អត្ថបទទី១ សូមថ្លែងព្រះគម្ពីរបេនស៊ីរ៉ាក់ បសរ ៤៨,១-៤.៩-១១
ព្យាការីអេលីងើបឡើងដូចភ្លើង ពាក្យសម្តីរបស់លោកភ្លឺដូចចន្លុះក្នុងពេលយប់។ លោកធ្វើឱ្យទុរ្ភិក្សកើតមាននៅស្រុកអ៊ីស្រាអែល។ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង លោកធ្វើឱ្យប្រជាជននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ។ តាមបញ្ជារបស់ព្រះអម្ចាស់ លោកធ្វើឱ្យមេឃរាំង ហើយធ្វើឱ្យភ្លើងធ្លាក់ពីលើមេឃមកចំនួនបីដងដែរ។ ព្យាការីអេលីអើយ ! លោកប្រកបដោយសិរីរុងរឿងដោយសារតែលោកសម្តែងបាដិហារិយ៍ តើនរណាអាចប្រៀបស្មើនឹងលោកបាន? ព្រះអម្ចាស់លើកលោកឡើងដោយភ្លើងកួច នៅលើរទេះទឹមដោយសេះភ្លើងផង។ ក្នុងគម្ពីរមានចែងថា ពេលអនាគតលោកទទួលភារកិច្ចបន្ធូរព្រះពិរោធរបស់ព្រះជាម្ចាស់ មុនពេលព្រះអង្គដាក់ទណ្ឌកម្ម គឺលោកនឹងបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងស្រោចស្រង់កុលសម្ព័ន្ធរបស់លោកយ៉ាកុបឱ្យបានដូចដើមឡើងវិញផង។ មានសុភមង្គលហើយ! អ្នកដែលបានឃើញលោក និងអ្នកដែលស្លាប់ទៅទាំងស្រឡាញ់ព្រះអម្ចាស់ ដ្បិតយើងពិតជាមានជីវិតមិនខាន។
ទំនុកតម្កើងលេខ ៨០,២-៤.១៥-១៦.១៨-១៩ បទព្រហ្មគីតិ
| ២. | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ |
| ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ ។ | |
| ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | |
| គេរស់ដោយសុខដុម | សូមសម្តែងព្រះបារមី ។ | |
| ៣. | ឱ្យពួកកុលសម្ពន្ធ | អេប្រាអ៊ីមឃើញស្នាដៃ |
| និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ ។ | |
| ៤. | ឱ!ព្រះជាម្ចាស់អើយ | កុំកន្តើយសូមសន្តោស |
| ទតមើលដោយសប្បុរស | នោះយើងខ្ញុំរួចជីវិត ។ | |
| សូមទ្រង់បែរព្រះភក្ត្រ | ញញឹមដាក់យើងខ្ញុំពិត | |
| សង្គ្រោះឱ្យនៅជិត | កុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ ។ | |
| ១៥. | ឱ! ព្រះជាម្ចាស់អើយ | កុំកន្តើយសូមទ្រង់ទត |
| ពីស្ថានសួគ៌ាមក | ជួយយើងខ្ញុំកុំខានឡើយ ។ | |
| ១៦. | សូមទ្រង់ជួយរក្សា | ថែចម្ការដែលមានហើយ |
| ការពារកុំបណ្តោយ | ក្រែងថ្លោះធ្លោយខ្មាំងញាំញី ។ | |
| ១៨. | សូមទ្រង់ដាក់ព្រះហស្ត | លើស្តេចនោះគង់ខាងស្តាំ |
| បុត្រមនុស្សដ៏ឧត្តម | ដែលព្រះអង្គពង្រឹងឡើង ។ | |
| ១៩. | យើងខ្ញុំមិនបែកបែរ | ចិត្តងាករេពីព្រះអង្គ |
| សូមប្រោសប្រទានផង | ឱ្យយើងខ្ញុំមានជីវិត ។ | |
| ពេលខ្ញុំរស់ឡើងវិញ | ចិត្តពោរពេញនៅនែបនិត្យ | |
| គោរពបម្រើពិត | ឥតមានក្បត់ឆ្ងាយពីទ្រង់ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤.៦
អាលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរពង្រាបផ្លូវរបស់ព្រះអង្គ! មនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,១០-១៣
ក្រុមសាវ័កទូលសួរព្រះយេស៊ូថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីនឹងមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ។ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ ពេលនោះក្រុមសាវ័កយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ត។





