អត្តបទ ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៨,៦-១៣.២០-២២

សែសិបថ្ងៃក្រោយទឹកជន់លិចផែនដីមក លោកណូអេបើកបង្អួចសំពៅដែលគាត់បានធ្វើ។ លោកលែងក្អែកមួយឱ្យចេញទៅ ក្អែកនោះហើរទៅហើរមក រហូតទាល់តែដី​គោកលេចឡើង។ បន្ទាប់មក លោកណូអេលែងព្រាបមួយឱ្យចេញទៅ ដើម្បីដឹងថា​ ទឹកបានស្រកហើយឬយ៉ាណា។ តែព្រាបនោះរកកន្លែងទំគ្មាន ក៏វិលមកសំពៅវិញ​ ព្រោះទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ។ លោកណូអេក៏លាតដៃទទួលព្រាបនោះមកក្នុងសំពៅវិញ។ ប្រាំពីរថ្ងៃបន្ទាប់មក លោកលែងព្រាបឱ្យចេញ​ទៅម្តងទៀត។ នៅពេលល្ងាច ព្រាបនោះវិលមកវិញទាំងពាំត្រួយអូលីវស្រស់មកជាមួយផង។ ដូច្នេះលោកណូអេដឹងថា ទឹកបានស្រកហើយ។ លោកនៅចាំប្រាំពីរថ្ងៃ​ទៀត ទើតលែងព្រាបឱ្យទៅ។ លើកនេះ ព្រាបមិនត្រឡប់មកវិញ។ លោកណូអេ​បើកដំបូលសំពៅឃើញថា ដីគោករឹងស្ងួតហើយ។ លោកណូអេសាងអាសនៈមួយសម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ ក្នុង​ចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងបក្សាបក្សីបរិសុទ្ធគ្រប់ប្រភេទ លោកយកសត្វខ្លះមកធ្វើយញ្ញបូជាទាំងមូលថ្វាយព្រះអម្ចាស់នៅលើអាសនៈនោះ។ ព្រះអម្ចាស់គាប់ព្រះ​ហប្ញទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់នេះ ហើយសម្រេចថា៖ «ទោះបីមនុស្សប្រព្រឹត្តអំពើអាក្រក់យ៉ាងណាក៏ដោយ ក៏យើងមិនដាក់បណ្តាសាផែនដីទៀតឡើយ ព្រោះចិត្តមនុស្សលម្អៀងទៅប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម្លេះ។ តែយើងមិនវាយបំផ្លាញសត្វ​លោកទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានវាយបំផ្លាញកន្លងមកហើយនោះទៀតទេ។ ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះនឹងមានរដូវសាបព្រោះ មាន​រដូវច្រូតកាត់ មានត្រជាក់ មានក្តៅ មានរដូវប្រាំ មានរដូវវស្សា មានថ្ងៃ មានយប់ ជាប់រហូតមិនអាក់ខានឡើយ»។

ទំនុកតម្កើងលេខ ១១៦ (១១៤-១១៥),១២-១៣.១៥-១៦.១៨-១៩ បទព្រហ្មគីតិ

១២ព្រះគុណព្រះអង្គថ្លៃទោះយកអ្វីក៏មិនបាន
ប្រសើរឱ្យស្មើបានត្រូវតបស្នងឱ្យសមរម្យ
១៣គឺខ្ញុំត្រូវលើកពែងទាំងសម្តែងនាងឧត្តម
ព្រះអង្គរំដោះខ្ញុំដោយស្រែករកព្រះជាម្ចាស់
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តសូន្យសង្ខារ
ទោះជនវិសុទ្ធណាទ្រង់មិនចង់ឱ្យស្លាប់ឡើយ
១៦ឱ! ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយរំដោះខ្ញុំរួចពីស្លាប់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលជារាស្រ្តនៃព្រះអង្គ
១៩គឺនៅក្នុងទីធ្លាព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុងសូមសរសើរតម្កើងព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,១.៨

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំសូមច្រៀងសសើរតម្កើងព្រះអម្ចាស់! ព្រះអង្គប្រោសមនុស្សខ្វាស់ឱ្យមើលឃើញ ព្រះអង្គលើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២២-២៦

​ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឱ្យព្រះអង្គពាល់គាត់។ ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះនាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ទាំងមានព្រះបន្ទូលសួរថា «តើអ្នកមើល ឃើញអ្វីខ្លះទេ?»។ បុរសនោះបើកភ្នែកឡើង ទូលថា៖«ខ្ញុំឃើញមនុស្សដើរស្ទុងៗមើលទៅដូជាដើមឈើ»។ ព្រះយេស៊ូក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត។ បុរស នោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ព្រះយេស៊ូប្រាប់គាត់ឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឱ្យសោះ»។

Facebook
Twitter
LinkedIn