អត្ត បទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

ឬសន្តប៉ូលីកាដជាអភិបាល និងជាមរណសាក្សី

លោកប៉ូលីកាដជាកូនសិស្សរបស់គ្រីស្តទូតយ៉ូហាន ហើយជាអភិបាលព្រះសហគមន៍​ក្រុង​ស្មៀរណា។ នៅ គ.ស ១៥៥ រដ្ឋអំណាចរ៉ូមុំាងបៀតបៀនធ្វើទុក្ខបុកម្នេញគ្រីស្តបរិស័ទដែលគេចាត់​ទុក​ជាទមិឡឥតសាសនា។ លោកទេសាភិបាលបង្ខិតបង្ខំលោកប៉ូលីកាដឱ្យលះបង់ព្រះគ្រីស្ត និងប្រមាថ​ព្រះ​អង្គ។ តែលោកឆ្លើយថា៖ “ខ្ញុំបម្រើព្រះគ្រីស្តប៉ែតសិបប្រាំមួយឆ្នាំហើយ! ព្រះអង្គមិនដែលធ្វើទោស​ខ្ញុំទេ​!​ តើខ្ញុំប្រមាថព្រះសង្គ្រោះ និងព្រះមហាក្សត្ររបស់ខ្ញុំដូចម្តេចបាន? ”។ ដោយលោកឆ្លើយបែបនេះ គេ​សម្រេ​​ច​ដុតលោកទាំងរស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៣០,១៥-២០

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃនេះ ខ្ញុំឱ្យអ្នកជ្រើសរើសយកជីវិតឬសេចក្តីស្លាប់ អំពើល្អឬអំពើអាក្រក់ ដ្បិតនៅថ្ងៃនេះ ខ្ញុំបង្គាប់អ្នកឱ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គកាន់តាមបទបញ្ជា ក្រឹត្យវិន័យ និងច្បាប់របស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និង​កើនចំនួនឡើង ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្តាប់បង្គាប់ព្រះអង្គដោយបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ នៅថ្ងៃនេះខ្ញុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុ​យឺនយូរនៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះឡើយ។ ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំឱ្យអ្នកជ្រើស​រើសយក ជីវិតឬសេចក្តីស្លាប់ ព្រះពរឬបណ្តាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឱ្យអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។ ចូរស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ចូរស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានឱ្យអ្នកមានអាយុយឺនយូរ ដើម្បីឱ្យអ្នករស់នៅលើទឹកដីដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឱ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្តាប់ទូន្មាន
ហើយមិនចូលចិត្តដើរតាមស្នាមដានអ្នកនោះនឹងមាន
មង្គលពេកក្រៃ។
តែតាមការពិតពួកគេចូលចិត្តនឹងធម្មវិន័យ
របស់ព្រះម្ចាស់ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹក។
អ្នកនោះប្រៀបបានដើម្បីឈើល្អថ្កានដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោនឱ្យផលផ្លែស្លឹកចម្រើនសន្ធឹក
តាមកាលរដូវ។
រីមនុស្សអាក្រក់មានចិត្តគម្រក់កេរ្តិ៍ឈ្មោះអាស្រូវ
ពួកគេប្រៀបបានអង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ។
ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាបមិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត។
ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីត
នៃមនុស្សល្អស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្តរាយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,១៧

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរប្រែចិត្តគំនិត! ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ»។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២២-២៥

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងទទួលជីវិតថ្មីហើយ»។
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អី?»។

Facebook
Twitter
LinkedIn