មេកាយឫទ្ធិ​រៀន​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​តាម​សៀវភៅ​ថ្មី​

យុវជនជាមេកាយឫទ្ធិរបស់​ព្រះសហគមន៍​​កាតូលិក​១៥០នាក់​មកពីមណ្ឌលសកម្មភាពនានា​ក្នុង​ភូមិភាគ​ភ្នំពេញ​បាន​ចូល​​រួ​ម​បោះជំរំ​រិះគិត​អំពី​របៀប​ថ្មី​ដើម្បីពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។ កម្មវិធីនេះ ធ្វើនៅរមណីយដ្ឋានឋានសួរធម្មជាតិ ភ្នំវល្លិ៍ ដែលរៀបចំឡើងដោយ​ការិយាល័យ​​យុវជន ជំទង់​និងកុមាររបស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

លោក រ័ត្ន ចន្ថា អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រង​ផ្នែក​កុមារកាយឫទ្ធិ បានឱ្យដឹងថា កម្មវិធីនេះ​គឺ​ចង់​បណ្តុះ​ភាព​ក្លាហាន​បន្ថែម​សម្រាប់​មេកាយឫទ្ធិទាំងអស់ ជាពិសេស​លើការ​​បង្រៀនកូនៗកាយឫទ្ធិ ម្យ៉ាងទៀត​គឺ​ឲ្យ​មេកាយឫទ្ធិ​មានទំនាក់ទំនង​ល្អ​ជាមួយគ្នា ចេះស្រលាញ់គ្នាទៅវិញទៅមក និងចេះរស់នៅជាក្រុមដោយមានការសាមគ្គីគ្នា។

កម្មវិធីសិក្ខាសាលានេះ រៀបចំ​ឡើង​រយៈ​ពេលបីថ្ងៃ គឺពី​ថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ«ខ្ញុំអាចធ្វើបាន» ដែល​ជា​ចំណង​ជើង​សៀវភៅ​ថ្មី​មគ្គទេសក៍​ថ្មី​ សម្រាប់​មេកាយឫទ្ធិ​យក​ទៅ​សិក្សា​​ដើម្បីដឹកនាំ​ក្រុម​របស់​ខ្លួន។

កម្មវិធីនេះដែរ​ក៏​មានការអញ្ជើញចូលរួម​ជា​អធិបតីភាពពីលោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញផងដែរ។​

លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍ថា ទោះបី​ជា​​មេកាយឫទ្ធិទាំងនេះ ខ្លះនៅ​ក្មេង​ក៏ដោយ ប៉ុន្តែការ​ចូលរួម​នេះ នឹង​ជួយ​គេ​ឲ្យ​​ទៅជាអ្នក​ទទួលខុសត្រូវពេញលក្ខណៈ ទៅ​ជា​បងសម្រាប់ប្អូនៗ ដើម្បីឱ្យគេរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន។

ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​ចាប់​ផ្តើម​សកម្មភាព​​​ក្រុម​កាយឫទ្ធិ​នេះ ក្នុង​ឆ្នាំ​ ២០០៣​នៅ​ឯភូមិចំការទៀង ក្នុងខេត្ត​តាកែវ គឺនៅ​ភាគ​អាគ្នេយ៍នៃ​ប្រទេស​ ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​​។

មេកាយឫទ្ធិទាំង​១៥០នាក់នេះ ជាកម្លាំង​សម្រាប់ព្រះសហគមន៍ ទោះបីជា​ពាក់គណ្តាល​​ជាគ្រីស្តបរិស័ទ និងពាក់កណ្ដាលទៀត​មិនមែនជាគ្រីស្តបរិស័ទក៏ដោយ។​ លោកអភិបាល​បន្ថែមថា​  ប៉ុន្តែយុវជន​ទាំង​នេះ សុខចិត្ត​បម្រើកូនតូចៗ ដើម្បីអោយកូនតូចៗរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន ជាពិសេសតាមរយៈទស្សនៈ​កាយឫទ្ធិ។

លោក​បន្ត​ថា «យើងជួយគេអោយគេចេះគោរពព្រះជាម្ចាស់ ចេះគោរពធម្មជាតិដែលជាអំណោយទានពី​ព្រះជាម្ចាស់ ចេះគោរពគ្នាទៅវិញទៅមក ចេះស្រលាញ់គ្នាទៅវិញទៅមកនិងចេះបម្រើ ដោយយក​ចិត្ត​ទុកដាក់នឹងបងប្អូនឯទៀតៗ ដោយយកចិត្តទុកដាក់នៅក្នុងសកម្មភាពសង្គមខ្លះៗដែរ។»

លោកបានបន្ថែមថា សកម្មភាពរបស់​កាយឫទ្ធិ​​នេះ មានឥទ្ធិពលលើកុមារ​នៅ​ក្នុងភូមិភាគ​ភ្នំពេញ​ប្រហែលជា១៥០០នាក់​ជារៀង​រាល់​​អាទិត្យ នៃ​ការ​ជួប​ជុំ​របស់​ពួកគេ។

មេកាយឫទ្ធិដែលចូលរួមកម្មវិធីសិក្ខាសាលាមានរយៈពេល៣ថ្ងៃនេះ គឺមកពីមណ្ឌលសកម្មភាពទាំង៩ក្នុង​ភូមិភាគ​ភ្នំពេញមានដូចជា មណ្ឌលសកម្មភាពកំពត មណ្ឌលសកម្មភាពភ្នំពេញថ្មី ភ្នំពេញខាងត្បូង ភ្នំពេញខាងជើង តាកែវ កំពង់សោម បាសាក់ មេគង្គនិងតាខ្មៅ។

ជាទូទៅកូនៗកាយឫទ្ធិនៅព្រះសហគមន៍តាខ្មៅគឺមានចំនួន​ពី៣០ទៅ​៥០នាក់រៀងរាល់ថ្ងៃអាទិត្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ ចុស សំណាង អាយុ១៨ឆ្នាំ ជាមេកាយឫទ្ធិមកពីមណ្ឌលសកម្មភាពតាខ្មៅ។

សំណាង កំពុង​​ឈ្វេងយល់​​អំពី​ជំនឿ​កាតូលិក បាន​ឲ្យដឹងទៀតថា គាត់ពិតជាមានអំណរ​សប្បាយនឹងការបម្រើកុមារ​នៅក្នុងព្រះសហគមន៍ ហើយគាត់បានត្រៀមជាស្រេចសម្រាប់ក្លាយជា​គ្រីស្តបរិស័ទ​មួយដ៏ល្អ។

លោក​បាន​បញ្ជាក់ «ធ្វើជាមេកាយឫទ្ធិកាតូលិកគឺត្រូវតែគោរពនិងបម្រើ។»

ស្របពេលជាមួយគ្នានេះដែរយុវនារីឈ្មោះមុត ស្រីពៅ អាយុ១៧ឆ្នាំដែលទើបតែបញ្ចប់ថ្នាក់ទី១២មកពី​ព្រះសហគមន៍សន្តមីកាអែល នៃមណ្ឌលសកម្មភាពកំពង់សោម បាន​ឲ្យដឹងថា នាង​នឹង​យកបទពិសោធ​ក្នុង​សិក្ខាសាលា​នេះ បង្រៀនដល់​កូនៗកាយឫទ្ធិអំពីមេរៀនជីវិត ការចេះស្រលាញ់គ្នា និង​ក្រមសីលធម៌​នៃ​របៀប​រស់នៅ។

ក្នុងកម្មវិធីនេះដែរ លោកអភិបាល​ព្រះសហគមន៍​បាន​រៀបចំ​អំណោយ​មួយ​ចំនួន​ចែក​ជូន​ដល់​​មេកាយឫទ្ធិ​ទាំង​អស់ ដើម្បីអបអរ​សាទរ​ព្រះយេស៊ូប្រសូត​ក្នុង​ពេល​ខាង​មុខនេះ។

ការិយាល័យយុវជន ជំទង់ កុមារ និង​គ្រួសារ​ភូមិភាគភ្នំពេញ មានគម្រោងប្រារព្ធ​ខួប​ ២០ឆ្នាំនៃក្រុម​កាយឫទ្ធិ​​សម្រាប់​ភូមិភាគ​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយ ​ដោយ​មានកម្មវីធីបង្រៀនថ្មី បង្កើតសៀវភៅថ្មី ហើយជាពិសេសផ្ដោតសំខាន់ទៅលើ​សកម្មភាព​​ជាមួយ​ព្រះសហគមន៍៕

ដោយ​ចាន់​ម៉ានុត

Facebook
Twitter
LinkedIn