សន្តស៊ីលវេស្ទឺទី១ ជាសម្តេចប៉ាប ថ្ងៃទី ៣១ ធ្នូ

សន្តស៊ីលវេស្ទឺទី១ កើតនៅទីក្រុងរ៉ូម ។ លោកជាបូជាចារ្យ ហើយទទួលមុខងារជាសម្តេចប៉ាបចាប់ពីឆ្នាំ ៣១៤ រហូតដល់លោកទទួលមរណភាពនៅឆ្នាំ ៣៣៥ ។ តាមពិត មុននឹងលោកទទួលតំណែងជាសម្តេចប៉ាប យើងមិនសូវដឹងអំពីរឿងរ៉ាវនៃជីវិតរបស់លោកនោះទេ ។ សម័យនោះ គឺដើមសតវត្សទី៤ ជាការបញ្ចប់នៃការបៀតបៀនយ៉ាងសាហាវរបស់ចក្រភពរ៉ូម៉ាំងចំពោះគ្រីស្តបរិស័ទនាសម័យដំបូង ។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រចាត់ទុក គ.ស. ៣១៣ ជាដើមសម័យ “ព្រះសហគមន៍តាមបែបព្រះចៅកុងស្តង់តាំង ” គឺសំដៅទៅលើទំនាក់ទំនងថ្មី ប្រកបដោយសេចក្តីសុខសាន្តរវាងព្រះសហគមន៍ និងសង្គម ។ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមកុងស្តង់តាំង នោះមានឥទ្ធិពលខ្លាំងណាស់ (រជ្ជកាល ៣១០–៣៣៧) ចាប់ពីពេលនោះមក ព្រះសហគមន៍រស់នៅក្នុងចក្រភពមួយ ដែលយកគ្រីស្តសាសនា ធ្វើជាសាសនារបស់ខ្លួន ។ នៅសម័យនោះហើយ ដែលព្រះចៅអធិរាជ កុងស្តង់តាំង បានជំរុញឲ្យគេសាងសង់ព្រះវិហារបាស៊ីលីការដ៏ល្បីផ្សេងៗ នៅក្នុងចក្រភពរ៉ូម៉ាំងទាំងមូល ។ ប៉ុន្តែ នៅគ្រានោះដែរ សម្តេចប៉ាបមិនសូវមានឥទ្ធិពលប៉ុន្មានទេ ហើយព្រះចៅអធិរាជ ឬអស់អ្នកស្នងតំណែងរបស់ព្រះចៅអធិរាជក៏ដោយ ពុំទាន់បានទទួលស្គាល់ជាផ្លូវការនូវបេសកកម្មដ៏ពិសេសរបស់សម្តេចប៉ាប ជាអ្នកបន្តមុខងាររបស់គ្រីស្តទូតសិលា ដើម្បីជួយណែនាំព្រះសហគមន៍សកលទាំងមូលនោះឡើយ ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចប៉ាប ស៊ីលវេស្ទឺ ខិតខំប្រឆាំងនឹងគ្រីស្តបរិស័ទមួយចំនួនដែលវង្វេងជំនឿ ជាពិសេស លោកបានជូនតំណាងពេញសិទ្ធិរបស់លោកពីររូប ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាតទល់នៃមហាសន្និបាតនៅក្រុងនីសេ នាឆ្នាំ ៣២៥ ទ្រង់បានបដិសេធទ្រឹស្ដីរបស់លោកបូជាចារ្យមកពីក្រុងអាឡិចសង់ឌ្រីម្នាក់ឈ្មោះ អារីយូស ដែលមិនចង់ទទួលស្គាល់ថា ព្រះយេស៊ូគ្រីស្ត ជាព្រះជាម្ចាស់ដ៏ពិតប្រាកដមែននោះទេ ។ អាណត្តិដ៏យូរអង្វែងនៃរជ្ជកាល (២១ ឆ្នាំ) ព្រមទាំងព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលកើតឡើងក្នុងរជ្ជកាលរបស់សម្តេចប៉ាប ស៊ីលវេស្ទឺទី១ ពាក់ព័ន្ធនឹងព្រះសហគមន៍ និងសង្គម ចង់បញ្ជាក់ថា ព្រះជាម្ចាស់ពិតជាម្ចាស់នៃប្រវត្តិសាស្ត្រ ព្រះអង្គក៏ណែនាំព្រះសហគមន៍នៅនាលោកនេះយ៉ាងពិតប្រាកដ មិនដែលខានឡើយ ។ ព្រះសហគមន៍មិនដែលដួលរលំដោយសារការបៀតបៀន ព្រះជាម្ចាស់ឲ្យព្រះសហគមន៍ ឈ្នះឧបសគ្គ ដោយសារជំនឿ។ កន្លែងណាឬប្រទេសណាមានក្តីសុខសាន្ត ព្រះសហគមន៍ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សង្គម ត្រូវយក អាសាជួយបងប្អូនដោយមិនរើសពូជសាសន៍។

Facebook
Twitter
LinkedIn