ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត

ក្នុងអំឡុងពេល​រដូវ​បុណ្យព្រះយេស៊ូប្រសូត្រ ព្រះវិហារ​សន្ត​​យ៉ូសែបផ្សារតូច​បានចែករំលែក​អំណរសប្បាយ​ជូន​ ជនមាន​ពិការភាព​ប្រមាណជា៨០នាក់ មកទទួល​ទាន​អាហារ​រួម​គ្នា ​ទទួល​គ្រឿង​ឧបភោគមួយ​ចំនួន ឈ្វេងយល់​អំពី​អត្ថន័យនៃ​បុណ្យព្រះយេស៊ូប្រសូត  និង​ចូលរួម​ប្រឡង​ទស្សទាយ​បទចម្រៀង​យក​រង្វាន់​អនុស្សាវរីយ៍​ជាដើម។

កម្មវិធីនេះ​អញ្ជើញចូលរួម​ជា​អធិបតី​ភាព​ដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ប្រធាន​មណ្ឌល​សកម្មភាព​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ខាង​ជើង លោកឧបដ្ឋាកប៊ុនលី និងគណៈកម្មការក្នុង​ព្រះសហគមន៍ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច ជា​តំបន់​​ភាគ​ខាង​ជើង​នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា។

មានមតិសំណេះសំណាលជាមួយជន​មាន​ពិការភាព​ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មានប្រសាសន៍ថា​ដើម្បីអបអរសាទរបុណ្យ​ព្រះយេស៊ូ​ប្រសូត្រ ព្រះសហគមន៍តែងតែនឹកឃើញដល់បងប្អូនដែលជួបការលំបាក មានការខ្វះខាត និងជាពិសេស​នៅថ្ងៃនេះ ព្រះសហគមន៍បានអញ្ជើញ​បងប្អូនជនពិការមកទទួល​សេចក្ដី​សុខសាន្ត​ជាមួយគ្នា​ដើម្បីឱ្យបងប្អូនមានអំណរសប្បាយ មានចិត្តសង្ឃឹមនៅ​ក្នុងជីវិត ហើយត្រូវតែ​តស៊ូជំនះ​រាល់ឧបសគ្គដោយមាន​ចិត្តអត់ធ្មត់បំផុត។

ក្នុងឱកាសនេះដែរលោកបូជាចារ្យបានជំរុញលើកទឹកចិត្តបងប្អូនជនពិការអោយរស់នៅពោរពេញដោយសេចក្ដីស្រលាញ់ ត្រូវមានចិត្តសង្ឃឹមជានិច្ច នឹងជាពិសេសកុំបាក់ទឹកចិត្ត ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ជួប​បញ្ហា​ច្រើន​ឡើង​។ លោក​បាន​លើក​ទឹកចិត្ត​ដល់​បងប្អូនទាំងនោះ ឲ្យ​​​នឹកដល់ព្រះយេស៊ូគ្រីស្តនៅ​ពេល​ជួប​លំបាក​ផ្សេងៗ ព្រោះ​ទ្រង់​តែងតែតាម​ថែរក្សា​ការពារយើងទាំងអស់គ្នា ហើយទ្រង់ជាពន្លឺសម្រាប់បំភ្លឺនឹងណែនាំអោយជីវិតយើង​មាន​សេចក្ដី​សុខសាន្ត។

ជាមួយគ្នាដែរ លោក ស៊ុយ ប៊ុនថង​ អាយុ៧៧ឆ្នាំ ជាប្រធានក្រុមប្រឹក្សាព្រះសហគមន៍បានឱ្យដឹងថា​ បងប្អូន​ជនពិការដែលយើងអញ្ជើញមកចូលរួមភាគច្រើនជាអ្នកច្រៀងតាមស្តុបនានាក្នុងរាជធានីភ្នំពេញ​ ហើយជា​ជនពិការ​ដៃជើងពីកំណើត ពិការភ្នែក នឹងខ្លះទៀតពិការដោយសារជួបឧបទ្ទេវហេតុកាលពីសង្គ្រាមផងដែរ។

លោកប្រធាន​ក្រុមប្រឹក្សា​បានបន្តថា សម្រាប់អំណោយដែលព្រះសហគមន៍បានរៀបចំ​គឺជាថវិកា​ផ្ទាល់ខ្លួន​របស់​បងប្អូន​គ្រីស្តបរិស័ទ​​ដែលមកចូលរួមបុណ្យអភិបូជារៀងរាល់សប្ដាហ៍ ដោយខ្លះបានជួយជាគ្រឿងបរិភោគ ខ្លះ​ជួយ​​ជា​ថវិកា ខ្លះទៀតបានចំណាយទាំងកម្លាំងកាយចិត្តនិងយានជំនិះផ្ទាល់ខ្លួនទៅដឹកបងប្អូនជនពិការមក​ចូល​រួម​​ជាមួយកម្មវិធីក្នុងព្រះសហគមន៍។

​ការ​សាមគ្គីរវាង​គ្រីស្តបរិស័ទ​បែបនេះ បាន​ធ្វើ​ឲ្យ​លោក​ប៊ុនថង​យល់ថា ព្រះសហគមន៍​មានជីវិតពោរពេញដោយ​សេចក្ដីស្រលាញ់ពីព្រះជាម្ចាស់។ ហើយ​ការ​ចូលរួម​របស់​បងប្អូន​ជន​មាន​ពិការភាព​​ដោយ​ស្នាមញញឹម​ និង​សំឡេង​អបអរ​ទ្រហឹង​អឺងកង​នេះ គឺជាផល​ផ្លែមួយ​ដែលហៅថា​ផលផ្លែនៃសេចក្ដី​ស្រលាញ់​ចេញពីឫស​គល់របស់ព្រះជាម្ចាស់។

អ្នកស្រី ដារីយ៉ា មានអាយុ២៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ បានរៀបរាប់ថា«ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលបាន​ចូលរួម​ក្នុង​កម្មវិធី។ ហើយ​ជា​រៀងរាល់ឆ្នាំ​ខ្ញុំតែងតែមកចូលរួម ហើយបានលេងហ្គេមសប្បាយៗជាច្រើន ហើយ​បើ​ទោះ​ជា​ខ្ញុំរវល់ប៉ុណ្ណាក៏ខ្ញុំ​ឈ្លៀតពេល​មកចូលរួមដែរ ពីព្រោះកម្មវិធីនេះចែករំលែកសេចក្ដីស្រលាញ់ដល់បងប្អូន​ពិការភាព និង​​បងប្អូន​ដែល​មានជីវភាពទីទ័លក្រជាដើម»។

អ្នកស្រីបន្តថា សព្វថ្ងៃរូបគាត់និងស្វាមីដែលពិការដៃមានអាយុ២៩ឆ្នាំ ដើរច្រៀងនៅតាមភ្លើង​បញ្ជា​ចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ​ ដើម្បីបានថវិកា​ផ្គត់ផ្គង់​កូនស្រីមានអាយុ៣ឆ្នាំដែលកំពុងសិក្សានៅ​សាលា​មត្តេយ្យ និងបង់​ថ្លៃផ្ទះជួល​។

អ្នកស្រីបន្ថែមថា គាត់បានចូលរួមកម្មវិធីចំនួន៣ដង ហើយ​ទង្វើរបស់ព្រះសហគមន៍​ជាទង្វើមួយធ្វើឱ្យចងចាំ​មិនភ្លេចពីព្រោះព្រះសហគមន៍​បានចែក​រំលែក​សេចក្ដីស្រលាញ់ និងផ្ដល់ឱកាសឱ្យបងប្អូនជនពិការបានមក​ជួបជុំគ្នា បានស្គាល់គ្នានិង​លើក​ទឹកចិត្ត​គ្នាទៅវិញទៅមក ជាពិសេសសម្រាប់អាហារ​នៅថ្ងៃនេះ​គឺឆ្ងាញ់ណាស់ហើយមាន​ម្ហូបច្រើនមុខ​នឹងសម្រាប់អំណោយវិញទោះជាមិនច្រើន​ប៉ុន្តែអាច​ដោះស្រាយ​បានមួយគ្រា។

«ជីវិតជាជនពិការពិតជាពិបាកណាស់ពីព្រោះមានភ្នែកខ្វាក់មើលមិនឃើញ មិនដឹងថាពិភពលោកស្រស់ស្អាត​យ៉ាងណានោះទេ ប៉ុន្តែព្រះសហគមន៍បានធ្វើឱ្យជីវិតរបស់ជនពិការពោរពេញដោយស្នាមញញឹម»នេះជាសម្ដី​របស់​លោក អ៊ុក សូឡាវី មានអាយុ៥២ឆ្នាំជាជនពិការភ្នែករស់នៅខណ្ឌពោធិ៍សែនជ័យ។

លោកបានបន្តថា សព្វថ្ងៃនេះលោកមានភរិយាពិការភ្នែកដូចគ្នាច្រៀងនៅតាមស្តុប នៅតាមរោងបុណ្យ រោងការ​ជាដើមដើម្បីបានថវិកាចិញ្ចឹមជីវិតហើយនៅថ្ងៃនេះព្រះសហគមន៍បានអញ្ជើញលោករួមទាំងភរិយា​មកចូលរួមកម្មវិធីថ្ងៃនេះ។

លោក​បន្ថែមថា បើនិយាយពីអារម្មណ៍សប្បាយវិញរកអ្វីមកគណនាមិនបានទេ​ហើយការពិសារ​អាហារថ្ងៃនេះវិញគឺ​ប្រៀប​ដូចជា​ បានចូលព្រះដំណាក់​ព្រះជាម្ចាស់​ពេញមួយឆ្នាំ។

ព្រះវិហារ​សន្តយ៉ូសែប​ផ្សារតូច​តែងរៀបចំ​កម្ម​វិធី​ផ្តល់​អាហារ​និង​គ្រឿង​ឧបភោគបរិភោគ​នេះ​ ដល់​គ្រួសារ​ក្រីក្រ​យ៉ាង​តិច​ណាស់​២​ដង​ក្នុង​១ឆ្នាំ​ តាមរ​យៈការ​រៃអង្គាស​ថវិកាពីគ្រីស្ត​បរិស័ទ​ក្នុង​វិហារ​និង​សប្បុរជន​នានា៕

ដោយ ចាន់ ម៉ានុត

Facebook
Twitter
LinkedIn