បុណ្យរម្លឹក
ពណ៌ស
សន្តយ៉ូហាន នៃព្រះឈើឆ្កាង
ជាបូជាចារ្យ និងគ្រូបាធ្យាយ
លោកយ៉ូហានកើតនៅប្រទេសអេស្ប៉ាញនាឆ្នាំ ១៥៤២។ កាលលោកអាយុ២៥ ឆ្នាំ លោកទទួលអគ្គសញ្ញាជាបូជាចារ្យក្នុងក្រុមគ្រួសារបព្វជិតជាតិការម៉ែល។ លោកជួយណែនាំជូនជីតេរេសា។ អ្នកទាំងពីរខិតខំកែតម្រង់ក្រុមគ្រួសារការម៉ែល ទាំងខាងបុរស និងទាំងខាងស្ត្រី។ តែពួកអ្នកប្រឆាំងនាំគ្នាចាប់លោកឃុំឃាំង ធ្វើបាបលោក។ នៅ មន្ទីឃុំឃាំង លោកនិពន្ធសៀវភៅបរិយាយអំពីជិវិតរួមរស់ជាមួយព្រះយេស៊ូ ក្រោមការណែនាំនៃព្រះវិញ្ញាណ។ លោកតែងពោលថា៖ “កាលយើងផុតជិវិត ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសយើង ដោយឈ្វេងយល់តែសេចក្តីស្រឡាញ់ប៉ុណ្ណោះ”។ ដូច្នេះ ត្រូវតែលះបង់អ្វីៗទាំងអស់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់តែមួយព្រះអង្គគត់។ លោកទទួលមរណភាពនៅឆ្នាំ ១៥៩១។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៥,៦-៨.១៨.២១-២៥
“យើងជាព្រះអម្ចាស់! ក្រៅពីយើង គ្មានព្រះអម្ចាស់ណាទៀតទេ! យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឱ្យមនុស្សមានសេចក្តីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាព្រះ អម្ចាស់ ដែលប្រព្រឹត្តការទាំងនេះ! ចូរឱ្យផ្ទៃមេឃសម្រក់សេចក្តីសុចរិតចុះមក ដូចទឹកសន្សើម ! ចូរឱ្យពពកបង្អុរសេចក្តីសុចរិតចុះមកដូចទឹកភ្លៀង! ចូរឱ្យផែនដីបើកចំហ ដើម្បីការសង្គ្រោះរីកចម្រើន និងឱ្យសេចក្តីសុចរិតពន្លកចេញមកជាមួយគ្នាផង! យើងជាព្រះអម្ចាស់ដែលបានបង្កើតការទាំងនេះ! ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំង បានសូន្យផែនដី ព្រះអង្គបានពង្រឹងផែនដីឱ្យរឹងមាំ។ ព្រះអង្គមិនបង្កើតផែនដីមកដោយឥតរូបរាងទេ គឺព្រះអង្គបានបង្កើតផែនដីឱ្យសត្វលោកអាស្រ័យនៅ។ ព្រះអង្គ មានព្រះបន្ទូលថា៖«គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ណាទៀតទេ ! យើងជាព្រះដ៏សុចរិតដែលសង្គ្រោះអ្នករាល់គ្នា ក្រៅពីយើងគ្មានព្រះសង្គ្រោះដ៏សុចរិតណាទៀតទេ! អស់អ្នកនៅទីដាច់ស្រយាលនៃផែនដីអើយ! ចូរនាំគ្នាបែរមករកយើង យើងនឹងសង្គ្រោះអ្នករាល់គ្នា ដ្បិតយើងជាព្រះជាម្ចាស់! ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ! យើងសុំប្រកាសយ៉ាងឱឡារិក ក្នុងនាមយើងផ្ទាល់ថា មនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើង ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា នឹងគោរពបម្រើយើងដោយចិត្តស្មោះ»។ គេនឹងពោលថា៖«មានតែព្រះអម្ចាស់មួយព្រះអង្គទេ ដែលមានព្រះហឫទ័យសុចរិតដ៏ស្មោះត្រង់ និងមានឫទ្ធានុភាព!»។ រីឯអស់អ្នកដែលបានប្រឆាំងព្រះអង្គនឹងមករកព្រះអង្គទាំងអាម៉ាស់។ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងបានសុចរិត ហើយខ្ពស់មុខ ដោយសារព្រះអម្ចាស់។
ទំនុកតម្កើងលេខ ៨៥,៩-១៤ បទកាកគតិ
៩. | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង | |
ដែលមិនលេលា ។ | |||
១០. | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា | |
នៅលើដីយើង ។ | |||
១១. | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
នៅលើលោកីយ៍ ។ | |||
១២. | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
ចុះជួយរក្សា ។ | |||
១៣. | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា | |
សម្បូរមិនខ្វះ ។ | |||
១៤. | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
សុខសាន្តរហូត ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៤០,៩-១០
អលេលូយ៉ា! អាលេលូយ៉ា!
អ្នកប្រកាសដំណឹងល្អអើយ! ចូរបន្លឺសម្លេងឡើង! ព្រះជាអម្ចាស់របស់យើង យាងមកប្រកបដោយឫទ្ធានុភាព!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១៨-២៣
លោកយ៉ូហានបាទីស្តហៅសិស្សរបស់គាត់ពីរនាក់ ហើយចាត់គេឱ្យទៅទូលសួរព្រះអម្ចាស់ថា៖«តើលោកជាព្រះគ្រីស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ អ្នកទាំងពីរទៅដល់ទូលព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្តចាត់ឱ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រីស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំ ម្នាក់ផ្សេងទៀត?»។ នៅគ្រានោះព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ និងមនុស្សពិការច្រើននាក់ឱ្យបានជា ព្រះអង្គបណ្តេញខ្មោចពីមនុស្សខ្មោចចូល ព្រមទាំងប្រោសមនុស្សខ្វាក់ច្រើននាក់ឱ្យមើលឃើញផង។ ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖«ចូរអ្នកទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ អ្នកណាមិនរវាតចិត្ត ឃ្លាតចេញពីជំនឿព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។