ថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣

បុណ្យរម្លឹក
សន្ដបាស៊ីល និងសន្ដក្រេគ័រ ជាជនដ៏ប្រសើរឧត្ដម
នៅណាស៊ីយ៉ាង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

សន្ត បាស៊ីល និងសន្តគ្រេគ័រកើតនៅស្រុកកាប៉ាដូស (ប្រទេសទួរគីសព្វថ្ងៃ ) ប្រហែល​នៅ​ គ.ស ៣៣៩។ លោកទាំងពីរទៅរៀនជាមួយគ្នានៅមហាវិទ្យាល័យក្រុងអាថែននាប្រទេសក្រិក។ កាល​​លោកទាំងពីរត្រឡប់ទៅស្រុកវិញ លោកនាំគ្នាចូលបួសអស់ជាច្រើនឆ្នាំ ។លោកបាស៊ីលមានសកម្មភាពខាងចាត់ចែង និងណែនាំគ្រីស្តបរិស័ទ ដូច្នេះ លោកបង្កើតអារាមនៅជិតក្រុងសេសារេ ហើយតែងក្បួនតម្រាសម្រាប់បុព្វជិត។ ក្បួនតម្រាលនេះមានឥទ្ធិពល​យ៉ាង​ខ្លាំ​ង​បំផុតទៅលើបព្វជិតទាំងប៉ុន្មាននៅគ្រប់កន្លែង។ សន្តបេណេឌីកតូ​អនុវត្ត​តាមក្បួនតម្រាល​នេះ​ដែរ។ នៅឆ្នាំ ៣៧០ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងសេសារេជាស្រុកកំណើត។ លោកទាមទារសេរីភាពនៃព្រះសហគមន៍ពីរដ្ឋអំណាច។ លោកតែងទេសនាប្រឆាំងនឹងលោកអរីយូស ដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ តែព្រះចៅអធិរាជគាំទ្រលោកអរីយូស។ លោកបាន​សរ​សេរ​សៀវភៅជាច្រើនក្បាលអំពីទេវវិទ្យា ជាពិសេសអំពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំងឪពុក ទាំងម្តាយ ទាំងបងស្រី និងប្អូនប្រុសពីរនាក់ក៏ជាសន្តបុគ្គលដែរ ។
លោកក្រេគ័រ (ឆ្នាំ៣៣៥-៣៩០) ទទួលមុខងារជា​អភិបាល​ព្រះសហគមន៍​ក្រុង​កុង​ស្តង់​ទី​ណូ​ប។ លោកក៏ប្រឆាំងនឹងលោកអារីយូសដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ ដោយ​ខ្មាំង​ធ្វើ​បាប​លោក​ខ្លាំងពេក លោកលាលែងមុខងាររបស់ខ្លួនទៅរស់នៅក្រុងណាស៊ីយ៉ាង។ លោកនិពន្ធ​សៀវ​ភៅ​ជា​ច្រើនអំពីទេវវិទ្យា។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតយ៉ូហាន ១យហ ២,២២-២៨

ម្នាលកូនចៅជាទីស្រឡាញ់! តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូថាជាព្រះគ្រីស្តនោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងព្រះបិតាទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំងព្រះគ្រីស្ត។ អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។ ចំពោះអ្នករាល់គ្នាវិញ ចូរទុកសេចក្តីដែលអ្នករាល់គ្នាធ្លាប់បានឮតាំងពីដើមដំបូងរៀងមកឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្តីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។ រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យានឹងយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។ ខ្ញុំសរសេរមកអ្នករាល់គ្នា ស្តីអំពីពួកអ្នកដែលបានមកបញ្ឆោតអ្នករាល់គ្នាឱ្យវង្វេង។ ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ទ្រង់គង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឱ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្តីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្តីពិត) អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រីស្ត ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ ។
ឥឡូវនេះ កូនចៅទាំងឡាយអើយ! ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីឱ្យយើងមានចិត្តរឹងប៉ឹងនៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអាម៉ាស់នៅចំពោះព្រះភក្ត្រព្រះអង្គឡើយ។

ទំនុកតម្កើងលេខ ៩៨ (៩៧) ,១-៤ បទពាក្យ ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
មានភ្លើងឆេះនៅមុខព្រះម្ចាស់សត្រូវច្រើនណាស់ត្រូវបាត់បង់
អ្នកដែលប្រឆាំងច្បាំងព្រះអង្គគ្មានសល់ម្នាក់ផងក្ស័យសង្ខារ
មានផ្លេកបន្ទោរជះពន្លឺខ្ទ័រខ្ទាររន្ទឺសព្វលោកា
ផែនដីតក់ស្លុកឥតឧបមាញ័រអស់កាយាដោយភិតភ័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១-២

អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសដោយសារអស់លោកព្យាការី។ តែឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,១៩-២៨

ជនជាតិយូដាចាត់ពួកបូជាចារ្យ និងពួកលេវី ពីក្រុងយេរូសាឡឹមឱ្យទៅជួបលោកយ៉ូហានដើម្បីសួរថា៖«តើលោកជានរណា?»។ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖«ខ្ញុំមិនមែនជាព្រះគ្រីស្តទេ»។ ពួកគេសួរលោកថា៖«បើដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីឬ?»។ លោកឆ្លើយថា៖«ទេមិនមែនទេ!»។ គេក៏សួរទៀត​ថា៖“តើលោកជាព្យាការីដែលយើង រង់ចាំនោះឬ?”។ លោកឆ្លើយថា៖«មិនមែនទេ!»។ គេសួរលោកទៀតថា៖«តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោកដែលចាត់យើងខ្ញុំឱ្យមក។ តើលោកថាខ្លួនលោកជានរណា?» លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែកនៅវាលរហោស្ថានថា៖“ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្តីដែលព្យាការីអេសាយបានថ្លែងទុកមក»។ អ្នកដែលគេចាត់ឱ្យមកនោះជាពួកខាងគណៈផារីស៊ី។ គេសួរលោកយ៉ូហានទៀតថា៖«បើលោកមិនមែនជាព្រះគ្រីស្ត មិនមែនជាព្យាការីអេលី ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្តេចបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។ លោកយ៉ូហានឆ្លើយទៅគេថា៖«ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានបុរសម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឱ្យខ្ញុំស្រាយស្បែកជើងជូនលោក ក៏មិនសមផង»។
ហេតុការណ៍នេះកើតមានឡើងនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធិជ្រមុជទឹក។

Facebook
Twitter
LinkedIn