អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៨,៦-១៣
ព្រះយេស៊ូទទួលមុខងារប្រសើរជាងបូជាចារ្យពីដើមទៅទៀត ព្រោះព្រះអង្គជាស្ពាននៃម្ពន្ធមេត្រីមួយប្រសើរជាងសម្ពន្ធមេត្រីមុន គឺជាសម្ពន្ធមេត្រីដែឡចងឡើងដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។ ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់ចងសម្ពន្ធមេត្រីទីពីរជំនួសឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលស្តីបន្ទោសប្រជារាស្រ្តរបស់ព្រះអង្គដូចតទៅ គឺព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បន្តិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែលនិងពូជពង្សរបស់យូដា។ សម្ពន្ធមេត្រីថ្មីនេះ មិនដូចសម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះចេញពីស្រុកអេស៊ីបនោះឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រីដែលយើងចងជាមួយគេនោះឱ្យបានខ្ជាប់ខ្ជួនទេ។ យើងក៏លែងរវីរវល់នឹងពួកគេដែរ។ មែន! ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយ ពូជពង្សអ៊ីស្រាអែលដូចតទៅ យើងនឹងដាក់វិន័យរបស់យើងក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារវិន័យទាំងនោះទុកនៅក្នុងចិត្តរបស់ពួកគេ យើងនឹងទៅជាព្រះរបសើពួកគេ ហើយគេនឹងទៅជាប្រជារាស្រ្តរបស់យើង។ ពេលនោះ លែងមាននរណាបង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចរហូតដល់អ្នកធំគេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងនឹងអត់ឱនឱ្យគេចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។ ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះថាជា “សម្ព័ន្ធមេត្រីថ្មី” ដូច្នេះ ព្រះអង្គចាត់ទុកសម្ព័ន្ធមេត្រីមុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ហើយ កាន់តែចាស់ទៅៗនោះមុខជានឹងត្រូវសាបសូន្យបាត់ទៅជាមិនខាន។
ទំនុកតម្កើងលេខ ៨៥ (៨៤).១០-១៤ បទកាកគតិ
១០ | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា | |
នៅលើដីយើង | ។ | ||
១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
នៅលើលោកីយ៍ | ។ | ||
១២ | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
ចុះជួយរក្សា | ។ | ||
១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា | |
សំបូរមិនខ្វះ | ។ | ||
១៤ | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
សុខសានរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
មើលហ្ន! ព្រះដំណាក់របស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោក។ មានគ្រឹះដប់ពីរដែលមានចារឹកឈ្មោះគ្រីស្គទូតទាំងដប់ពីររបស់កូនចៀម។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,១៣-១៩
ព្រះយេស៊ូយាងឡើងទៅលើភ្នំ ព្រះអង្គត្រាស់ហៅអស់អ្នកដែលទ្រង់សព្វព្រះហប្ញទ័យជ្រើសរើសអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គតែងតាំងដប់ពីរនាក់ឱ្យនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឱ្យទៅប្រកាសដំណឹងល្អ ទាំងមានអំណាចដេញអារក្សថែមទៀតផង។ ព្រះអង្គតែងតាំងអ្នកដប់ពីរអ្នកនេះ គឺស៊ីម៉ូនដែលទ្រង់ដាក់ឈ្មោះថា “សិលា” យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោណើកែស” (ឈ្មោះនេះមានន័យថា” អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់”) អន់ដ្រេ ភីលីព បាតូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាអ្នកជាតិនយម និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។