អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៨,១៧,១៩
ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលបានលោះអ្នកមក ទ្រង់មានព្រះបន្ទូលថា៖«យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងប្រៀនប្រដៅអ្នក អំពីអ្វីដែលមានប្រយោជន៍ដល់អ្នក។ យើងណែនាំអ្នកឱ្យដើរក្នុងមាគ៌ាដែលអ្នកកំពុងដើរ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាមសេចក្តីដែលយើងបង្គាប់ នោះសេចក្តីសុខសាន្តមុខជាហូរមកលើអ្នកដូចទឹកទន្លេ។ សេចក្តីសុចរិតក៏មុខជាបក់បោរលើអ្នកដូចរលកសមុទ្រ។ ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើងដូចចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរនៅមុខយើងរហូតឥតបាត់សូន្យឡើយ»។
ទំនុកតម្កើងលេខ ១,១-៤.៦ បទកាកគតិ
| ១. | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន |
| ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
| មង្គលពេកក្រៃ ។ | |||
| ២. | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
| របស់ព្រះម្ចាស់ | ទាំងថ្ងៃទាំងយប់ | សញ្ជឹងរំពៃ | |
| ឥតមានភ្លេចភ្លឹក ។ | |||
| ៣. | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
| មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
| តាមកាលរដូវ ។ | |||
| ៤. | រីមនុស្សអាក្រក់ | មានចិត្តគំរក់ | កេរ្តិ៍ឈ្មោះអាស្រូវ |
| ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់បុើងទៅ | |
| បាចសាចខ្ចាត់ខ្ចាយ ។ | |||
| ៦. | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
| នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
| នាំខ្លួនអន្តរាយ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៤៥,៨
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងមក! ចូរចេញទៅទទួលព្រះអង្គ! ព្រះអង្គពិតជាអម្ចាស់នៃសន្តិភាពមែន!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,១៦-១៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖«តើខ្ញុំប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្តីបន្ទោសគ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែឯងរាល់គ្នាពុំព្រមរាំ យើងបានស្មូតបទទំនួញ តែឯងរាល់គ្នាក៏ពុំព្រមគក់ទ្រូងយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានមក លោកតមអាហារ តមសុរា តែគេថាលោកមានខ្មោចចូល។ រីឯបុត្រមនុស្សក៏មកដែរ លោកបរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។ ប៉ុន្តែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។





