អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតយ៉ូហាន ១យហ ៣,៧-១០
ម្នាលកូនចៅជាទីស្រឡាញ់! សូមកុំឱ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ ដ្បិតមារបានប្រព្រឹត្តអំពើបាបតាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមកដើម្បីរំលាយកិច្ចការរបស់មារ។ អ្នកដែលកើតមកព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។ គឺនៅត្រង់ហ្នឹងហើយដែលបង្ហាញឱ្យឃើញច្បាស់ថា នរណាជាបុត្រធីតារបស់ព្រះជាម្ចាស់ និងនរណាជាកូនចៅរបស់មារ។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។
ទំនុកតម្កើងលេខ ៩៨ (៩៧) ,១.៧-៩ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា | |
យកជ័យជម្នះ | ។ | ||
៧ | ចូរសមុទ្រលាន់ | រលករាប់ពាន់ | រំពងអាកាស |
ចូរឱ្យផែនដី | និងអ្វីទាំងអស់ | មានជីវិតរស់ | |
ស្រែកឮអឺងកង | ។ | ||
៨ | ទន្លេទាំងឡាយ | ចូរអរសប្បាយ | សាទរត្រសង |
ចូរភ្នំទាំងអស់ | ស្រែកហ៊ោអឺងកង | ព្រមៗគ្នាឡើង | |
ដោយស័ព្ទខ្ញៀវខ្ញារ | ។ | ||
៩ | ចំពោះព្រះភក្ត្រ | ព្រះអម្ចាស់ជាក់ | គ្រប់គ្រងលោកា |
លើភពផែនដី | យុត្តិធម៌ថ្លៃថ្លា | អស់រាស្ត្រប្រជា | |
ទៀងត្រង់បរិសុទ្ធ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,៤១.១៧
អាលេលូយ៉ា! អាលេលូយ៉ា!
យើងទទួលស្គាល់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត! ព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិតមកដល់យើងដោយសារព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៣៥-៤២
ពេលនោះ លោកយ៉ូហានបាទីស្តនៅជាមួយសិស្សរបស់លោកពីរនាក់ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ហើយមានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរទៅថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ “រ៉ាប៊ី”នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលា។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ហើយប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ “មេស្ស៊ី” នេះប្រែថា “ព្រះគ្រីស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់លោកយ៉ូហាន។ អំណើះតទៅអ្នកត្រូវមានឈ្មោះថា “កេផាស” (ពាក្យ “កេផាស” នេះប្រែថា “សិលា”)»។