បុណ្យថ្វាយព្រះឱរសយេស៊ូ នៅក្នុងព្រះវិហារ ជាបុណ្យគោរព ថ្ងៃទី ២ ខែកុម្ភៈ

ថ្ងៃបុណ្យនេះ ហៅយ៉ាងវែងថា “ព្រះឱរសយេស៊ូ ដែលនាងម៉ារីនិងលោកយ៉ូសែប នំាទៅថ្វាយ ព្រះជាម្ចាស់ នៅព្រះវិហារយេរូសាឡឹម។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅ សតវស្សទី ៦ នៅក្នុងព្រះសហគមន៍ខាងកើត។ ការថ្វាយព្រះឱរសនេះ ស្របតាមគម្ពីរចែងទុកមកថា កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកថ្វាយទៅព្រះអម្ចាស់ ហើយនេះក៏ជាសរុបបុណ្យកំណើតព្រះយេស៊ូ ជាមួយនឹងព្រះនាងម៉ារី និងសន្តយ៉ូសែបដែលថ្វាយព្រះឱរស ព្រមទាំងទំនាយរបស់លោកតាស៊ីម៉ូនផងដែរ ឥឡូវនេះ យើងនឹងចាប់ផ្តើមដំណើរឆ្ពោះទៅបុណ្យបុណ្យចម្លងវិញម្តង។ នេះគឺជាការប្រារព្ធបុណ្យព្រះយេស៊ូសំដែងព្រះអង្គ គឺ កុមារព្រះយេស៊ូ ត្រូវបង្ហាញ លក្ខណៈជាព្រះសង្គ្រោះ តាមរយៈទំនុកតម្កើងរបស់លោកតាស៊ីម៉ូន ដែលលោកទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្រ្តអ៊ីស្រាអែល ដោយគាត់មិនត្រូវស្លាប់ទេ ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ត។ លោកតាស៊ីម៉ុន លាន់មាត់សរសើរតម្កើងព្រះជាម្ចាស់ថា បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យាហើយ ដូច្នេះសូមឱ្យទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គបានលាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ។ រួចលោកនិយាយទៅកាន់នាងម៉ារីថា ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននាក់នឹងជំទាស់ប្រឆាំង…។ ព្រះគ្រីស្តជាពន្លឺបំភ្លឺពិភពលោក ដូច្នេះ បានជាមានប្រារព្ធពិធីដោយធ្វើក្បួន ដង្ហែទៀន។ នៅសម័យកណ្តាល ថ្ងៃនេះគឺ “បុណ្យជំរះរបស់ព្រះនាងម៉ារី” ឬ “ខែនៃទៀន” ដ៏មានសារៈ សំខាន់ណាស់។ បុណ្យនេះគឺ ព្រះសហគមន៍លើកតម្កើងព្រះយេស៊ូកុមារ ដែលត្រូវថ្វាយទៅកាន់ព្រះជាម្ចាស់ បានជា ព្រះសហគមន៍ឲ្យយើងរំលឹក “អ្នកបួស” ឬ “បព្វជិតបព្វជិតា” ដែលថ្វាយខ្លួនទាំងស្រុងទៅកាន់ ព្រះជាម្ចាស់ ដែរ។ អស់អ្នកបួសរស់នៅដោយបង្ហាញជីវិតដ៏ជិតស្និទ្ធជាមួយព្រះជាម្ចាស់ ដើម្បីជួយ ព្រះសហគមន៍កាន់តែ ជិតស្និទ្ធជាមួយព្រះបុត្រាព្រះអង្គ។ សូមព្រះជាម្ចាស់ ប្រទានឲ្យយើងខ្ញុំមានចិត្តក្លាហាន ថ្វាយខ្លួនដើម្បី ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

Facebook
Twitter
LinkedIn