អភិបូជាបិទសិក្ខាសាលាគ្រូអប់រំជំនឿតំបន់កំពត-កែប កំពង់សោម និងតាកែវ
ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង
តាកែវ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២
អត្ថបទទី១៖ អម៉ូស ៨,៤-៧ សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។ អម ៨,៦ អត្ថបទទី២៖ ធីម៉ូថេ ទី១ ២,១-៨ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក។ ១ធម ២,៥ ដំណឹងល្អ៖ លូកា ១៦,១-១៣ អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ លក ១៦,១០ |
បងប្អូនជាទីស្រឡាញ់
បងប្អូនដែលជាគ្រូអប់រំជំនឿនៅក្នុងមណ្ឌលសកម្មភាពកំពត-កែប តាកែវ និងកំពង់សោម ថ្ងៃនេះយើងបានចាប់ផ្ដើមដោយធ្វើពិធីស្វាគមន៍។ ខ្ញុំចង់ឲ្យពិធីស្វាគមន៍នេះ ទៅជាពិធីផ្លូវការសម្រាប់ព្រះសហគមន៍យើង ដោយសារនៅក្នុងព្រះសហគមន៍ដែលយើងកំពុងប្រកាសដំណឹងល្អ យើងមានបងប្អូនមួយចំនួនដែលចាប់ផ្ដើមដើរតាមព្រះយេស៊ូ។ ប៉ុន្តែ ដោយដឹងថាជំហានទី១ដែលយើងធ្លាប់ធ្វើ មានន័យថាយើងដូចជាប្រកាសយ៉ាងឱឡារិកមែនទែន ដែលយើងចាប់ផ្ដើមយកព្រះសហគមន៍ យកព្រះបន្ទូល និងយកព្រះយេស៊ូជាទីពឹង។ ពេលយើងចាប់ផ្ដើមធ្វើដំណើរនៅក្នុងសាសនាថ្មី គឺនៅក្នុងព្រះសហគមន៍កាតូលិក ដែលយើងចេញពីវប្បធម៌និងអរិយ្យធម៌ពុទ្ធសាសនា។ នៅក្នុង១ឆ្នាំ២ឆ្នាំ យើងអត់ទាន់ច្បាស់ប៉ុន្មានទេ តែច្រើនដងយើងចេះតែធ្វើពិធីជំហានទី១ ដោយនិយាយតាមគ្នា និងក្រោយមកយើងចោល។
ដូច្នេះ ថ្ងៃនេះពិធីដែលយើងធ្វើ គឺខ្ញុំចង់ផ្ទេរដល់លោកគ្រូ វង់ ដែលទទួលខុសត្រូវការិយាល័អប់រំជំនឿក្នុងភូមិភាគភ្នំពេញ ដើម្បីប្រកាសយ៉ាងច្បាស់។ នៅកន្លែងដែលយើងមានព្រះសហគមន៍ថ្មីៗ ឲ្យយើងធ្វើពិធីនេះដើម្បីស្វាគមន៍ប្អូនៗ។ មុនពេលធ្វើពិធីជ្រមុជទឹកនៅមុខព្រះវិហារយើងស្វាគមន៍កូនង៉ែតថ្មី នេះជារបៀបនេះដែរ។ មិនថាជាជំហានសូន្យ តែនេះជាជំហានដំបូងដើម្បីដឹងថា ព្រះសហគមន៍ទទួលស្គាល់ប្អូនៗដែលកំពុងស្វែងយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើដំណើរ ទាំងថែរក្សា ទាំងជិតស្និទ្ធ ដើម្បីចូលបន្តិចម្ដងៗនៅក្នុងព្រះសហគមន៍ដែលជាពិភពថ្មី និងទី២នៅក្នុងទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់។ ខ្ញុំនិយាយពិភពថ្មី ដោយសារខ្ញុំមានបទពិសោធន៍ផ្ទាល់ខ្លួន ពេលខ្ញុំបានស្ដាប់អំពីទស្សនៈឬអំពីការពន្យល់របស់ពុទ្ធសាសនា ខ្ញុំពិបាកយល់ដែរ ដោយសារជាពិភពថ្មីសម្រាប់ខ្ញុំ។
ពេលខ្ញុំមកដល់ប្រទេសកម្ពុជា មួយខែម្ដងខ្ញុំទៅសៀមរាប នៅពេលនោះខ្ញុំមានម្នាក់ដែលណែនាំខ្ញុំជាភាសាខ្មែរ ដើម្បីស្គាល់ទាំងអង្គរវត្ត ទាំងបន្ទាយស្រី ដោយមើលទាំងព្រហ្មញ្ញសាសនា ទាំងពុទ្ធសាសនា ទាំងរាមកេរ្តិ៍ ទាំងប្រវត្តិសាស្រ្តដែលគេឆ្លាក់នៅលើជញ្ជាំង។ ខ្ញុំពិបាកចាំនិងពិបាកយល់ ដោយសារជាពិភពថ្មីរបស់ខ្ញុំ។ សម្រាប់ប្អូនៗដែលថ្ងៃនេះ បានទទួលគម្ពីរដំណឹងល្អតាមសម្ពន្ធមេត្រីចាស់និងសម្ពន្ធមេត្រីថ្មី ក៏ជាពិភពថ្មីដែរ។ ដូច្នេះ យើងត្រូវការពេលដើម្បីចូលនៅក្នុងពិភពថ្មីនេះ និងត្រូវការពេលដើម្បីបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ផ្ទាល់។ ខ្ញុំជឿថា ពិធីនេះជាពិធីដែលខ្ញុំប្រគល់ការិយាល័យអប់រំជំនឿភូមិភាគភ្នំពេញ ដើម្បីទៅជាផ្លូវការនៅក្នុងព្រះសហគមន៍របស់យើងយ៉ាងច្បាស់លាស់។ ថ្ងៃនេះ យើងសប្បាយចិត្តដោយទទួល២៤នាក់ នៅក្នុងព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង។
គម្ពីរដែលយើងស្ដាប់ថ្ងៃនេះ ជាពិសេសសម្រាប់គ្រូអប់រំជំនឿ នៅក្នុងអត្ថបទទី២លោកប៉ូលមានប្រសាសន៍ថា “ព្រះអង្គបានតែងតាំងខ្ញុំ ឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាគ្រីស្តទូតនិងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត”។ បងប្អូនជាទីស្រឡាញ់ ដែលបានឯកភាពធ្វើជាគ្រូអប់រំជំនឿ យើងដឹងថាយើងមិនបានតែងតាំងខ្លួនឯងទេ ដូចលោកប៉ូលបាននិយាយ “ព្រះអង្គបានតែងតាំងខ្ញុំ”។ តាមពិតសម្រាប់យើង ជាបេសកកម្មមួយដែលយើងទទួលពីព្រះសហគមន៍ តាមរយៈលោកបូជាចារ្យ តាមរយៈក្រុមព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍យូរឆ្នាំហើយនៅក្នុងព្រះសហគមន៍យើងផ្ទាល់ ដើម្បីដឹងថា ពិតមែននៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធព្រះជាម្ចាស់បានតែងតាំងខ្ញុំ ដើម្បីធ្វើជាគ្រូអប់រំជំនឿ។ ដូច្នេះ យើងត្រូវតែយល់ហ្នឹង និងអធិដ្ឋាន ដើម្បីឲ្យនៅក្នុងព្រះសហគមន៍របស់យើង យើងមានបងប្អូនមួយចំនួនដែលទទួលការត្រាស់ហៅយ៉ាងពិសេស ដើម្បីធ្វើជាគ្រូអប់រំជំនឿ។
ថ្ងៃនេះ យើងមានគ្រូអប់រំជំនឿដែលមានពាក្យសច្ចា ដើម្បីបង្ហាញថាសុខចិត្តបម្រើព្រះសហគមន៍ធ្វើជាគ្រូអប់រំជំនឿ។ ប៉ុន្តែ ដោយដឹងថាយើងបានទទួលការតែងតាំងពីព្រះជាម្ចាស់ផ្ទាល់ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈព្រះសហគមន៍ និងតាមរយៈគ្រីស្តបរិស័ទដែរ។ ដើម្បីធ្វើជាគ្រីស្តទូត មានន័យថាទូតរបស់ព្រះគ្រីស្ត យើងមិនមែនតែជាអ្នកអប់រំ ប៉ុន្តែយើងមិនមែនគ្រូធម្មតាទេ យើងជាគ្រូអប់រំជំនឿ។ យើងជាគ្រីស្តទូត មានន័យថាជាទូតរបស់ព្រះគ្រីស្ត ដើម្បីណែនាំឲ្យបងប្អូនរបស់យើង ដែលមិនទាន់ស្គាល់ព្រះយេស៊ូអាចចាប់ផ្ដើមជាមួយព្រះយេស៊ូបាន។ ដូច្នេះ ជីវិតរបស់យើងជាគ្រូអប់រំជំនឿ មិនមែនយើងផ្ដល់មេរៀនមួយដល់ប្អូនៗទេ ប៉ុន្តែយើងជាទូតរបស់ព្រះគ្រីស្ត មានន័យថាយើងជាសាក្សីអំពីបទពិសោធន៍ ដែលយើងមានផ្ទាល់ជាមួយព្រះយេស៊ូ។
ដោយសារ យើងធ្វើដូចម្ដេចដើម្បីអប់រំជំនឿ ប្រសិនបើផ្ទាល់ខ្លួនអត់មានជំនឿ ដូច្នេះយើងធ្វើសាក្សីផ្ទាល់ខ្លួនអំពីជំនឿរបស់យើង ដើម្បីឲ្យបងប្អូនដែលធ្វើដំណើរជាមួយយើង អាចស្គាល់ព្រះយេស៊ូបន្តិចម្ដងៗ។ ដល់សាសន៍ដទៃអំពីជំនឿ អំពីសេចក្ដីពិត ដូច្នេះតួនាទីដែលយើងទទួលជាគ្រូអប់រំជំនឿ ជាតួនាទីមួយធំណាស់។ ដោយនាមព្រះសហគមន៍ យើងអប់រំជំនឿដែលយើងបានទទួលពីក្រុមគ្រីស្តទូត ដែលព្រះសហគមន៍បានថែរក្សាអស់ពេល២១សតវត្ស ដើម្បីឲ្យយើងភ្ជាប់ជាមួយព្រះជាម្ចាស់ នៅក្នុងព្រះសហគមន៍ និងយើងបង្រៀនអំពីសេចក្ដីពិត។ ការបង្រៀនអំពីសេចក្ដីមិនធម្មតាទេ មានន័យថាយើងផ្ទាល់ខ្លួនយើងត្រូវការដឹងសេចក្ដីពិតជាអី យើងផ្ទាល់ខ្លួនយើងត្រូវការមានបទពិសោធន៍នៅក្នុងជំនឿរបស់យើង។ ជាមូលហេតុ លោកប៉ូលអាចនិយាយថា “ខ្ញុំបានទទួលតែងតាំងពីព្រះជាម្ចាស់” មិនមែនខ្ញុំសម្រេចចិត្តធ្វើគ្រូអប់រំជំនឿដូចខ្ញុំធ្វើជាគ្រូបង្រៀនអំពីមុខវិជ្ជាទូទៅ យើងចូលនៅក្នុងការអប់រំនៃផ្លូវជីវិតរបស់យើង។
ថ្ងៃនេះ យើងត្រូវតែអធិដ្ឋានដើម្បីឲ្យគ្រូអប់រំជំនឿរបស់យើង ចូលនៅក្នុងជីវិតថ្មីរួមជាមួយព្រះយេស៊ូ ដោយមានចំណេះដឹងផង ដោយមានបទពិសោធន៍នៅក្នុងជីវិតជាគ្រីស្តបរិស័ទផង។ មានន័យថាយើងចូលអភិបូជា យើងអធិដ្ឋាន យើងយកចិត្តទុកដាក់ស្រឡាញ់បងប្អូនឯទៀតៗ នៅក្នុងធម៌មេត្តាករុណា និងយើងសុខចិត្តផ្ដល់សក្ខីភាពនេះដល់បងប្អូនឯទៀតៗ។ អប់រំជំនឿមិនមែនតែបង្រៀនមេរៀន ខ្ញុំសប្បាយចិត្តដែលយើងបានចែកសៀវភៅនេះដល់ប្អូន ដូចជាយើងចែកដល់គ្រូអប់រំជំនឿទាំងអស់។ ដោយសារ សៀវភៅនេះមិនមែនជាសៀវភៅមេរៀនទេ ជាគម្ពីរដំណឹងល្អ ជាសម្ពន្ធមេត្រីចាស់ ពីព្រះជាម្ចាស់បង្កើតពិភពលោករហូតដល់ព្រះយេស៊ូបានយាងមក ដើម្បីសង្គ្រោះយើង និងព្រះយេស៊ូធ្វើដំណើរជាមួយយើង។ នេះជាព្រះបន្ទូល ដែលចិញ្ចឹមជីវិតយើង គ្រូអប់រំជំនឿត្រូវការចូលយ៉ាងជ្រៅនៅក្នុងដំណើរនៃការសង្គ្រោះ ដើម្បីណែនាំឲ្យប្អូនៗចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ នៅក្នុងពិភពថ្មី។ នៅពេលខ្ញុំជួបជាមួយបេក្ខជនជំហានទី១ ប៉ុន្មានដងប៉ុន្មានសារដែលខ្ញុំសួរ តើមានព្រះបន្ទូលមួយដែលប្អូនស្រឡាញ់? ច្រើនដងគេនឹកមិនឃើញ។
ដូច្នេះ គ្រូអប់រំជំនឿត្រូវតែពិចារណា មូលហេតុអ្វីបានជាកូនៗយើង អត់ចាំព្រះបន្ទូលណាមួយដែលចិញ្ចឹមជីវិតរបស់គេ។ ឬរឿងមួយដែលទាក់ទងនឹងព្រះយេស៊ូ ដែលថានេះជារឿងមួយដែលប៉ះដួងចិត្តរបស់ខ្ញុំ ដែលណែនាំឲ្យខ្ញុំចង់ទៅមុខ។ យើងទាំងអស់គ្នា យើងត្រូវតែពិចារណាអំពីនេះ មេរៀនសម្រាប់ខ្ញុំមិនសំខាន់ប៉ុន្មានទេ អ្វីដែលសំខាន់ឲ្យយើងភ្ជាប់ជាមួយព្រះយេស៊ូ ស្រឡាញ់ព្រះយេស៊ូ បង្កើតទំនាក់ទំនងផ្ទាល់ជាមួយព្រះយេស៊ូ។ លោកតា ហ្វ្រង់ស្វ័រ ដែលស្លាប់អំបាញ់មិញនៅភូមិសុខសាន្ត គាត់បានទទួលពិធីជ្រមុជទឹកប្រហែល២ឆ្នាំមុន គាត់អត់ចេះអាន គាត់មិនយល់អ្វីទេ។ ប៉ុន្តែ គាត់ជាប់ជាមួយសាសនាមែនទែន គាត់ចូលព្រះវិហារគ្រប់ពេលវេលា និងយកចិត្តទុកដាក់មែនទែនជាមួយការអធិដ្ឋាន ទទួលព្រះកាយនៅក្នុងអំណរសប្បាយរបស់គាត់។
អ្វីដែលខ្ញុំចង់បង្ហាញ អប់រំជំនឿមិនមែនតែមើលឱ្យមេរៀនចាំ អប់រំជំនឿគឺទំនាក់ទំនងដែលយើងបង្កើតជាមួយព្រះជាម្ចាស់។ ដូច្នេះ ពេលយើងជួបជាមួយបងប្អូនរបស់យើង ដែលជួនកាលមានអាយុច្រើន អត់ចេះអាន ប្រសិនបើយើងចេះរៀបចំរបៀបអធិដ្ឋាន របៀបអភិបូជា របៀបឲ្យគេចូលនៅក្នុងព្រះវិហារ ដើម្បីឱ្យគេយល់ថាពេលយើងចូលនៅក្នុងព្រះវិហារ ជាកន្លែងសក្ការៈដែលយើងជាប់ជាមួយព្រះជាម្ចាស់ ដែលព្រះជាម្ចាស់បានណែនាំឱ្យយើងមានសេចក្ដីសុខ នេះយើងបានជោគជ័យហើយ។ ពេលយើងផ្ដល់សក្ខីភាពអំពីសេចក្ដីស្រឡាញ់ ណែនាំឱ្យគេរកឃើញគ្រួសារថ្មីមួយ ដែលលើកទឹកចិត្ត រាល់អាទិត្យយើងចូលព្រះវិហារ យើងមានសេចក្ដីសុខដោយសារយើងបានជួបជុំគ្នា។ យើងដឹងថា ព្រះសហគមន៍ជាគ្រួសាររបស់ខ្ញុំ ជាបងប្អូនរបស់ខ្ញុំ ដែលស្រឡាញ់ខ្ញុំ លើកទឹកចិត្តខ្ញុំ ធ្វើឲ្យខ្ញុំមានកម្លាំង។ អប់រំជំនឿ មិនមែនយើងនិយាយតែអំពីចំណេះដឹង ប៉ុន្តែយើងនិយាយអំពីជំនឿ អំពីទំនាក់ទំនងដែលយើងបង្កើតជាមួយព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះព្រះយេស៊ូឲ្យយើងជ្រើសរើស យើងមានម្ចាស់ជីវិតតែមួយ។ ប្រសិនបើ យើងរើសព្រះយេស៊ូយើងដឹងថា ព្រះយេស៊ូដឹកនាំយើងនៅក្នុងជីវិតផ្ទាល់។ មិនមែនថាយើងចោលលោកីយ៍ មិនមែនថាយើងទៅជាអ្នកបួសទាំងអស់គ្នា។ ប៉ុន្តែ យកចិត្តទុកដាក់ដើម្បីស្ដាប់ព្រះបន្ទូល ដើម្បីឲ្យព្រះបន្ទូលបំភ្លឺជីវិតខ្ញុំ ជាសិស្សសាលា ជាប្ដីប្រពន្ធ យើងយកចិត្តទុកដាក់ដើម្បីឲ្យយើងមានព្រះជាម្ចាស់បំភ្លឺជីវិតរបស់យើងប្រចាំ។ យើងនៅក្នុងលោកីយ៍ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃតើព្រះបន្ទូលបំភ្លឺខ្ញុំដូចម្តេច? តើការអធិដ្ឋានផ្ដល់កម្លាំងឱ្យខ្ញុំដូចម្តេច? តើការស្រឡាញ់គ្នាទៅវិញទៅមកណែនាំឲ្យខ្ញុំទៅជាមនុស្សដូចម្តេច និងបង្កើតពិភពថ្មីដូចម្ដេច? នេះជាអ្វីដែលព្រះជាម្ចាស់ណែនាំយើងសព្វថ្ងៃ។
បងប្អូនជាទីស្រឡាញ់ យើងជាគ្រូអប់រំជំនឿយើងចូលនៅក្នុងព្រះវិហានេះ គឺយើងអង្គុយនៅក្បែរព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងអង្គុយនៅក្បែរប្រវត្តិសាស្រ្តនៃការសង្រ្គោះ។ រូបទាំងអស់ដែលគេបានគូរជួយមែនទែន ដើម្បីឲ្យយើងចូលនៅក្នុងជីវិតនៃការសង្រ្គោះបន្តិចម្ដងៗ។ រូបតាមអត្ថបទគម្ពីរដែលខ្ញុំរើសនៅក្នុងព្រះវិហារនេះ ប្រសិនបើវាជាប់នៅក្នុងខ្លួនយើង មិនមែនជាមេរៀន ប៉ុន្តែជាផ្លូវនៃជីវិត។ ដោយសារ យើងឃើញព្រះយេស៊ូដើររហូត យើងឃើញព្រះជាម្ចាស់បង្កើតពិភពលោក យើងឃើញកាអ៊ិននិងអាបិលសម្លាប់គ្នា។ បន្ទាប់មក យើងឃើញលោកណូអេ ដែលសង្គ្រោះពិភពលោកពីទឹកជំនន់ យើងឃើញអាប្រាហាំដែលទទួលភ្ញៀវគាត់បីនាក់ សារាដែលកំពុងសើចដោយសារខ្ញុំចាស់ធ្វើដូចម្តេចដើម្បីមានកូនបាន តែក្រោយមក បានកូនមួយស្អាត។ លោកតាអាប្រាហាំដែលត្រូវតែសម្លាប់កូន ប៉ុន្តែក្រោយមកព្រះជាម្ចាស់សង្រ្គោះ យើងឃើញសមុទ្រក្រហមដែលចែកជាពីរ ដើម្បីរំដោះប្រជារាស្ត្រអ៊ីស្រាអែល និងឡើងលើភ្នំជាមួយលោកម៉ូសេដើម្បីទទួលវិន័យទាំង១០ប្រការ។ តែប្រជារាស្រ្តមិនពេញចិត្តជាមួយព្រះជាម្ចាស់ គេបានធ្វើគោមាស ក្រោយមកយើងឃើញអេលីនិងលោកសាមូអែល យើងឃើញហោរាចារ្យជិះដំរី និងក្រោយមកទៅគោរពព្រះយេស៊ូ។
យើងឃើញទេវទូតដែលច្រៀង យើងឃើញព្រះយេស៊ូដែលនៅភូមិណាសារ៉ែត យើងឃើញព្រះយេស៊ូដែលទៅរៀននៅសាលា យើងឃើញព្រះយេស៊ូដែលទទួលពិធីជ្រមុជទឹកជាមួយលោកយូហានបាទីស្ត នេះជាមូលដ្ឋាននៃការសង្រ្គោះ។ យើងឃើញព្រះយេស៊ូដែលកំពុងត្រាស់ហៅសាវ័កនៅមាត់សមុទ្រកាលីលេ និងព្រះយេស៊ូដែលប្រកាសអំពីសុភមង្គលដ៏ពិតប្រាកដ។ ព្រះយេស៊ូដែលចែកនំប៉័ង យើងដើរតាមផ្លូវដោយសារព្រះយេស៊ូដើររហូត។ ព្រះយេស៊ូដើរជាមួយអ្នកក្រីក្រ ដើរជាមួយកូនក្មេង ដើរមនុស្សខ្វាក់ ដើរជាមួយស្រ្តីសាម៉ារី ដើរជាមួយលោកសាខេ។ ព្រះយេស៊ូឡើងលើភ្នំ ដើម្បីមើលឃើញរបៀបដែលព្រះយេស៊ូជាព្រះដ៏វិសុទ្ធ និងពាក្យប្រស្នាអំពីគ្រាប់ពូជលើស្រែដែលមានជីជាតិល្អ ស្រែដែលមានថ្ម ស្រែដែលមានបន្លា។ យាយដែលដាក់លុយទាំងអស់ដែលគាត់មាន នៅក្នុងហិបតង្វាយ ព្រះយេស៊ូកំពុងហែរចូលទីក្រុងយេរូសាឡឹម។
ក្រោយមកព្រះយេស៊ូបានជប់លៀង ព្រះយេស៊ូនៅសួនកេសេម៉ានី បានអធិដ្ឋាន គេចាប់ព្រះយេស៊ូ គេកាត់ក្ដីព្រះយេស៊ូ យើងឃើញមាន់រងាវ។ ក្រោយមក យើងឃើញឈើឆ្កាងនិងអាវក្រហមធំ ជាអាវរបស់ព្រះយេស៊ូដែលគេមិនបានហែក យើងឃើញសួននៃជីវិតមានព្រះជន្មរបស់ឡើងវិញ។ យើងឃើញមានសាវ័កពីរនាក់ដែលធ្វើដំណើរទៅអេម៉ានុស រហូតដល់គេមើលឃើញព្រះយេស៊ូពេលព្រះយេស៊ូកាច់នំប៉័ង។ យើងឃើញព្រះវិញ្ញាណដ៏វិសុទ្ធដែលកំពុងយាងមក យើងឃើញលោកសិលាដែលអង្គុយជាមួយព្រះយេស៊ូនិងក្រុមសាវ័ក។ ក្រោយមកលោកសិលាបានទទួលតួនាទីជាសម្ដេចប៉ាបដំបូង យើងឃើញលោកប៉ូលដែលកំពុងបៀតបៀនគ្រីស្តបរិស័ទ ក្រោយមកបានគាត់ជួបជាមួយព្រះយេស៊ូ។ និងក្រោយមកយើងលោតពីឆ្នាំ៣០ដល់ឆ្នាំ២០២០ ដែលយើងមើលឃើញសព្វថ្ងៃ ដែលយើងកំពុងបន្តប្រកាសដំណឹងល្អ។ នៅពេលនោះយើងមានព្រះវិហារសន្តីម៉ារីញញឹម យើងមានសាលាមត្តេយ្យ មានវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ដោយសារយើងបានបន្តអត់ដែលដាច់។
ពេលស្ដាប់នេះហើយ យើងបានចូលនៅក្នុងជីវិតនៃការសង្គ្រោះ អត់ត្រូវការអប់រំអ្វីច្រើនទេ អប់រំតែពីរបីម៉ាត់ព្រះយេស៊ូស្រឡាញ់យើង ព្រះយេស៊ូធ្វើដំណើរជាមួយយើង។ បង្កើតបរិយាកាស ដើម្បីស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង។ បងប្អូនជាទីស្រឡាញ់ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានត្រាស់ហៅយើង ដើម្បីធ្វើដំណើរនៅក្នុងព្រះសហគមន៍។ យើងទូលអង្វរព្រះអង្គ សូមព្រះអង្គគង់នៅជាមួយយើងជានិច្ច ឱ្យព្រះសហគមន៍របស់យើងទៅជាព្រះសហគមន៍របស់ព្រះគ្រីស្ត ដែលពោរពេញដោយជីវិត។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ