ព្រះវិហារ​​ជា​កន្លែង​បូជនីចរ​នៅ​ក្នុងជីវិត​ដើម្បីទៅស្ថាន​បរមសុខ

ធម្មទេសនារបស់​លោកអភិបាល​អេនរីគេ ហ្វីការេដូ

អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង

នៅព្រះវិហារ​សន្ត​យ៉ាកុប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់

ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣

«​ព្រះវិហារ​​ជា​កន្លែង​បូជនីចរ​នៅ​ក្នុងជីវិត​ដើម្បីទៅស្ថាន​បរមសុខ»

​ឆ្នាំ​មុន​យើង​បាន​ជ្រើសរើ​សថ្ងៃនេះ ជា​ថ្ងៃ​សម្ពោធ​ព្រះវិហារ គឺ​ថ្ងៃដែល​សន្ត​ប៉ូល​កែប្រែ​ចិត្ត​គំនិត​ ដោយសារ​យើង​គិត​ថា មាន​អ្វីមួយ​មាន​សារៈសំខាន់​នៅ​ក្នុង​ព្រះសហគមន៍​ និង​ជីវិត​គ្រីស្ត​បរិស័ទ គឺយើង​ជា​មនុស្ស​មាន​បាបទាំង​អស់គ្នា។ អត់មាន​នរណាម្នាក់​មិន​មែន​ជា​អ្នក​បាប ហើយ​យើង​ត្រូវ​កែប្រែចិត្ត​គំនិត​ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។

សន្ត​ប៉ូល​កែប្រែចិត្ត​គំនិត​របៀប​ដែល​គួរ​ឲ្យយើង​ចាប់​អារម្មណ៍​ ដោយសារ​ពីមុន​គាត់​ជា​សត្រូវរបស់​​ព្រះជាម្ចាស់ ជាសត្រូវ​របស់​ព្រះយេស៊ូ និង​ជា​សត្រូវរបស់​​គ្រីស្ត​បរិស័ទ​ ប៉ុន្តែ​នៅ​ពេលដែលសន្ត​ប៉ូល​ទទួល​ស្គាល់​សេចក្តីស្រឡាញ់​ពី​ព្រះជាម្ចាស់​ ទទួល​ស្គាល់​ធម៌មេត្តា​ករុណា​ពី​ព្រះជាម្ចាស់​តាម​រយៈព្រះយេស៊ូ លោក​បាន​កែប្រែចិត្តគំនិត និ​ងចាប់​ផ្តើម​ធ្វើ​ដំណើរ​នៅក្នុង​ពិភពលោក​ ដើម្បីឲ្យបងប្អូន​យល់​អំពី​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ និង​អំពី​វត្ត​មាន​របស់​ព្រះជាម្ចាស់​គង់នៅជាមួយយើង។

​យើង​ជា​គ្រីស្ត​បរិស័ទ​ទាំង​អស់​ត្រូវ​យកគំរូ​តាមសន្ត​ប៉ូល ដោយទទួល​ស្គាល់ថា ខ្លួនយើង​ជា​អ្ន​កបាប ហើយ​អង្វរ​ព្រះជាម្ចាស់​ឲ្យ​យើង​កែប្រែ​ចិត្ត​គំនិត។ ​នៅពេលណា​ព្រះជាម្ចាស់​ប្រទាន​ឲ្យយើង​ស្គាល់​ធម៌មេត្តាករុណា​របស់​ព្រះអង្គ​ គឺ​ព្រះអង្គ​ឲ្យ​យើង​ប្រកាស​ដំណឹងល្អ។ ប្រកាស​ដំណឹងល្អមាន​របៀប​ច្រើន​ មិនមែន​​តែ​ត្រឹម​បបូរមាត់ គឺតាមរបៀប​ដែលយើង​រស់នៅ តាមរបបៀប​ដែលយើង​បង្ហាញ​ធម៌មេត្តាករុណាសម្រាប់អ្នកដទៃ តាមរបៀប​ដែលយើង​មាន​​លក្ខណៈទន់​ភ្លន់ដែល​យើង​ចេះ​ថែរក្សា​និង​លើក​ទឹកចិត្ត​អ្នកនៅជាមួយ​យើង។ ប្រកាសដំណឹងគឺ​មានន័យ​ឲ្យ​យើង​វាយ​តម្លៃមនុស្ស​ខ្ពង់ខ្ពស់ និង​គ្មាននរណា​ហ៊ាន​មើលងាយ​នរណា។ ដំណឹងល្អ​មានន័យថា នាំ​ឲ្យ​ជីវិត​របស់​យើង​មានន័យ​ដោយសារ​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​ និង​យើង​ត្រូវ​គោរព​គ្នា​ទៅវិញ​ទៅ​មក​។ សេចក្តីស្រឡាញ់​ពី​ព្រះជាម្ចាស់​យើង​វាស់​អត់​បានទេ។ ហើយ​នៅពេល​ដែលយើង​ប្រកាស​គឺ​តាម​របៀប​ដែល​យើង​រស់នៅ​ដែល​ស្រប​តាម​​ព្រះបន្ទូល​របស់​ព្រះយេសូ។ ព្រះអង្គ​​ប្រទាន​ឲ្យយើងនូវ​ព្រះបន្ទូល របៀប​ដែល​ព្រះអង្គ​រស់នៅ របៀប​ដែល​ព្រះអង្គ​ប្រកាសដំណឹងល្អ និង​តាមរបៀប​ដែល​ព្រះយេស៊ូ​បាន​បូជាជីវិត​និង​មាន​ព្រះជន្មរស់ឡើងវិញ ហើយរបៀប​ទាំង​អស់នេះ​ហើយ​ជា​របៀប​ដែល​យើង​ត្រូវ​ប្រកាសដំណឹងល្អ។

លោក​ប៉ូល​ប្រកាសដំណឹងល្អ​មិន​មែនតែ​ម្នាក់ឯង គាត់មាន​ក្រុមដែល​នៅជាមួយគ្នា ហើយ​នេះ​ជា​របៀប​ដែល​យើង​ត្រូវ​រៀន​គឺ​រស់នៅ​ជា​ក្រុម។ កុំ​គិត​ថា​យើង​ប្រកាសដំណឹងល្អតែ​ម្នាក់​ឯង យើង​ត្រូវ​រួម​គ្នា សាមគ្គីគ្នា លើ​ក​ទឹកចិត្ត​គ្នា និង​ធ្វើ​ជា​សាក្សី អំពី​សេចក្តីស្រឡាញ់​ពីព្រះជាម្ចាស់​ អំពីការ​សង្គ្រោះ​របស់ព្រះអង្គ។

សព្វ​ថ្ងៃនៅក្នុង​ព្រះសហគមន៍​ សម្តេចប៉ាប​ចង់​ឲ្យយើង​យល់​ដែល​យើង​ត្រូវ​រួម​គ្នា​ធ្វើ​ដំណើរនៅ​ក្នុងព្រះសហគមន៍​ យើង​ត្រូវការ​បងប្អូន​ជួយ​លើក​ទឹកចិត្ត​គ្នារហូត ឲ្យយើង​ចេះ​ស្តាប់​គ្នា ឲ្យយើង​ចេះនិយាយជាមួយគ្នា។ បើ​យើង​គិតអំពី​សន្តយ៉ាកុបដែល​លោក​ពុក​យ៉ុងហ៊ី​(John Hee)ឲ្យយើង​ឃើញ​នៅទីនេះ មាន​លក្ខណៈ​ដូច​នៅសាន់ទៀហ្គោ ដែលមាន​សព​របស់​សន្ត​យ៉ាកុប ហើយ​មានម​នុស្ស​ជាច្រើន​ទៅ​គោរព​ដោយ​ធ្វើ​បូជនីយចរ ហើយ​គេ​បាន​កែប្រែចិត្ត​គំនិត​។ ហើយខ្ញុំ​ផ្ទាល់​បាន​ធ្វើ ហើយ​ខ្ញុំ​សូម​និយាយ​លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​ គឺ​«កុំគិតច្រើន​តែ​អធិដ្ឋាន​ច្រើនជាង»។

កូនៗ​យុវជន កុំគិតច្រើន​ពេក តែសូមអធិដ្ឋាន​ឲ្យ​ច្រើន​។ កុំគិតច្រើន​ៗ គិត​អត់ចេញ​នាំ​ឈឺក្បាល អារម្មណ៍មួម៉ៅ សូម​អធិដ្ឋាន​ច្រើន​ជាង​។ ហើយ​ព្រះវិហារនេះណែនាំ​ឲ្យ​យើង​គិត​ធ្វើ​ដំណើរ​របៀប​នេះ សូម​ឲ្យយើង​ចេះ​អធិដ្ឋាន​ ធ្វើ​ដំណើរ​រួម​គ្នា ធ្វើ​ដំណើរ​ដោយ​កែប្រែចិត្តគំនិត​។ អ្វីដែល​មាន​សារៈសំខាន់​​គឺ​ឲ្យ​យើង​ធ្វើ​ដំណើរ ហើយ​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យយើង​ដល់​ស្ថាន​បរមសុខ ប៉ុន្តែអាស្រ័យ​លើ​យើង​ គឺ​យើង​ត្រូវ​បន្ទាប​ខ្លួន​ មាន​របៀប​ទន់ភ្លន់ ចេះ​ជួយ​គ្នាទៅវិញ​ទៅមក ហើយ​ឲ្យយើង​ចេះ​ធ្វើ​ដំណើរ​រួម​គ្នា​ក្នុងព្រះសហគមន៍​។ ​ព្រះសហគមន៍​សន្តយ៉ាកុបនៅ​ពាក់កណ្តាលផ្លូវពី​ភ្នំពេញ​ទៅ​បាត់ដំបង ដូច្នេះ​ដំណើរ​របស់យើង​ក៏ដូចគ្នាគឺនៅពាក់កណ្តាល​ផ្លូវទៅកាន់​ព្រះជាម្ចាស់ទោះបី​យើង​ចាស់ឬនៅក្មេង ​ ដោយសារ​យើង​ទាំងអស់គ្នាយើង​ត្រូវស្លាប់​ ប៉ុន្តែយើង​ត្រូវ​ចេះ​បន្ទាប​ខ្លួន និង​ជួយ​គ្នាទៅវិញ​ទៅ​មក យើង​ចេះ​យក​គំរូព្រះយេស៊ូ​ដើម្បីធ្វើ​ដំណើរ​ដូចព្រះយេស៊ូ​ ដូចសន្តប៉ូល​ដែរ។

ថ្ងៃនេះ សូម​ឲ្យកូនៗ​ចេះ​យក​ព្រះវិហារ​ធ្វើ​ជា​កន្លែង​បូជនីចរ​នៅ​ក្នុងជីវិត​ដើម្បីទៅស្ថាន​បរមសុខ កែប្រែចិត្ត​គំនិត​​ ឲ្យ​យើង​រួម​គ្នា​ និង​យក​គំរូព្រះយេស៊ូ​ដើម្បីធ្វើដំណើរនិង​ធ្វើ​តាម​មាគ៌ារបស់​ព្រះអង្គ៕

Facebook
Twitter
LinkedIn