ក្នុងចំណោមជនដ៏មានសុភមង្គលទាំង ១៧ ជាមរណសាក្សីនៅប្រទេសឡាវ មានលោកបូជាចារ្យ១២រូប (ជនជាតិឡាវ១នាក់ ជនជាតិបារាំង១០នាក់ និងជនជាតិអ៊ីតាលី១នាក់) និងគ្រីស្តបរិស័ទគ្រហស្ថ ៥ រូបដែលជាជនជាតិឡាវ ត្រូវគេសម្លាប់ព្រោះតែជំនឿជាគ្រីស្តបរិស័ទ ក្នុងចន្លោះឆ្នាំ ១៩៥៤ និង ១៩៧០។ នៅប្រទេសឡាវនាសម័យនោះ មានកើតសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងលើកទីពីរ ក្នុងអំឡុងពេលដែលគណបក្សនយោបាយ ប៉ាថេតឡាវ-ថេរវាទ-កុម្មុយនីស្ត ជាមេដឹកនាំប្រទេស ហើយគ្រីស្តបរិស័ទរងការបៀតបៀនយ៉ាងខ្លាំងពីអាជ្ញាធរ ។ លោកបូជាចារ្យ យ៉ូសែប ថោរ-ទាអែន (១៩១៨-១៩៥៤) ត្រូវទ័ពព្រៃវាយលុក និងចាប់បាននៅឆ្នាំ ១៩៥៣ ហើយមួយឆ្នាំក្រោយមក លោកត្រូវគេកាត់ទោសប្រហារជីវិត ដោយសារតែលោកបដិសេធ មិនចង់បោះបង់ជីវិតជាបូជាចារ្យចោល ហើយក៏មិនចង់យកប្រពន្ធតាមការបង្ខិតបង្ខំរបស់ប៉ូលីសយាមគុកនោះផងដែរ ។ មរណសាក្សី១៦ រូបទៀត ត្រូវបានគេឃុំ និងធ្វើទារុណកម្ម ព្រមទាំងមានមួយចំនួនដែលបានស្លាប់ ដោយការហត់នឿយ ហើយមានចំនួនមួយទៀតដែលត្រូវគេសម្លាប់យ៉ាងសាហាវ នៅក្នុងមន្ទីរឃុំឃាំងផងដែរ ។ មរណសាក្សីនៅប្រទេសឡាវ មាន ២ រូបបានទទួលឋានៈជាជនដ៏មានសុភមង្គល នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៥ ហើយ ១៥ រូបទៀតនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦។
ជនដ៏មានសុភមង្គលទាំង១៧នាក់ មានដូចតទៅ៖
1. យ៉ូសែប ថោរ-ទាអែន (១៩១៨-១៩៥៤) ជាបូជាចារ្យជនជាតិឡាវ
2. ម៉ារីអូបូសាហ្គា (១៩៣២-១៩៦០) ជាបូជាចារ្យ និងជាសាសនទូតជនជាតិអ៊ីតាលី (បព្វជិតក្រុម OMI)
3. ថោង ពៅ លូក(១៩៤១-១៩៦០) ជាគ្រីស្តបរិស័ទ និងជាគ្រូអប់រំជំនឿជនជាតិឡាវ
4. យ៉ូហានបាទីស្ត ម៉ាឡូ (១៨៨៩-១៩៥៤) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បូជាចារ្យក្រុម MEP)
5. រេណេ ឌូប្រូ(១៩១៤-១៩៥៩) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បូជាចារ្យក្រុម MEP)
6. ណូអែល ថេណាដ (១៩០៤-១៩៥៩) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បូជាចារ្យក្រុម MEP)
7. ម៉ាសែល ដេនីស (១៩១៩-១៩៥៩) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បូជាចារ្យក្រុម MEP)
8. ល្វីស លេរយ (១៩២៣-១៩៦១) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បព្វជិតក្រុម OMI)
9. ម៉ាសែល ហ្គូហ្គូសលេ (១៩៣១-១៩៦១) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បព្វជិតក្រុម OMI
10. វិនសន ល្ហេននូរេត (១៩២១-១៩៦១) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បព្វជិតក្រុម OMI)
11. Joseph Outhay Phongphumi (១៩៣៣-១៩៦១) ជាគ្រីស្តបរិស័ទ និងជាគ្រូអប់រំជំនឿជនជាតិឡាវ
12. Jean Wauthier (១៩២៦-១៩៦៧) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បព្វជិតក្រុម OMI)
13. Lucien Galan (១៩២១-១៩៦៨) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បូជាចារ្យក្រុម MEP)
14. Thomas Khampheuane Inthirath (១៩៥២-១៩៦៨) ជាគ្រីស្តបរិស័ទជនជាតិឡាវ
15. Joseph Boissel (១៩០៩-១៩៦៩) ជាបូជាចារ្យ និងជាសាសនទូតជនជាតិបារាំង (បព្វជិតក្រុម OMI)
16. Luc Sy (១៩៣៨-១៩៧០) ជាគ្រីស្តបរិស័ទ និងជាគ្រូអប់រំជំនឿជនជាតិឡាវ
17. Maisam Pho Inpèng (១៩៣៤-១៩៧០) ជាគ្រីស្តបរិស័ទ និងជាឪពុកគ្រួសារជនជាតិឡាវ