អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតយ៉ូហាន ១យហ ៥,១៤-២១
មា្នលកូនចៅជាទីស្រឡាញ់! យើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដោយដឹងថា ប្រសិនបើយើងទូលសុំអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្តាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្តាប់យើង ទោះបីយើង ទូលសុំអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសុំនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាបដែលមិនបណ្តាលឱ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឱ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាបដែលមិនបណ្តោយឱ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្តាលឱ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឱ្យទូលអង្វរទេ។ អំពើទុច្ចរិតទាំងប៉ុន្មានសុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្តាលឱ្យស្លាប់ទេ។
យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារកំណាចពុំអាចយាយីគេបានឡើយ។ យើងដឹងថា យើងកើតមកព្រះជាម្ចាស់ រីឯមនុស្សក្នុងលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទ្រង់ប្រទានប្រាជ្ញាឱ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហ្នឹងហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ កូនចៅអើយ! ចូរចៀសឱ្យផុតពីការគោរពព្រះក្លែងក្លាយ។
ទំនុកតម្កើងលេខ ១៤៩, ១-៦.៩ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង |
ចូរច្រៀងតម្កើង | ព្រះនាមព្រះអង្គ | ក្នុងចំណោមផង | |
អ្នកដែលជឿព្រះ | ។ | ||
២ | ចូរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ |
ដោយសារព្រះអង្គ | បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស | |
ពាសពេញផែនដី | ។ | ||
សូមប្រជាជន | ក្នុងក្រុងស៊ីយ៉ូន | អបអរប្រពៃ | |
នឹងព្រះមហាក្សត្រ | គ្រងលើផែនដី | ជាស្តេចល្បាញល្បី | |
របស់ផងខ្លួន | ។ | ||
៣ | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន |
តម្កើងព្រះនាម | ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ | |
ទាំងដេញពិណថ្វាយ | ។ | ||
៤ | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្ត្រទាំងឡាយ |
ទ្រង់តែងសង្គ្រោះ | ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ | |
ជួយអ្នកទន់ទាប | ។ | ||
៥ | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប |
នាំគ្នាសប្បាយ | ប្រសើរលើសលប់ | តម្កើងសាយសព្វ | |
សិរីព្រះម្ចាស់ | ។ | ||
ទោះជាពេលយប់ | ក៏គេមិនយល់ | គេនៅប្រកាស | |
ទាំងលើកតម្កើង | សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ | |
ទាំងអំណរផង | ។ | ||
៦ | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង |
មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង | |
វិនាសខ្ចាត់ខ្ចាយ | ។ | ||
៩ | ឯការដាក់ទោស | ជាតិសាសន៍ទាំងនោះ | ត្រឹមត្រូវឥតប្រែ |
តាមការសម្រេច | ព្រះមិនខុសទេ | ពួកវាត្រូវតែ | |
ទទួលទោសនោះ | ។ | ||
កិច្ចការទាំងអស់ | សក្តិសមឥតខ្ចោះ | គឺជាកិត្តិយស | |
ដ៏សែនរុងរឿង | ដល់អ្នកទាំងអស់ | ដែលជឿលើព្រះ | |
មិនសាបសូន្យឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧.៩
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ដ្បិតព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រីថ្មី! អស់អ្នកដែលចូលរួមក្នុងពិធីជប់លៀងមង្គលការរបស់កូនចៀម ពិតជាមានសុភមង្គល!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២,១-១២
នៅគ្រានោះ មានគេរៀបពិធីមង្គលការនៅភូមិកាណាក្នុងស្រុកកាលីឡេ មាតាព្រះយេស៊ូនៅទីនោះ ហើយគេក៏យាងព្រះយេស៊ូ និងអញ្ជើញក្រុមសាវ័ករបស់ព្រះអង្គទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ ពេលនោះគេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖«គេអស់ស្រាទំពាំងបាយជូរហើយ!។ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖«អ្នកអើយ! កុំរវល់នឹងរឿងនេះអី! ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ មាតារបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖«អ្វីៗដែលលោកប្រាប់ឱ្យធ្វើចូរធ្វើចុះ!»។ នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹកសម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរ ឬបីអម្រែក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖«សុំដងទឹកមកចាក់ឱ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ព្រះអង្គមានព្រះបន្ទូលថា៖«ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ»។ គេក៏ដងយកទៅជូនលោកចៅមហាភ្លក់ទឹកដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាទេ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូនកំលោះមកនិយាយថា៖«អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន។ លុះភ្ញៀវពិសារច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្តេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
នេះជាសញ្ញាសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយក្រុមសាវ័កក៏បានជឿលើព្រះអង្គ។ បន្ទាប់មក ព្រះអង្គយាងចុះទៅភូមិកាផានុមជាមួយមាតាព្រមទាំងបងប្អូន និងសាវ័ករបស់ ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលដ៏ខ្លី។