អត្តបទព្រះគម្ពីរ​ ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣អត្តបទព្រះគម្ពីរ​

ឬសន្តទាំង៧ ជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី

ប្រហែលនៅឆ្នាំ ១២២៣ ឈ្មួញ៧នាក់នៅក្រុងហ្វូរង្ស (ប្រទេសអ៊ីតាលី) សម្រេច​ចិត្ត​លះបង់​អ្វីៗទាំងអស់ទៅរស់នៅក្នុងអារាមមួយឯព្រៃភ្នំដាច់ឡែកពីប្រជាជន។ អ្នកទាំងប្រាំពីរនាក់នោះដាក់​ឈ្មោះ​ខ្លួនថា “អ្នលបម្រើរបស់ព្រះនាងម៉ារី“ ព្រោះពួកគេចូលចិត្ត​នឹក​សញ្ជឹងអំពីព្រឹត្តិការណ៍​នៃជីវ​ប្រ​វត្តិ​ព្រះយេស៊ូ ដោយរួមចិត្តគំនិតជាមួយព្រះនាងម៉ារីដែលពួកគេយកធ្វើជាគំរូ។ អ្នកទាំងនោះ​បង្កើត​ក្រុមគ្រួ​សារបព្វេជិតដែលមានមុខងារទេសនា និងបង្រៀន។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១១ ១-៩

នៅសម័នោះ មនុស្សទាំងអស់នៅលើផែនដីទាំងមូលនិយាយភាសាតែមួយ និង​ប្រើពាក្យសម្តីតែមួយ។ ពេលពួកមនុស្សធ្វើដំណើរទៅ​ទិសខាងកើត គេឃើញវាល​មួយនៅតំបន់មេសូប៉ូតាមី ហើយក៏នាំគ្នាតាំងទីលំនៅក្នុងវាលនោះ។ គេនិយាយគ្នា​ទៅវិញទៅមកថា៖ «មក៍! យើងនាំគ្នាយកដីធ្វើឥដ្ឋ ហើយដុតក្នុងឡ!»។ គេក៏យក​ឥដ្ឋទាំងនោះប្រើជំនួសថ្ម ហើយយកប្រេងកាតលាយនឹងដីធ្វើជាបាយអ។ គេនិយាយ​​គ្នាទៀតថា៖ «មក៍! យើងនាំគ្នាសាងក្រុងមួយសម្រាប់ពួកយើងនៅ​ និងសាងប្រាសាទ​មួយមានកំពូលខ្ពស់ដល់មេឃ! ដូច្នេះ យើងនឹងមានឈ្មោះល្បី មិនបែកខ្ញែកគ្នាទៅពាសពេញនៅលើផែនដីទាំងមូលឡើយ»។ ព្រះអម្ចាស់យាងចុះមកទត​មើលក្រុង និងប្រាសាទដែលពួកមនុស្សកំពុងសាងនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍! ពួកគេទាំងអស់រួបរួមគ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ។ ឥឡូវនេះ បើពួកគេ​ធ្វើការនេះកើត ដល់ពេលក្រោយ ពួកគេប្រាថ្នាចង់ធ្វើអ្វីក៏គេអាចធ្វើបានទាំងអស់ដែរ ​គ្មានអ្វីរារាំងគេបានឡើយ! ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឱ្យគេស្តាប់គ្នាទៅវិញទៅមកទៀតបាន!»។ ព្រះអម្ចាស់បានកំចាត់កំចាយពួកគេចេញពីទីនោះ ឱ្យបែកខ្ញែកគ្នាទៅពាសពេញនៅលើផែនដីទាំងមូល។ គេក៏ឈប់សាងក្រុង​នោះទៀត។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល (ឈ្មោះនេះ​មានន័យថា “បំបែក”) ដ្បិតនៅទីនោះ ព្រះអម្ចាស់បានបំបែកភាសាមនុស្សទាំងអស់។ នៅទីនោះ ព្រះអម្ចាស់ក៏បានកំចាត់កំចាយមនុស្សឱ្យបែកខ្ញែកគ្នាទៅពាសពេញនៅលើ​ផែនដីទាំងមូលដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២),១០-១៥ បទព្រហ្មគីតិ

១០ទ្រង់បំបែកផែនការនៃប្រជាអសប្បុរស
គម្រោងការរបស់ជនទាំងនោះត្រូវរលាយ
១១ឯផែនការព្រះអង្គស្ថិតនៅគង់មិនអន្តរាយ
គម្រោងការទាំងឡាយមិនរលាយនៅស្ថិតស្ថេរ
១២ប្រជាដែលគោរពបម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែនោះជួបតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើសឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្តផ្ទាល់អង្គានោះមុខជារួចផុតទុក្ខ
១៣ព្រះម្ចាស់ទតមកពីស្ថានរមណីបរមសុខ
ទតមើលពីលើមកឃើញមនុស្សលោកយើងទាំងអស់
១៤ពីព្រះរាជដំណាក់ល្អដល់ថ្នាក់ឥតមានទាស់
ទតមើលជនទាំងអស់ដែលនៅរស់លើផែនដី
១៥គឺពិតជាព្រះអង្គដែលបង្កើតចិត្តប្រុសស្រី
ទ្រង់ពិនិត្យរំពៃមើលសព្វអ្វីដែលគេធ្វើ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង​បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ​។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,៣៤-៩,១

​ព្រះយេស៊ូត្រាស់ហៅបណ្តាជន និងសាវ័កមក រួចព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ​រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អនឹងបានរួចជីវិតវិញ​។ បើមនុស្សម្នាក់បានលោកីយ៍ទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ នៅ​ក្នុងកណ្តាលចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាសមិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រនៃមនុស្សយាងមកប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គ និងទេវទូតដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀនមិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុននឹងបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ប្រកបដោយប្ញទ្ធានុភាព»។

Facebook
Twitter
LinkedIn