ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៨,២៣-៩,៣

កាលពីមុន ព្រះអម្ចាស់បានធ្វើឱ្យតំបន់សាប៊ូឡូន និងតំបន់ណែបថាលីត្រូវអាម៉ាស់ តែទៅអនាគត ព្រះអង្គនឹងប្រទានឱ្យស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេ ដែលសាសន៍ដទៃរស់នៅបានរុងរឿងឡើង។ ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឱ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្រ្តព្រះអង្គ ដូចគេសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជ័យភណ្ឌដែរ។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចកាលពីសម័យដែលព្រះអង្គរំដោះបុព្វបុរសរបស់គេឱ្យរួចពីកណ្តាប់​ដៃនៃជនជាតិម៉ាឌីយ៉ានដែរ។

ទំនុកតម្កើងលេខ ២៧ (២៦), ១-២.៤.១៣-១៤ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ពេលពួកជនពាលជាបច្ចារូតរះម្នីម្នាចូលមកជិត
ពួកគេចង់មកផ្តាច់ជីវិតតែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ខ្ញុំទូលព្រះម្ចាស់នូវសេចក្តីតែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡាស់មួយជីវិត
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ប្ញទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១០-១៣.១៧

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តថ្លើមតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសម្រុងគ្នាទាំងស្រុង ដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។ ខ្ញុំទទួលដំណឹងដោយសារក្រុមគ្រួសាររបស់នាងក្លូអេថា មានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន គឺម្នាក់ពោលថា “ខ្ញុំជាកូនចៅរបស់លោកប៉ូល! ”ម្នាក់ទៀតថា“ ខ្ញុំជាកូនចៅរបស់លោក អប៉ូឡូស!” ម្នាក់ទៀតថា “ខ្ញុំជាកូនចៅរបស់លោកកេផាស!” រីឯខ្ញុំវិញ ខ្ញុំជាកូនចៅរបស់ព្រះគ្រីស្ត!។ តើព្រះគ្រីស្តបែងចែកជាភាគច្រើនឬ? តើប៉ូលឬ ដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹកក្នុងនាមប៉ូល? ព្រះគ្រីស្តពុំបានចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជទឹកទេ គឺទ្រង់ចាត់ខ្ញុំឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្តែ ខ្ញុំប្រកាសដំណឹងល្អ មិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញា ក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្តនៅលើឈើឆ្កាងទៅជាអសារឥតការនោះឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៦៨-៧៩

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ព្រះអង្គសព្វព្រះហប្ញទ័យចាត់ពន្លឺឱ្យយាងមកបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងភាពងងឹត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៤,១២-២៣ (ឬយ៉ាងខ្លី ៤,១២-១៧)

កាលព្រះយេស៊ូជ្រាបដំណឹងថា គេចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គភៀសចេញទៅស្រុកកាលីឡេ។ ព្រះអង្គចាកចេញ​ពីភូមិណាសារ៉ែតទៅស្នាក់នៅក្រុងកាផានុមជិតមាត់សមុទ្រក្នុងតំបន់សាប៊ូឡូន និងតំបន់ណែបថាលី ដើម្បីឱ្យបានស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីអេសាយថា៖ «ដែនដីសាប៊ូឡូន និងដែនដីណែបថាលីដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! ប្រជាជនដែលអង្គុយនៅក្នុងទីងងឹតបានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នករស់ក្នុងស្រុកដែលស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់»។ តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។

ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។
កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទកំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅសិលា និងលោកអន់ដ្រេជាប្អូនរបស់គាត់។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតែងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាមដើរតាមព្រះអង្គទៅ។ ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្តិច ព្រះអង្គទតឃើញ​បងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហានជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោក​សេបេដេជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅតាមធម្មសាលារបស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ និងប្រោសអ្នកជំងឺគ្រប់យ៉ាង មនុស្សពិការគ្រប់ប្រភេទក្នុងចំណោមប្រជាជនឱ្យបានជាផង។

Facebook
Twitter
LinkedIn