សន្តីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី
នាងលូស៊ី (ឈ្មោះនេះមានន័យថា “ពន្លឺ”) ជាស្ត្រីអ៊ីតាលីម្នាក់។ រដ្ឋអំណាចធ្វើទារុណកម្មនាងនៅក្រុងស៊ីរ៉ាកូស (កោះស៊ីស៊ីល) ប្រហែលនៅឆ្នាំ ៣០៤។ តាំងពីសតវត្សទី ៦ ព្រះសហគមន៍ក្រុងរ៉ូមតែងតែគោរពនាង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសេផានី សផ ៣,១-២.៩-១៣
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យេរូសាឡឹមត្រូវវេទនាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។ ពួកគេមិនស្តាប់ព្រះ សូរសៀងរបស់ព្រះអម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ ពួកគេមិនចូលចិត្តមកជិតព្រះរបស់ខ្លួនទេ។
ពេលនោះ យើងនឹងជម្រះបបូរមាត់ជាតិសាសន៍នានាឱ្យបានបរិសុទ្ធ ដើម្បីឱ្យពួកគេទាំងអស់គ្នាអង្វររកនាមយើងជាព្រះអម្ចាស់ ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។ អ្នកថ្វាយបង្គំយើងដែលខ្ចាត់ខ្ចាយទៅនៅខាងនាយទន្លេស្រុកអេត្យូពីនឹងនាំគ្នាយកតង្វាយមកឱ្យយើង។ នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានប្រព្រឹត្ត គឺអំពើបាបប្រឆាំងនឹងយើង ដ្បិតយើងដកមនុស្សព្រហើនអួតអាងចេញពីចំណោមអ្នក ហើយអ្នកក៏លែងវាយឬកខ្ពស់នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។ យើងនឹងទុកតែប្រជាជនមួយចំនួនដែលទុគ៌ត ហើយទន់ទាបឱ្យនៅសេសសល់ក្នុងអ្នកដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្តគ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
ទំនុកតម្កើងលេខ ៣៤,២-៣.៦-៧.១៦.១៨-១៩.២៣ បទកាកគតិ
២. | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
ឈប់ឈរសោះឡើយ។ | |||
៣. | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | |
អំណរខ្លាំងក្លា ។ | |||
៦. | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ |
ផុតអស់ទុក្ខសោក | វិយោគរងគ្រោះ | ពួកគេទាំងនោះ | |
មិនខកចិត្តឡើយ ។ | |||
៧. | អស់អ្នកកម្សត់ | និងមនុស្សទុគ៌ត | គេស្រែកដង្ហោយ |
ហៅរកព្រះម្ចាស់ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ | |
ផុតពីគ្រោះកាច ។ | |||
១៦. | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត | |
រាល់ទិនទិវា ។ | |||
១៨. | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ |
ព្រះអង្គសណ្តាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ | |
ផុតគ្រោះទាំងឡាយ ។ | |||
១៩. | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ |
ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ | |
ផុតទុក្ខរីងរៃ ។ | |||
២៣. | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន |
បម្រើព្រះអង្គ | ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន | |
សុខផុតទុក្ខទោស ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមយាងមក! សូមកុំបង្អង់ឡើយ! សូមយាងមករំដោះប្រជាជនព្រះអង្គឱ្យបានរួចពីបាបផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,២៨-៣២
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យថា៖«អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា“កូនអើយ! ថ្ងៃនេះចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ បន្ទាប់មកឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថា “បាទកូនទៅ! “ប៉ុន្តែ បែរជាមិនទៅវិញ។ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖«កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់មុនអ្នករាល់គ្នា ដ្បិតលោកយ៉ូហានមកណែនាំអ្នករាល់គ្នា ឱ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្តគំនិត ហើយជឿលោកដែរ»។