ព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញបានចែកទាននិងអញ្ជើញអ្នកក្រីក្រចំនួន២០០គ្រួសារពិសារអាហារជុំគ្នា។
«ខ្ញុំពិតជារំភើបខ្លាំង មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះខ្ញុំជាគ្រួសារដែលមានជីវភាពលំបាក។ ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់ចំពោះព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ។» នេះសម្តីរបស់អ្នកស្រី សាម សុខា អាយុ៤២ឆ្នាំ ដែលបានរៀបរាប់ទាំងទឹកភ្នែក ក្នុងកម្មវិធីផ្តល់ទានរបស់ព្រះសហគមន៍កាតូលិកជូនដល់គ្រួសារក្រីក្រក្នុងអំឡុងពេលបុណ្យព្រះយេស៊ូប្រសូតក្នុងឆ្នាំនេះ។
អ្នកស្រីសុខា បន្ថែមថា «ថ្ងៃនេះខ្ញុំបានមកចូលរួមហូបអាហារដ៏ឆ្ងាញ់ ដូចអាហារនៅរោងការដែលរូបខ្ញុំរួមទាំងបងប្អូនទាំងអស់មិនមានលទ្ធភាពអាចហូបបាន។»
អ្នកស្រីសុខា ជាអ្នកទទួលអំណោយម្នាក់ក្នុងចំណោម២០០គ្រួសារដែលព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ស្ថិតក្នុងរាជធានីភ្នំពេញបានចែកទានក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត កាលពីថ្ងៃទី១១ខែធ្នូ កន្លងទៅ ដោយមានទាំងអាហារជប់លៀងមួយពេលផងដែរ។
អ្នកស្រី ព្រុំ សុខនី មានអាយុ ៤៥ឆ្នាំជាអ្នកផ្ទុកមេរោគអេដស៍ រស់នៅសង្កាត់បឹងទំពុនក្នុងរាជធានីភ្នំពេញបាននិយាយថា គាត់សូមអរគុណដល់ព្រះសហគមន៍ដែលបានយកចិត្តទុកដាក់ដល់អ្នកខ្វះខាតដូចជារូបគាត់។
«ផ្ដល់ឱកាសអោយអ្នកក្រីក្រដូចខ្ញុំបានហូបអាហារដូចគេរៀបការជាលើកទី២នេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយក៏សូមអរគុណដល់ព្រះសហគមន៍ធំៗដែលតែងតែជួយដល់រូបខ្ញុំនិងគ្រួសារក្រីក្រទាំងអស់ជារៀងរាល់ខែ។» អ្នកស្រីសុខនី បានបន្ថែម។
អ្នកស្រីសុខនី ស្ថិតនៅក្នុងគ្រួសារក្រីក្រចំនួន២៥គ្រួសារ ដែលបានទទួលប្រាក់ឧបត្ថម្ភជារៀងរាល់ខែពីព្រះសហគមន៍ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំរបស់ពួកគាត់។ នេះបើតាមការរៀបរាប់របស់អ្នកស្រីងួន ផល្លាគណៈកម្មការសង្គហៈនៃព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងអំឡុងពេលរៀបចំកម្មវិធី។
អ្នកចូលរួមទទួលអំណោយទាំង២០០គ្រួសារ មកពីស្ទឹងមានជ័យ ចាក់អង្រែក្រោម បឹងត្របែកនិងបឹងទំពុន ដែលភាគច្រើនពួកគាត់ជាអ្នកមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ និងជាអ្នករើសអេតចាយ។
តាមប្រសាសន៍របស់ អ្នកស្រី ងួន ផល្លា ឲ្យដឹងថា កម្មវិធីថ្ងៃនេះ បានចូលរួមពីគ្រីស្តបរិស័ទមួយភាគ ទោះបីជាមិនមែនជាអ្នកមានធនធានច្រើន ប៉ុន្តែពួកគាត់បានចែករំលែកទ្រព្យសម្បត្តិនិងក្តីស្រឡាញ់របស់ខ្លួនសម្រាប់អ្នកក្រីក្រខ្វះខាត។
អ្នកស្រីបានបញ្ជាក់ថា ក្នុងកម្មវិធីក៏មានជំនួយមួយផ្នែកពីខាងពុទ្ធបរិស័ទនូវអង្ករ២បេ និងព្រះសង្ឃខាងពុទ្ធសាសនាមានអង្ករ៥បេ ទឹកក្រូច៥កេះ និងមីចំនួន៥កេះ ផងដែរ។
«យើងក៏បានចូលរួមក្នុងគម្រោងការណ៍របស់ព្រះយេស៊ូគ្រីស្តដែលដាក់ខ្លួនជាអ្នកក្រីក្រ ហើយយើងបាន(អ្នកក្រីក្រ)ចូលរួមក្នុងថ្ងៃនេះទាំងអស់គ្នាចំនួន២០០គ្រួសារ។» អ្នកស្រីផល្លាបន្ថែម។
ក្នុងកម្មវិធីថ្ងៃនោះដែរ បានអញ្ជើញគ្រួសារក្រីក្រដែលមានវត្តមានទាំងអស់ ចូលរួមក្នុងពិធីអភិបូជាផងដែរ ក្រោមអធិបតីភាពរបស់លោកអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
លោកអភិបាលមានប្រសាសន៍ទៅកាន់អ្នកចូលរួមនិងគ្រីស្តបរិស័ទទាំងអស់ថា «ថ្ងៃនេះគឺយើងអរព្រះគុណព្រះជាម្ចាស់ដែលបានហៅយើងអោយមកជួបជុំគ្នាដើម្បីកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់។»
ព្រះរាជ្យព្រះជាម្ចាស់មកដល់នៅពេលដែល«ដួងចិត្តរបស់យើង បេះដូងរបស់យើងពេញ(ដោយ)សេចក្ដីស្រលាញ់។ នៅពេលវាពេញអស់ហើយ វាចាប់ផ្ដើមហៀរចេញពីខ្លួនយើង ដើម្បីអោយព្រះអំណោយទានរបស់ព្រះជាម្ចាស់ទៅជាសេចក្ដីសង្ឃឹមសម្រាប់បងប្អូនយ៉ាងច្រើន។» លោកអភិបាលបញ្ជាក់។
លោកអភិបាលបន្តថា នៅថ្ងៃនេះព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុនបានអញ្ជើញបងប្អូនដែលកំពុងរងទុក្ខលំបាកយ៉ាងច្រើនគ្រួសារដើម្បីជប់លៀងរួមជាមួយគ្នា ដូចជាចូលនៅក្នុងពិធីមង្គលការមួយដ៏អស្ចារ្យមួយ។ ដូចថ្ងៃនេះ ព្រះរាជរបស់ព្រះជាម្ចាស់កំពុងយាងមក និងឲ្យបងប្អូនបានភ្លេចទុក្ខរបស់ពួកគេមួយរយៈ។
លោកបន្ថែមថា នៅពេលដែលយើងខិតខំប្រមូលកម្លាំងដែលយើងមាន យើងអាចកែប្រែទុក្ខលំបាកទៅជាសេចក្ដីសង្ឃឹម ការឈឺចាប់ទៅជាកម្លាំងថ្មីមួយ ដូច្នេះសុំអញ្ជើញបងប្អូនទាំងអស់ក្នុងពេលវេលាដ៏ខ្លីនេះ អោយគិតពិចារណាថា ត្រូវធ្វើដូចម្ដេចដើម្បីអោយទុក្ខលំបាកទៅជាសន្តិភាពពិតៗ ឲ្យជីវិតរកឃើញពន្លឺនៅក្នុងព្រះយេស៊ូគ្រីស្តដែលកំពុងយាងមកក្នុងជីវិតរបស់ខ្លួន។
រំលឹកទៅកាន់គ្រីស្តបរិស័ទ លោកអភិបាលសង្កត់ធ្ងន់ថា នៅពេលចេញពីព្រះវិហារ យើងត្រូវសម្រេចចិត្តធ្វើអំពើល្អមួយនៅក្នុងរដូវរង់ចាំ ហើយត្រូវអនុវត្តដើម្បីយើងអាចបង្កើតផលផ្លែបានយ៉ាងច្រើន។ ថ្ងៃនេះជាផលផ្លែមួយក្នុងព្រះសហគមន៍ ផលផ្លែរបស់គណៈកម្មការ ផលផ្លែនៃគ្រីស្តបរិស័ទដែលបានអញ្ជើញបងប្អូនចូលរួមដើម្បីជប់លៀងជាមួយគ្នាយ៉ាងឱឡារិកបំផុត។
អ្នកស្រី សាង ម៉ារីយ៉ា ជាអ្នកទទួលអំណោយម្នាក់ដែរនោះ បាននិយាយថា «ពួកខ្ញុំគ្មានអ្វីក្រៅពីពាក្យអរគុណណាស់ ចំពោះព្រះសហគមន៍ក៏ដូចជាលោកបូជាចារ្យដែលបានចែករំលែកសេចក្ដីស្រលាញ់មកដល់ពួកខ្ញុំ។»
មិនសូវខុសគ្នាពីអ្នកស្រីសាង ម៉ារីយ៉ាទេ លោក ហង្ស សារឹម មានអាយុ៧៤ឆ្នាំ ប្រាប់ដែរថា លោកគ្មានពាក្យអ្វីក្រៅពី អរគុណនោះទេ ព្រោះអំណោយដែលទទួលបានទោះបីជាមិនច្រើន ប៉ុន្តែអាចអោយគ្រួសាររបស់លោកបរិភោគបានមួយគ្រាផងដែរ៕
ចាន់ ម៉ានុត