សន្តហ៊ីឡែរ លោកអភិបាលនិងគ្រូបាធ្យាយ ថ្ងៃទី ១៣ ខែមករា

សន្តហ៊ីឡែរ លោកអភិបាលនិងគ្រូបាធ្យាយ ថ្ងៃទី ១៣ ខែមករា

នៅថ្ងៃទី១៣ ខែមករា ព្រះសហគមន៍រំលឹកដល់សន្ត ហ៊ីឡែរ នៅផ័រទីយេរ បានកើតនៅឆ្នាំ៣១០ នៅភូមិភិចធីវៀម ក្រុងហ្គោល ដែលបច្ចុប្បន្ន គឺ ក្រុង ផ័រទីយេរ ប្រទេសបារាំង លោកជាលោកអភិបាល និងជាគ្រូបាធ្យាយ ហើយក៏ជាទស្សនវិទ្យាក្រិក និងព្រះគម្ពីរវិទូ នៅស.ទី៤ ហើយក៏ជាបុគ្គលម្នាក់ដែលបានសិក្សាយ៉ាងស៊ីជម្រៅលើទេវវិទ្យានៃព្រះត្រៃឯកក្នុងព្រះសហគមន៍អន់តូឌុក អំឡុងពេលដ៏លំបាកបំផុតនៃប្រវិត្តសាស្រ្តនៃព្រះសហគមន៍ ដោយសារមានការកើនឡើងនៅក្រុមវង្វេងជំនឿអរីយូស ពេលខ្លះគេហៅលោកថា ញញូរនៃពួកអារៀន ដែលមានន័យថា អ្នកប្រឆាំងដ៏ខ្លាំងក្លាលើក្រុមវង្វេងជំនឿ។ ឈ្មោះរបស់ ហ៊ីឡែរ មកពីពាក្យឡាតាំង មានន័យថា សប្បាយរីករាយ។ លោកប្រែចិត្តគំនិតមកជឿលើព្រះគ្រិស្តនៅពេលលោកមានអាយុចាស់ហើយ ក្រោយបានអាន ព្រះគម្ពីរនិង រិះគិតអំពី គោលដៅរបស់ជីវិតមនុស្ស។ លោកបានរៀបការ និងជាឪពុករបស់សន្តអាប្រា នៃផ័រទីរយេរ និងបងស្រី ហើយដែលជាសន្តីដែលគេស្គាល់តាមរយៈធម៌មេត្តាករុណារបស់នាង។ លោកបានតស៊ូគំនិតជាក្រុមវង្វេងជំនឿ(Heretic) មួយ ឈ្មោះ អរីយូស ដែលបង្រៀនខុសពីជំនឿ ធ្វើឲ្យលោកត្រូវនិរទេសទៅស្រុកអាស៊ីតូច (Asia minor)។ ប៉ុន្តែនៅទីនេះ លោកបានសិក្សាគំនិតទេវវិទ្យារបស់ព្រះសហគមន៍ខាងកើត និងនៅតែការពារជំនឿយ៉ាងមោះមុត។ លោកត្រូវគេហៅត្រឡប់ទៅស្រុកកំណើតវិញ ហើយទទួលការតែងតាំងជាលោកអភិបាល ដែល មានទំនួលខុសត្រូវយ៉ាងធំធេង ក៏ដូចជាការលះបង់ផ្ទាល់ខ្លួនយ៉ាងសំខាន់ ក្នុងពេលនោះព្រះសហគមន៍អនុញ្ញាតឱ្យបុរសដែលរៀបការហើយ ទទួលមុខងារជាអភិបាលបាន។ លោកបាននិពន្ធ សៀវភៅទេវវិទ្យាដ៏ល្បីមួយ ឈ្មោះ ព្រះត្រៃឯក(De Trinitrate) និងសេចក្តីអត្ថាធិប្បាយគម្ពីរទំនុកតម្កើង និងកណ្ឌគម្ពីរផ្សេងៗ។ ក្រៅពីនេះ លោកបាននិពន្ធចំរៀង ក្នុងពិធីបុណ្យថែមទៀត។ សន្តហ៊ីឡែរ ជាអ្នកប្រកាសជំនឿគ្រិស្តសាសនា ដោយយកហេតុផលខាងទេវវិទ្យា មកពន្យល់ ការសំដែងរបស់ព្រះជាម្ចាស់។ លោកបានបង្ហាញទៀតអំពីឯកភាពរវាងព្រះសហគមន៍ខាងកើត និង ព្រះសហគមន៍ខាងលិច(ឡាតាំង)។ សន្តហ៊ីឡែរ បានទទួលមរណាភាពៅផ័រទីយេរ ក្នុងឆ្នាំ៣៦៧ ក្រោយពីបានបង្រៀន និងបង្ហាញពីរបៀបរស់នៅ ដល់សិស្សរបស់លោក ក្នុងនោះក៏មានសន្តម៉ាទីន ទួរផងដែរ។ សូមព្រះជាម្ចាស់មកបំភ្លឺយើងគ្រិស្តបរិស័ទម្នាក់ៗ ខិតខំស្វែងយល់អំពីជំនឿដោយត្រឹមត្រូវ មិនដើរតាមគំនិតខុសប្លែកពីគំនិតខាងលោកីយ។ សូមឲ្យគ្រិស្តបរិស័ទគោរពសេចក្តីពន្យល់របស់គ្រូបាធ្យាយ របស់ព្រះសហគមន៍ ពីអំណាចការអប់រំជំនឿរបស់ព្រះសហគមន៍ផង។ សូមព្រះអង្គប្រទានគ្រូអប់រំជំនឿដ៏រស់រវើក និងយល់ដឹងច្បាស់អំពីជំនឿកាតូលិក ផ្តល់ឲ្យព្រះសហគមន៍យើងផង។

Facebook
Twitter
LinkedIn