កុមារនិងយុវជនជាង១០០នាក់មកពីមណ្ឌលសកម្មភាពចំនួន៨ក្នុងភូមិភាគភ្នំពេញបានរួមគ្នាហាត់របាំនិងហាត់សម្តែងរឿងព្រះយេស៊ូប្រសូតដែលធ្វើនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ដែលរៀបចំឡើងដោយការិយាល័យសិល្បៈរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
«សិល្បៈផ្នែករបាំ គឺខ្ញុំស្រលាញ់ខ្លាំងណាស់ហើយនៅពេលដែលព្រះសហគមន៍បានបង្កើតកម្មវិធីនេះឡើងទោះបីជារវល់យ៉ាងណាក៏ខ្ញុំត្រូវតែមកចូលរួមអោយបានដែរ»។ នេះជាការអះអាងរបស់យុវតី អាង សូលីតា មានអាយុ១៤ឆ្នាំ មកពីព្រះវិហារសន្តីម៉ារីញញឹមចំការទៀង។
សូលីតា បន្តថា ការហាត់របាំគឺជាការលើកតម្កើងវប្បធម៌ខ្មែរ ទោះបីជាមានការលំបាកក្នុងការកាច់ក្បាច់បាតក៏ដោយ ប៉ុន្តែនាងមានការតាំងចិត្តខ្ពស់ចំពោះការហាត់របាំនេះ។
ទន្ទឹមនឹងនេះ យុវតី វ៉ាន់ សុខនី អាយុ១៥ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច បាននិយាយថា នេះជាលើកទី២ហើយដែលនាងបានចូលរួមហាត់របាំជាលក្ខណៈភូមិភាគ។ សុខនីបន្ថែមថា «ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជាបានជួបមិត្តភក្តិថ្មីៗ ជួបលោកគ្រូអ្នកគ្រូដែលមានបទពិសោធខ្ពស់ក្នុងបង្ហាត់បង្រៀន និងយល់កាន់តែច្បាស់ពីមូលដ្ឋានគ្រឹះនៃរបាំ»។
ក្នុងវគ្គនេះ វ៉ាន់នីបានហាត់របាំដែលមានឈ្មោះថា ជំទង់តែងខ្លួន។ នាងបានបន្តថា ចំពោះការហាត់របាំគឺមានការលំបាកបន្តិចបន្តួចប៉ុន្តែជាអំណរសប្បាយដែលនាងបានទទួលពីព្រះជាម្ចាស់។
នាងបានឲ្យដឹងទៀតថា នាងនឹងចែករំលែកបន្តដល់មិត្តភក្តិនៅព្រះសហគមន៍ដែលគេមិនទាន់យល់ពីវប្បធម៌និងសិល្បៈ ហើយសម្រាប់បុណ្យព្រះយេស៊ូប្រសូត្រនៅថ្ងៃខាងមុខ នាងនឹងយករបាំដែលបានហាត់នេះ សម្ដែងថ្វាយទៅព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គដែលទ្រង់បានប្រទានបុត្រមកសង្គ្រោះមនុស្ស។
យុវជនឈ្មោះ ប៊ុន តុឡា មានអាយុ១៧ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបជុំគិរី បានចូលរួមសិក្ខាសាលានេះលើកទី៣ហើយ ដោយនិយាយថា «ខ្ញុំពិតជាសប្បាយចិត្តនិងរំភើបជាខ្លាំងដែលបានដើរតួសម្ដែងជាយ៉ូសែបក្នុងរឿងព្រះយេស៊ូប្រសូត្រទម្រង់ល្ខោនយីកេ»។
តុឡាបន្តថា ការសម្ដែងមានការលំបាក ដោយសារតែមានការច្រៀងផ្ទាល់ដោយគ្មានការចាក់ជាសំឡេងដើម្បីសម្ដែងដូចរាល់ដងនៅតាមព្រះសហគមន៍នោះទេ។
យុវ័នរូបនេះបានបន្តថា រូបគាត់ពិតជាមានអំណរសប្បាយខ្លាំងដែលការិយាល័យបានបង្ហាត់បង្ហាញនូវរបាំដូចជារបាំប្រពៃណី របាំបុរាណ ហើយជាពិសេសគឺការសម្ដែងល្ខោនយីកេនិងបាសាក់ដើម្បីអោយរូបគាត់និងសិក្ខាកាមផ្សេងទៀតស្គាល់ពីវប្បធម៌ខ្មែរ និងបានហាត់រៀនដើម្បីត្រៀមសម្ដែងទទួលព្រះយេស៊ូប្រសូត្រផងដែរ។
ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃ ពីថ្ងៃទី១-៣ខែធ្នូកន្លងទៅនេះ យុវជនបានខិតខំចូលរួមជាមួយគ្នាសម្តែងរឿងព្រះយេស៊ូប្រសូតតាមបែបយីកេ និងល្ខោនបាសាក់ និងមានរបាំចំនួន២គឺ ជំទង់តែងខ្លួន និងនារីកម្ពុជា ដែលមានលោកគ្រូអ្នកគ្រូពីសាលាវិចិត្រសិល្បៈខេត្តតាកែវមកបង្ហាត់បង្ហាញផងដែរ។
លោក អ៊ុំ សាមាន ប្រធានការិយាល័យសិល្បៈនិងតន្ត្រី បាននិយាយថា នេះជាលើកទី៣ដែលការិយាល័យសិល្បៈបានបង្កើតកម្មវិធីសិក្ខាសាលានេះឡើង ហើយក្នុងគោលបំណងមួយដើម្បីអោយយុវជននៃព្រះសហគមន៍របស់យើងទាំងអស់ក្នុងភូមិភាគភ្នំពេញ អាចសម្ដែងរឿងព្រះយេស៊ូប្រសូត្រនាពេលខាងមុខ ទាំងសម្ដែងរឿងនិងរបាំ។
ក្នុងរយៈពេល៣ថ្ងៃនេះ លោកបានសង្កេតឃើញថា សិក្ខាកាមទាំងអស់មានសមត្ថភាពអាចទៅបង្ហាត់បង្ហាញបន្តដល់យុវជននានានៅតាមព្រះសហគមន៍របស់ពួកគេបាន។
នៅថ្ងៃបិទបញ្ចប់កម្មវិធី លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា ការសម្ដែងរឿងព្រះយេស៊ូប្រសូត្រនាពេលខាងមុខនេះ គឺជាឱកាសមួយដើម្បីប្រកាសដំណឹងល្អ។
លោកអភិបាលបន្ថែមថា «នៅពេលយើងចូលនៅក្នុងវប្បធម៌ខ្មែរយើង តាមរបៀបយីកេនិងបាសាក់ ណែនាំអោយប្រជាជនគេមើលយ៉ាងច្រើនមែនទែន ប៉ុន្តែគឺណែនាំអោយចូលក្នុងដួងចិត្តរបស់គេ នៅក្នុងវិញ្ញាណរបស់គេ នៅក្នុងអារម្មណ៍របស់គេនិងយើងដឹងថានេះជារបៀបមួយដែលយើងជាគ្រីស្តបរិស័ទជាយុវជននិងយុវនារីដើម្បីក្លាយទៅជាគ្រីស្តទូតដែលប្រកាសដំណឹងល្អ។»
លោកអភិបាលបន្ថែមថា នៅក្នុងរយៈពេល៣ថ្ងៃនេះគឺលោកសង្ឃឹមថា កម្មវិធីនឹងបានជួយដល់យុវជនសម្រាប់ការភ្ញាក់ស្មារតី ដើម្បីដឹងថានៅគ្រប់រដូវ មានរដូវត្រណម បុណ្យចម្លង ព្រះនាងម៉ារីឡើងស្ថានបរមសុខ ដូចជាបុណ្យណូអែល ជាឱកាសមួយសម្រាប់យើងជាគ្រីស្តបរិស័ទយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកែច្នៃចូលទៅក្នុងសិល្បៈប្រពៃណី ដើម្បីយកព្រះបន្ទូលជាដំណឹងល្អសម្រាប់មនុស្សទាំងអស់៕
ដោយចាន់ម៉ានុត