ថ្ងៃព្រហស្បតិ៍ទី ១៥ ខែធ្នូ ឆ្នាំ ២០២២

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៤,១-១០

ព្រះអម្ចាស់មានព្រះបន្ទូលមកក្រុងយេរូសាឡឹមថា៖«អ្នកប្រៀបដូចជាស្រ្តីអារដែលគ្មានកូន តែឥឡូវនេះ ចូរស្រែកហ៊ោរយ៉ាងសប្បាយឡើង។ អ្នកមិនដែលសម្រាលកូនអើយ! ចូរអបអរសាទរឡើង ដ្បិតភរិយាដែលស្វារមីបោះបង់ចោលនឹងមានកូនច្រើនជាងភរិយាដែលស្វាមីនៅជាមួយទៅទៀត។ ចូរពង្រីកជំរំរបស់អ្នកឱ្យទូលាយឡើយ ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នកឱ្យវែង កុំសំចៃឡើយ! ចូរទាញខ្សែឱ្យវែង បោះចំរឹងឱ្យមាំ ដ្បិតពូជពង្សរបស់អ្នកនឹងហៀរទៅគ្រប់ទិស នឹងយកទឹកដីប្រជាជាតិទាំងឡាយមកគ្រប់គ្រង ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែលគេបានបោះបង់ចោលវិញផង។ កុំខ្លាចអ្វី! អ្នកមិនត្រូវអាម៉ាស់ទៀតឡើយ កុំព្រួយបារម្ភ! ដ្បិតអ្នកលែងបាត់បង់កិត្តិយសទៀតហើយ! អ្នកនឹងភ្លេចការមើលងាយដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀលនៅគ្រាដែលយើងបោះបង់ចោល។ ​ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក! ព្រះអង្គមានព្រះនាមថា “ព្រះអម្ចាស់នៃពិភពលោកទាំងមូល”។ ព្រះ​ដែលលោះអ្នកមកនោះ គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះនាមថា “ព្រះជាម្ចាស់នៃផែនដីទាំងមូល”។
អ្នកប្រៀបដូចជាស្រ្តីដែលប្តីបោះបង់ចោល ហើយកើតទុក្ខក្រៀមក្រំក្នុងចិត្ត តែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នកឱ្យវិលមកវិញហើយ។ ព្រះរបស់អ្នកមានព្រះបន្ទូលថា៖“បុរសពុំអាចបោះបង់ចោលភរិយា ដែលរៀបការកាលពីនៅវ័យក្មេងបានឡើយ! យើងបានបោះបង់អ្នកមួយភ្លែតមែន តែយើងនឹងប្រមែប្រមូលអ្នកមកវិញ ដោយមានចិត្តអាណិតអាសូរពន់ពេកណាស់។ យើងបានខឹងសម្បារនឹងអ្នក ហើយបានគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែយើងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។” នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោះអ្នកមកវិញ។ កាលពីជំនាន់លោកណូអេ យើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា មិនឱ្យទឹកជន់លិចផែនដីម្តងទៀតទេ ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ ទោះបីភ្នំតូច ភ្នំធំ កក្រើករំពើកក្តី ក៏សេចក្តីស្រឡាញ់របស់យើងចំពោះអ្នក មិនប្រែប្រួលដែរ រីឯសម្ពន្ធមេត្រីរបស់យើងដែលផ្តល់ឱ្យអ្នកបានសុខសាន្តនោះ ក៏ស្ថិតស្ថេរនៅមាំមួនរហូតទៅ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលអាណិតមេត្តាអ្នក»។

ទំនុកតម្កើងលេខ ៣០, ២-៦.៩ បទពាក្យ ៧

២.បពិត្រព្រះម្ចាស់ដ៏ឧត្តមទូលបង្គំសូមលើកតម្កើង
ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើងមិនឱ្យពួកខ្មាំងលេងសើចបាន ។
៣.ឱព្រះអម្ចាស់ដែលជាព្រះប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន
ខ្ញុំអង្វរសុំក្តីសុខសាន្តហើយទ្រង់ប្រោសប្រាណឱ្យបានជា ។
៤.បពិត្រព្រះម្ចាស់ដ៏ឧត្តមស្រង់ទូលបង្គំផុតវេទនា
ចេញពីរណ្តៅជនមរណាប្រទានជីវ៉ារស់ជាថ្មី ។
៥.ឱអ្នករាល់គ្នាដែលជារាស្ត្ររបស់ព្រះម្ចាស់ដ៏ប្រពៃ
ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃវិសុទ្ធពេកក្រៃនៃព្រះអង្គ ។
៦.ព្រះអង្គខ្ញាល់តែមួយភ្លែតសោះប្រណីសន្តោសមនុស្សទាំងពួង
ពេលល្ងាចគេយំចិត្តមួរហ្មងព្រលឹមស្រាងឡើងអរសប្បាយ ។
៩.ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនកំណត់
អង្វរព្រះអង្គតែមួយគត់រាល់ពេលទៀងទាត់ទទូចថា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤-៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់! ចូរពង្រាបផ្លូវរបស់ព្រះអង្គ! មនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,២៤-៣០

ពេលសិស្សរបស់លោកយ៉ូហានបាទីស្តត្រឡប់ទៅវិញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖«តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតាអស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការីម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា លោកនោះប្រសើរជាងព្យាការីទៅទៀត ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឱ្យទៅមុន​​ព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឱ្យដឹងថា ក្នុងបណ្តាមនុស្សដែលកើតមកនាលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត»។ ប្រជាជនទាំងមូល និងអ្នកទារពន្ធបានស្តាប់លោកយ៉ូហាន ហើយទទួល​ស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន។ គេក៏ទទួលពិធីជ្រមុជទឹកពីលោក។ រីឯពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យមិនទទួលស្គាល់គម្រោងការដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។

Facebook
Twitter
LinkedIn