ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ២៤,២-៧.១៥.១៧

ព្រះបាទបាឡាកចាត់ហោរាបាឡាម ឱ្យទៅប្រទេចផ្តាសាប្រជាជនអ៊ីស្រាអែល។ កាលលោកទៅដល់កន្លែងជនជាតិអ៊ីស្រាអែលបោះជំរំ លោកសម្លឹងមើលទៅឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ក៏យាងមកសណ្ឋិតលើលោកបាឡាម លោកថ្លែងសេចក្តីដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់អ្នកពូកែឈ្វេងយល់ ជាពាក្យរបស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលឃើញនិមិត្តហេតុពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ កូនចៅយ៉ាកុបអើយ! ពន្លារបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រាអែលអើយ! ទីលំនៅរបស់អ្នកក៏ស្អាតដែរ! គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧស្យានដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រឹស្នាដែលព្រះអម្ចាស់បានដាំ ដូចដើមតាត្រៅដែលដុះនៅតាមមាត់ទឹក។ មានវីរបុរសម្នាក់កើតចេញពីពូជពង្សរបស់លោកយ៉ាកុប ហើយគ្រងរាជ្យលើប្រជាជនជាច្រើន នគររបស់លោករីកចម្រើនគ្រប់ទីកន្លែង ព្រះរាជ្យរបស់ព្រះអង្គប្រសើរបំផុត»។ លោកបាឡាមថ្លែងទៀតថា៖«នេះជាពាក្យរបស់បាឡាមកូនរបស់បេអ៊រ ជាពាក្យរបស់អ្នកពូកែឈ្វេងយល់។ ខ្ញុំឃើញវីរបុរសនោះ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្តេចនោះតែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីពូជពង្សរបស់លោកយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល»។

ទំនុកតម្កើងលេខ ២៥,៤-១០.១៤ បទពាក្យ ៧

៤.ឱព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ ។
៥.សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។
៦.ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច ។
៧.សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទៅច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។
៨.ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង ។
៩.ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ ។
១០.មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។
១៤.ព្រះតែងសម្តែងភក្តីភាពអ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរសឱ្យគេទាំងអស់ស្គាល់មេត្រី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ៨៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង!។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,២៣-២៧

ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ នៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជននាំគ្នាចូលមកសួរព្រះអង្គថា៖«តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឱ្យលោក?» ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ តើនរណា​ចាត់លោកយ៉ូហានឱ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិ​គ្រោះ​​គ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឱ្យមក” គាត់មុខ​ជា​សួរ​យើងថា“ហេតុ​​​អ្វី​បានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?” បើយើងឆ្លើយថា “មនុស្ស​ចាត់លោក​យ៉ូហានឱ្យមក” នោះយើងខ្លាចប្រជាជនរករឿង ត្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី»។ ដូច្នេះគេទូលឆ្លើយព្រះយេស៊ូថា៖«យើង​មិន​ដឹង​ទេ!»។ ព្រះអង្គ​មាន​ព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថាខ្ញុំ​ធ្វើការទាំងនេះដោយ​អាង​​​លើអំណាចអ្វីដែរ»។

Facebook
Twitter
LinkedIn