃ្លាន មេល្បួងចូលមកជិតព្រះអង្គ ហើយពោលថា៖ «ដោយលោកជាព្រះបុត្រា របស់ព្រះជាម្ចាស់​ដូច្នេះ សូមធ្វើឱ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងព្រះគម្ពីរមានចែងថា មនុស្សមិនរស់ដោយសារអាហារតែប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជា​ម្ចាស់»។ ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរ៉ូសាឡឹមជាក្រុងដ៏វិសុទ្ធ ដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយពោលថា៖ «ដោយលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដូច្នេះ សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា ព្រះជាម្ចាស់នឹងបញ្ជាឱ្យទេវទូតលាត​ដៃចាំទ្រលោក មិនឱ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «​ក្នុងគ​ម្ពីរមានចែងទៀតថា កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ»។ មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ឱ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរ​ទាំងនោះផង។ មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រោបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់អ្វីៗទាំងអស់នេះឱ្យ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំង! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើ​តែព្រះអង្គប៉ុណ្ណោះ»។ ពេលនោះ មារចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវទូតនាំគ្នាមកបម្រើព្រះអង្គ។

Facebook
Twitter
LinkedIn