ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២

កាលពីដើម ជនជាតិយូដាតែងតែទន្ទឹមរង់ចាំ “ព្រះមែស្ស៊ី” គឺ“ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលនឹងយាងមកសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពួកគេសង្ឃឹមថា ព្រះគ្រីស្តយាងមកតែងតាំង “ព្រះរាជ្យរបស់ព្រះជាម្ចាស់” ឬធ្វើឱ្យ “ព្រះជាម្ចាស់គ្រងរាជ្យលើមនុស្សលោក” នាំសុភមង្គលដ៏ពេញលេញមកមនុស្សលោក។
គ្រីស្តបរិស័ទជាអ្នកប្រកាសថា លោកគ្រូយេស៊ូដែលត្រូវគេឆ្កាងសម្លាប់ចោល ហើយដែលទទួលព្រះជន្មថ្មី ពិតជាព្រះគ្រីស្តនោះមែន គឺពិតជាអ្នកផ្តល់សុភមង្គលដល់ខ្លួនគេ និងដល់មនុស្សលោកផង។
ចុះហេតុអ្វីបានជាក្នុងពិភពលោកយើងនេះ នៅតែមានទុក្ខ នៅតែមានមនុស្សជរា ពិការ នៅតែមានសង្គ្រាមដូច្នេះ?
ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយយើង ទ្រង់ប្រទានឱ្យទុក្ខវេទនាគ្រប់យ៉ាងរបស់មនុស្សលោកទទួលអត្ថន័យថ្មី។ នេះជាសេចក្តីសង្ឃឹម និងអំណរសប្បាយរបស់យើង។

អត្ថបទទី១​ សូមថ្លែងព្រះគម្ពីរព្យការីអេសាយ អស ៣៥,១-៦,១០

សូមឱ្យវាលរហោស្ថាន និងកន្លែងហួតហែងរីករាយឡើង! សូមឱ្យវាលខ្សាច់ត្រេកអរសប្បាយ! សូមឱ្យផ្ការីកស្គុះស្គាយឡើង! សូមឱ្យមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសម្លេងច្រៀងដោយជ័យ ដ្បិតព្រះអម្ចាស់ប្រទានឱ្យមានដើមឈើធំៗដុះឡើង ដូចព្រៃភ្នំលីបង់ ហើយមានព្រៃព្រឹក្សាដុះពាសពេញ ដូចនៅភ្នំការមែល និងមានចម្ការដំណាំដូចនៅវាលសារ៉ូនដែរ។ ពេលនោះប្រជាជននឹង ឃើញសិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ជាព្រះនៃយើង។ ចូរជួយអ្នកដែលទន់ដៃទន់ជើងឱ្យមានកម្លាំងរឹងប៉ឹងឡើង! ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា៖ “ចូរមានចិត្តក្លាហានឡើងកុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលពួកគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់យាងមកសង្គ្រោះអ្នករាល់គ្នា!”។
នៅពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ។ ពួកឈ្លើយសឹកដែលព្រះអង្គបានលោះនឹងដើរត្រឡប់មកស្រុកវិញ។ ពួកគេមកដល់ក្រុងស៊ីយ៉ូន គេនឹងស្រែកហ៊ោយ៉ាងសប្បាយ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណររកអ្វីប្រៀបស្មើពុំបាន។ ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសូរសម្រែយំថ្ងូរ លែងមានទៀតហើយ។

ទំនុកតម្កើងលេខ ១៤៦(១៤៥), ៧-១០ បទពាក្យ ៧

ព្រះអង្គរកយុត្តិធម៌ដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេចហើយទ្រង់សម្រេចលែងអ្នកទោស
ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា
ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យគម្រោងការជនខូចពាលាវិនាសបង់
១០ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចយូរលង់
ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ

អត្ថបទទី​២ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ៥,៧-១០

បងប្អូនជាទីស្រឡាញ់!
ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ សូមមើលអ្នកភ្ជួររាស់! គាត់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្តល់ឱ្យ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវនិងចុងរដូវ។ បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឱ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមបងប្អូនកុំរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឱ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ ចូរបងប្អូនយកតម្រាប់តាមពួកព្យាការីដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៧៦

អាលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកដើរខាងមុខដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់ និងធ្វើជាសាក្សីថ្វាយព្រះពន្លឺ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ១១,២-១១

ពេលនោះលោកយ៉ូហានជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្តធ្វើ។ លោកចាត់សិស្សឱ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះគ្រីស្តដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងនោះថា៖ «ចូរទៅជម្រាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាឮ និងឃើញនេះទៅ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ អ្នកណាមិនរវាតចិត្តចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ ពេលពួកសិស្សរបស់លោកយ៉ូហានចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿងគេរស់នៅក្នុងដំណាក់ស្តេចឯណោះ!។ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការីម្នាក់ឬ?។ ត្រូវហើយ ! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឱ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ”។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្តាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្តឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ អ្នកនោះប្រសើរលើសលោកយ៉ូហាន​ទៅទៀត»។

Facebook
Twitter
LinkedIn