គ្រួសារពន្លឺមិត្តភាព បានរៀបចំពិធីជួបជុំកម្មករកម្មការិនីរោងចក្រកាត់ដេរជាច្រើននាក់ ដើម្បីអបអរសាទរបុណ្យគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម ដោយមានរិះគិតអំពី ដើម្បីកសាងអនាគតថ្មី យើងត្រូវព្រមធ្វើដំណើរលើផ្លូវជីវិត ដែលប្រកបដោយសេចក្តីសុខក្នុងចិត្ត និងមានការជឿជាក់ក្នុងចិត្ត។ កម្មវិធីនេះ ធ្វើឡើងនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានលើកទឹកចិត្តដល់អង្គពិធីថា ថ្ងៃនេះយើងមានអំណរសប្បាយដែលបានមកដល់គ្រួសារពន្លឺមិត្តភាព ជាគ្រួសារមួយយ៉ាងពិសេសដែលណែនាំឱ្យយើងមានភាពកក់ក្ដៅ។ ពិតមែន មិត្តភាពណែនាំឱ្យយើងមានពន្លឺនៅក្នុងជីវិត ណែនាំឱ្យយើងចេះរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។ លោកអភិបាលបន្ថែមថា យើងមកជួបជុំគ្នាថ្ងៃនេះនៅក្នុងអំណរសប្បាយ ដោយសារព្រះនាងម៉ារីបានបង្កើតកូនមួយ ដែលណែនាំឱ្យយើងភ្លឺ និងណែនាំឱ្យយើងជួបជុំគ្នាបាន។ លោកអភិបាលបន្តថា នៅទីនេះ យើងមានលោកឪពុក មានបងស្រី មានអ្នកធ្វើការ មានកម្មករ មានកូនក្មេង ដែលជាគ្រួសារតែមួយ។ អ្នកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព បានថ្លែងក្នុងអង្គពិធីថា ថ្ងៃទី៨ ខែធ្នូ ជាថ្ងៃដែលយើងគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម គឺជាថ្ងៃបុណ្យមួយដ៏សំខាន់បំផុតសម្រាប់ក្រុមគ្រួសារពន្លឺមិត្តភាព។ អ្នកស្រី ស៊ីលវី ក៏បានថ្លែងបន្តថា យើងទាំងអស់គ្នាក៏សូមនឹករលឹកដល់ ទេរ៉េស៊ីកង់ម៊ីល ដែលជាអ្នកបង្កើតក្រុមគ្រួសារពន្លឺមិត្តភាពនេះឡើង។ នៅឆ្នាំ១៩៧៥ ទេរ៉េ បានអញ្ជើញយើងទាំងអស់គ្នាឱ្យស្វែងរកសុភមង្គលសម្រាប់អ្នកដទៃ ឱ្យយើងទទួលស្គាល់ថាយើងជានរណា ជីវិតរបស់មនុស្សម្នាក់ៗមានតម្លៃស្មើៗគ្នា។ អ្នកស្រី ស៊ីលវី បញ្ជាក់ថា នៅពេលនេះយើងទាំងអស់គ្នា សាកល្បងរស់នៅក្នុងអំណរសប្បាយជាមួយគ្នា ទោះបីយើងជួបការលំបាក យើងទាំងអស់គ្នាសាកល្បងរស់នៅដើម្បីកសាងអនាគតថ្មី យើងត្រូវព្រមធ្វើដំណើរលើផ្លូវជីវិតដែលប្រកបដោយសេចក្តីសុខក្នុងចិត្ត និងមានការជឿជាក់។ អ្នកស្រី ឃឹម សារ៉ន ជាកម្មការិនីរោងចក្រកាត់ដេរបានរៀបរាប់ថា រយៈពេលជិតកន្លះឆ្នាំនេះ រោងចក្រគ្មានការងារឱ្យកម្មករធ្វើទេ ដែលជាហេតុធ្វើឱ្យមានផលពិបាកសម្រាប់ជីវភាពគ្រួសាររបស់អ្នកស្រី ជាពិសេសការសិក្សារបស់កូនៗ។ អ្នកស្រី សារ៉ន បានស្គាល់គ្រួសារពន្លឺមិត្តភាពរយៈពេល១៥ឆ្នាំហើយ គ្រួសារពន្លឺមិត្តភាពបានជួយជ្រុំជ្រែងអ្នកស្រីនិងគ្រួសារ ដូចជាជួយឱ្យកូនគាត់បានរៀនបំប៉នបន្ថែម លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ ណែនាំឱ្យក្លាហាន និងទទួលភាពរួសរាយរាក់ទាក់ពីគ្រួសារពន្លឺមិត្តភាពដូចជាគ្រួសារតែមួយ។ យុវតី គីម ឆេង ជាសិស្សរៀនថ្នាក់ទី១០ បាននិយាយយ៉ាងមុតមាំថា គ្រួសារពន្លឺមិត្តភាពបានផ្តល់ចំណេះដឹងជាច្រើនសម្រាប់នាង។ គីម ឆេងបន្តថា គាត់រៀនចេះគោរពអ្នកដទៃ ចេះរៀបចំអាកប្បកិរិយាបានសមរម្យ ចេះរបៀបរបបទទួលទានអាហារ ណែនាំឱ្យចេះធ្វើម្ហូបនិងរៀបចំផ្ទះ។ យុវសិស្ស ចាន់ ណេង ជាសិស្សរៀនថ្នាក់ទី៩ ក្រោយពីបានស្គាល់គ្រួសារពន្លឺមិត្តភាពអស់រយៈពេល៦ឆ្នាំ គ្រួសារពន្លឺមិត្តភាពប្រៀបដូចជាគ្រួសារទីពីររបស់នាង ដោយនាងទទួលបានមិត្តភាពល្អ ភាពក្លាហានរឹងមាំ និងបានបង្រៀននាងពីរបៀបនៃការរស់នៅឱ្យបានសមរម្យ៕ ដោយ សុធីរិទ្ធ