បុណ្យគោរព
បុណ្យថ្វាយព្រះឱរសយេស៊ូ
នៅព្រះវិហារក្រុងយេរូសាឡឹម
ពណ៌ស
សែសិបថ្ងៃក្រោយព្រះយេស៊ូប្រសូត ព្រះនាងម៉ារី និងលោកយ៉ូសែបយកព្រះឱរសយេស៊ូទៅថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារក្រុងយេរ៉ូសាឡឹមតាមធម្មវិន័យរបស់លោកម៉ូសេ (ដណ១៣,១១-១៣)។ ព្រះសហគមន៍យល់ឃើញថា ពេលព្រះយេស៊ូយាងចូលក្នុងព្រះវិហារ ក៏ដូចជាព្រះជាម្ចាស់ផ្ទាល់យាងមក ចូលតាមពាក្យទំនាយរបស់ព្យាការីម៉ាឡាគី (អត្ថបទទី ១ )។ព្រះយេស៊ូរួមសាមគ្គីជាមួយមនុស្សលោកទាំងមូល ព្រះអង្គពិតជាមហាបូជាចារ្យរបស់យើង។ ទ្រង់យាងចូលក្នុងព្រះវិហារ ដើម្បីផ្សះផ្សាមនុស្សលោកទាំងអស់ ឱ្យជានាជាមួយព្រះជាម្ចាស់ (អត្ថបទទី ២)។ ព្រះយេស៊ូពិតជាពន្លឺដែលបំភ្លឺមនុស្សលោក (ដំណឹងល្អ )។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១២,១៨-១៩.២១-២៤
បងប្អូនជាទីស្រឡាញ់!
ពេលបងប្អូនមករកព្រះជាម្ចាស់ បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាលបានដូចភ្នំស៊ីណៃឡើយ ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង ហើយមានខ្យល់ព្យុះនោះ។ បងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮគេអង្វរសុំកុំឱ្យព្រះអង្គមានព្រះបន្ទូលទៀតព្រោះគេពុំអាចទ្រាំនឹងព្រះបញ្ជានេះបានទេ។ នេះជាអព្ភូតហេតុមួយគួរឱ្យស្ញែងខ្លាចណាស់ បានជាលោកម៉ូសេមានប្រសាសន៍ថា៖ «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។ ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវទូតរាប់លាន រាប់កោដិ និងមានព្រះសហគមន៍របស់រៀមច្បងដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ បងប្អូនចូលមកជិតព្រះយេស៊ូដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរយ៉ាងប្រសើរជាងលោហិតរបស់លោកអបិលទៅទៀត។
ទំនុកតម្កើងលេខ ៤៨ (៤៧),២-៤.៩-១១ បទព្រហ្មគីតិ
២ | ព្រះអម្ចាស់ជាព្រះឧត្តម | ប្រសើរសក្តិសមខ្ពស់បំផុត | |
ស៊ីយ៉ូនបុរីតែមួយគត់ | ភ្នំដ៏វិសុទ្ធនៃព្រះអង្គ | ។ | |
៣ | ភ្នំជារបស់ព្រះអម្ចាស់ | ល្អប្រណីតណាស់ឥតមានហ្មង | |
ស៊ីយ៉ូនជាកំពូលភពផង | មហាក្សត្រទូទាំងភពផែនដី | ។ | |
៤ | ព្រះម្ចាស់សម្តែងឱ្យដឹងថា | ព្រះអង្គគឺជាកំពែងជ័យ | |
រឹងប៉ឹងមាំមួនពន់ពេកក្រៃ | នៅក្នុងបុរីនោះប្រាកដ | ។ | |
៩ | យើងបានឮគេថ្លែងវាចា | សព្វអំពីស្នាព្រះហស្តថ្លៃ | |
ឥឡូវឃើញផ្ទាល់ក្នុងបុរី | ព្រះអម្ចាស់ថ្លៃលើលោកា | ។ | |
១០ | បពិត្រព្រះម្ចាស់ដ៏ឧត្តុង | រូបខ្ញុំនៅក្នុងព្រះវិហារ | |
ខ្ញុំនឹកពីព្រះទ័យមេត្តា | សប្បុរសករុណានៃព្រះអង្គ | ។ | |
១១ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ព្រះនាមល្បាញល្បីរបស់ទ្រង់ | |
មនុស្សម្នាគ្រប់គ្នាលើកតម្កើង | ព្រះនាមព្រះអង្គដល់ទីឆ្ងាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៧-១៣
ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក រួចទ្រង់ចាត់គេពីរនាក់ៗឱ្យទៅជាលើកទីមួយ ទាំងប្រទានឱ្យគេមានអំណាចដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឱ្យយកអ្វីទៅជាមួយក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្គាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ក្រុមសាវ័កក៏ចេញទៅប្រកាសឱ្យមនុស្សម្នាក់កែប្រែចិត្ដគំនិត។ គេដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសគេឱ្យបានជាសះស្បើយ។