អត្តបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ១,១-១០

ប្រាជ្ញាញាណគ្រប់យ៉ាងសុទ្ធតែមកពីព្រះជាម្ចាស់ ហើយស្ថិតនៅជាមួយព្រះអង្គអស់កល្បជានិច្ច។ តើនរណាអាចរាប់ចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទាំងឡាយបាន? តើនរណាអាចរាប់ចំនួនដំណក់ទឹកភ្លៀង ឬចំនួននៃជីវិតអស់កល្បជានិច្ចបាន? តើ​នរណាអាចវាស់កម្ពស់ផ្ទៃមេឃ បណ្តោយនៃផែនដី និងជម្រៅមហាសមុទ្របាន? ព្រះ​អម្ចាស់បានបង្កើតព្រះប្រាជ្ញាញាណមុនអ្វីៗទាំងអស់ ព្រះអង្គក៏បានបង្កើតព្រះតម្រិះដ៏វាងវៃតាំងពីដើមដំបូងបង្អស់។ តើព្រះជាម្ចាស់បានសម្តែងអំពីដើមកំណើតនៃព្រះប្រាជ្ញាញាណឱ្យនរណាដឹង? តើនរណាស្គាល់ស្នាព្រះហស្តនៃព្រះប្រាជ្ញាញាណនោះ? មានតែព្រះអម្ចាស់ដែលគង់នៅលើបល្ល័ង្ក ហើយគួរឱ្យស្ញែងខ្លាចតែមួយព្រះអង្គប៉ុណ្ណោះទេដែលប្រកបដោយព្រះប្រាជ្ញាញាណ។ ព្រះអម្ចាស់បានបង្កើតព្រះប្រាជ្ញាញាណដោយព្រះអង្គផ្ទាល់ ព្រះអង្គទតឃើញ និងឈ្វេងយល់តម្លៃនៃព្រះប្រាជ្ញាញាណ ហើយបានចាក់បង្ហូរព្រះប្រាជ្ញាញាណនោះមកលើស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ ព្រះអង្គ​ក៏បានប្រទានព្រះប្រាជ្ញាញាណឱ្យមនុស្សលោកទាំងអស់ ដោយព្រះហប្ញទ័យទូលំទូលាយ​ដែរ ជាពិសេសព្រះអង្គបានចែកព្រះប្រាជ្ញាញាណយ៉ាងបរិបូរណ៌ឱ្យអស់អ្នកដែល​ស្រលាញ់ព្រះអង្គ។

ទំនុកតម្កើងលេខ ៩៣ (៩២),១-២.៥ បទកាកគតិ

ព្រះអម្ចាស់ជាមហាក្សត្រារុងរឿងថ្កើងថ្កុំ
ទ្រង់ប្រកបដោយចេស្តាឧត្តមផែនដីនៅមាំ
ឥតរង្គើឡើយ
បល្ល័ង្កព្រះអង្គស្ថិតស្ថេររឿងរុងយូរលង់មកហើយ
ព្រះអង្គមានជន្មអស់កល្បអន្លាយដើមមករៀងអាយ
អង្វែងជានិច្ច
បពិត្រព្រះម្ចាស់ក្រឹត្យវិន័យព្រះត្រឹមត្រូវបរិសុទ្ធ
ដំណាក់ព្រះអង្គល្អល្អះបំផុតវិសេសវិសុទ្ធ
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
​ព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះរបស់យើងបានបំបាត់អំណាចនៃសេចក្តីស្លាប់។ ព្រះអង្គបានបំភ្លឺយើងឱ្យស្គាល់​ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,១៤-២៩

​ព្រះយេស៊ូ លោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន បានមកជួបសាវ័កឯទៀតៗ ​ព្រះអង្គទតឃើញបណ្តាជនច្រើនកុះករឈរនៅជុំវិញសាវ័កទាំងនោះ ហើយឃើញពួក​បូជាចារ្យជជែកជាមួយគេផង។ កាលបណ្តាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់​គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?។ ក្នុងចំណោមបណ្តាជន មានបុរសម្នាក់ទូលព្រះអង្គ​ថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានខ្មោច​ចូល ធ្វើឱ្យគេនិយាយពុំរួច។ នៅទីណាក៏ដោយ ពេលខ្មោចចូលម្តងៗ វាផ្តួលកូនខ្ញុំ​ប្របាទលើដី ឱ្យបែកពពុះមាត់សង្កៀតធ្មេញ ហើយរឹងខ្លួន។​ ខ្ញុំប្របាទបានសុំសាវ័ក​របស់លោកឱ្យដេញខ្មោចនេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្តាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឱ្យខ្ញុំ»។ គេក៏នាំវា​ចូលមកជិតព្រះយេស៊ូ។ កាលខ្មោចឃើញព្រះអង្គ វាផ្តួលក្មេងនោះឱ្យប្រកាច់ប្រកិនព្រមទាំងននៀលបែកពពុះមាត់។ ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះតាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងពីតូចម្ល៉េះ។ ខ្មោចធ្វើឱ្យវាដួលលើភ្លើង​ ឱ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឱ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាច​​ធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកនិយាយថា ប្រសិនបើលោកអាចជួយបានដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឱ្យខ្ញុំប្របាទដែលជាអ្នកមិនជឿនេះផង!»។ ពេលនោះ ព្រះយេស៊ូទតឃើញបណ្តាជនរត់មក ព្រះអង្គ​ក៏គំរាមខ្មោច ដោយបញ្ជាថា៖ «នែ៎ ខ្មោចថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឱ្យសោះ!»។ ខ្មោចក៏ស្រែកឡើង ព្រមទាំងធ្វើឱ្យក្មេងនោះប្រកាច់​ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្តូកស្តឹងដូចមនុស្សស្លាប់ ធ្វើឱ្យមនុស្សជាច្រើនស្មានថា វាស្លាប់បាត់ទៅហើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គ​ចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។ កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ក្រុមសាវ័កទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនេះចេញបាន?»។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅគេថា៖ «គេអាចដេញខ្មោចប្រភេទនេះបាន លុះត្រាតែអធិដ្ឋាន»។

Facebook
Twitter
LinkedIn