ដាក់​ចិត្ត​ជា​អ្នក​ក្រ​ខ្សត់

អភិបូជា​បុណ្យ​សព​លោក​តា ហ្វ្រង់ស្វ័រ​នន

ធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង

តាកែវ ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ ធីម៉ូថេ ទី១ ២,១-៨
ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ។ ១ធម ២,៤
ដំណឹងល្អ៖ លូកា ៦,២០-២៦
អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ! អ្នក​មាន​សុភមង្គល​ហើយ។ លក ៦,២០

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ពេល​វេលា​មួយ​ណែនាំ​ឲ្យ​យើង​អធិដ្ឋាន​រួម​ជា​មួយ​គ្នា នៅ​ក្នុង​គ្រួសារ​ដែល​ជា​ព្រះសហគមន៍​កាតូលិក សម្រាប់​លោក​តា នន ហ្វ្រង់ស្វ័រ ដែល​បាន​ទទួល​មរណភាព​ពី​ព្រឹក​មិញ។ តាម​ពិត ថ្ងៃ​អាទិត្យ​ទូទៅ​មិន​មែន​ថ្ងៃ​ដើម្បី​ធ្វើ​បុណ្យ​សព ប៉ុន្តែ​នៅ​ក្នុង​ព្រះសហគមន៍​លើក​លែង​តែ​ថ្ងៃ​ឱឡារិក យើង​មាន​សិទ្ធិ​ធ្វើ​បុណ្យ​សព​នៅ​ថ្ងៃ​អាទិត្យ។ ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ដែល​យើង​គោរព​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ជា​ថ្ងៃ​ដែល​យើង​គោរព​ព្រះយេស៊ូ​ដែល​ឈ្នះ​សេចក្ដី​ស្លាប់ ដើម្បី​ណែនាំ​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់​កល្ប​ជានិច្ច។

ថ្ងៃ​នេះ ដែល​យើង​អធិដ្ឋាន​សម្រាប់​វិញ្ញាណ​ក្ខ័ន្ធ​របស់​លោក​តា នន ហ្វ្រង់ស្វ័រ ទៅ​ឡើង​ស្ថាន​បរម​សុខ ជា​ពេល​វេលា​មួយ​ដើម្បី​នឹក​ឃើញ​ដល់​ព្រះយេស៊ូ ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ដើម្បី​នឹក​ឃើញ​ដល់​ជំនឿ​របស់​យើង​ដែរ។ នៅ​ឆ្នាំ​២០១៧ ដែល​គាត់​  បាន​ធ្វើ​ដំណើរ​ដល់​ភូមិ​ចំការទៀង ជា​មួយ​យាយ​ដែល​ជា​ប្អូន​ស្រី​គាត់។ មណ្ឌល​សុខសាន្ត បាន​ទទួល​ស្វាគមន៍​ដោយសារ​គាត់​ទាំង​ពីរ​នាក់​គ្មាន​ទី​ពឹង និង​អត់​មាន​កន្លែង​នៅ​ដើម្បី​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត។ ដូច្នេះ ខ្ញុំ​ជឿ​ថា​សម្រាប់​តា នន ដូច​ជា​សម្រាប់​យាយ​ដែរ មណ្ឌល​សុខ​សាន្ត​ជា​ភូមិ​ណែនាំ​ឲ្យ​មាន​សេចក្ដី​សុខ។ បន្តិច​ម្ដងៗ ក៏​បាន​ចូល​នៅ​ក្នុង​ជីវិតមណ្ឌល​សុខសាន្ត​យើង ជា​មួយ​មណ្ឌល​ទទួល​និង​ថែទាំ​កូន​ពិការ គាត់​ដូច​ជា​បាន​រក​ឃើញ​គ្រួសារ​មួយ​ថ្មី។

ខ្ញុំ​រើស​អត្ថបទ​គម្ពីរ​ថ្ងៃ​នេះ ដោយសារ​ខ្ញុំ​គិត​ថា​អត្ថបទ​គម្ពីរ ដូច​ជា​ស៊ី​ជម្រៅ​នឹង​លោក​តា​ដែល​បាន​ទទួល​មរណភាព។ នៅ​ពេល​យើង​ស្ដាប់ អត្ថបទ​គម្ពីរ​នេះ​ទូទៅ​យើង​មិន​យល់​ទេ ដោយសារ​មូល​ហេតុ​អ្វី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នកណាសោកសៅ មានន័យថាអ្នកណាយំមានសុភមង្គលហើយ អ្នកណាដែលមានចិត្តស្លូតបូតមានសុភមង្គលហើយ មនុស្សដែល​ស្រេឃ្លានសេចក្ដីសុចរិតមានសុភមង្គលហើយ មនុស្សដែលមានចិត្តបរិសុទ្ធមានសុភមង្គលហើយ”។ តាម​ពិត ពេល​យើង​មើល​អត្ថបទ​នីមួយៗ​ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថ្ងៃ​នេះ ហាក់​បី​ដូច​ជា​ជិវិត​របស់​លោក​តា។ លោក​តា​ដែល​កំពុង​រក​សេចក្ដី​សុខ​ក្នុង​ជីវិត តាម​ពិត​នៅ​ក្នុង​ជីវិត​របស់​គាត់​បាន​យំ​ច្រើន​ណាស់ មាន​ទុក្ខ​លំបាក​ច្រើន​នៅ​ក្នុង​ជីវិត​គាត់ ណែនាំ​ឲ្យ​គាត់​មក​ដល់​ភូមិ​សុខ​សាន្ត​យើង។ ប៉ុន្តែ ពេល​មក​ដល់​ភូមិ​សុខសាន្ត​ទោះ​បី​គាត់​បាន​យំ​ក៏​ដោយ គាត់​បាន​រក​ឃើញ​សុភមង្គល ដោយសារ​ព្រះជាម្ចាស់​នឹង​សម្រាល​ទុក្ខ​របស់​គាត់។

លោក​តា​ជា​មនុស្ស​ស្លូត​បូត ដែល​ចូល​ព្រះវិហារ​គ្រប់​ពេល​វេលា ទោះ​បី​គាត់​ឈឺ​ជើង​តែ​គាត់​នៅ​តែ​ចូល​ព្រះវិហារ​ទៀត។ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នកដែលស្លូតបូតមានសុភមង្គលហើយ ត្បិតពួកគេ​នឹទទួលផែនដីទុកជាមរតក”។ ខ្ញុំ​ជឿ​ថា​នៅ​ក្នុង​ជីវិត​គាត់​ច្រើន​ដង គាត់​ជួប​រឿង​អយុត្តិធម៌ គាត់​ជួប​ការ​មើល​ងាយ គាត់​ជួប​មនុស្ស​ដែល​មិន​រវីរវល់ មិន​អើពើ​អំពី​គាត់។ នៅ​ក្នុង​ជីវិត​របស់​គាត់ គាត់​ចង់​មាន​សេចក្ដី​សុចរិត​មែន​ទែន ចង់​មាន​យុត្តិធម៌ ចង់​មាន​សេចក្ដី​សុខ។ ព្រះយេស៊ូ​បន្ត​ថា “អ្នកដែល​ស្រេក​ឃ្លានសេចក្ដីសុចរិត មានសុភមង្គលហើយ ត្បិតព្រះជាម្ចាស់​នឹប្រទានឲ្យ​ពួក​គេបានឆ្អែត”។ នៅ​ថ្ងៃ​នេះ ដែល​គាត់​ទទួល​មរណភាព​ប្រហែល​គាត់​ឆ្អែត ប៉ុន្តែ​មិន​មែន​គាត់​ឆ្អែត​នៅ​ក្នុង​ន័យ​ថា​ឥលូវ​នេះ​ល្មម​ហើយ ឬ​ឆ្អែត​នៅ​ក្នុង​អត្ថន័យ​អត់​ល្អ ប៉ុន្តែ​ឆ្អែត​ដោយ​សារ​មើល​ឃើញ​ព្រះជាម្ចាស់​ផ្ទាល់​នៅ​ស្ថាន​បរម​សុខ។

អ្នកណាដាក់ចិត្ត​ជា​អ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ ត្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ”។ ពាក្យ​ក្រ​ខ្សត់ មិន​មែន​ថា​អ្នក​ក្រី​ក្រ​តែ​ប៉ុណ្ណឹង ពាក្យ​ក្រ​ខ្សត់​មាន​ន័យ​ថា​ជីវិត​ដូច​ជា​អត់​មាន​អ្វី ទ្រព្យ​សម្បត្តិ​ក៏​អត់។ ប៉ុន្តែ នៅ​ក្នុង​ជីវិត​ក្រ​ខ្សត់​នេះ​អាច​រក​ឃើញ​សុភមង្គល ដោយសារ​នៅ​ក្នុង​ជីវិត​ដែល​គាត់​បាន​ផ្ញើ​ទៅ​លើ​ព្រះជាម្ចាស់ រក​ឃើញ​សេចក្ដី​សុខ​មួយ​ថ្មី។ សេចក្ដី​សុខ​នេះ ណែនាំ​ឲ្យ​គាត់​ទទួល​ព្រះរាជ្យ​នៃ​ស្ថាន​បរម​សុខ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​យើង​ដឹង​ថា​ជីវិត​របស់​គាត់ បាន​ទទួល​សេចក្ដី​សុខ គាត់​បាន​ទទួល​សេចក្ដី​សុខ​ជា​មួយ​បង​ប្អូន និង​បាន​រក​ឃើញ​ព្រះរាជ្យ​នៃ​ស្ថាន​បរម​សុខ​នៅ​លើ​ផែនដី​ខ្លះៗ។ នៅ​ពេល​យើង​ដឹង​ថា គាត់​ទទួល​មរណភាពបី​ដូច​ជា​ល្មម ដើម្បី​ធ្វើ​ដំណើរ​នៅ​លើ​ផែន​ដី​នេះ ដើម្បី​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់។

ដូច្នេះ ខ្ញុំ​គិត​ថា​អត្ថបទ​គម្ពីរ​ដែល​យើង​ស្ដាប់​ថ្ងៃ​នេះ ដូច​ជា​ស៊ី​ជម្រៅ​នឹង​ជីវិត​របស់​គាត់ ជួន​កាល​យើង​ស្ដាប់​អត្ថបទ​គម្ពីរ​នេះ​ហើយ​យើង​គិត​ថា មិន​មែន​សម្រាប់​យើង​ទេ។ ប៉ុន្តែ តាម​ពិត​ជីវិត​របស់​គាត់​គឺ​ហ្នឹង បាន​ទទួល​សេចក្ដី​សុខ​សាន្ត​ដោយសារ​បាន​ដាក់​ចិត្ត​ជា​អ្នក​ក្រខ្សត់។ រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ពី​ព្រឹក​មិញ​បាន​និយាយ​អំពី​គ្រូ​អប់រំ​ជំនឿ ប៉ុន្តែ​យើង​ឃើញ​ជួន​កាល​យើង​មិន​ត្រូវ​ការ​អប់រំ​ជំនឿ​ជា​ចំណេះ​ដឹង ប៉ុន្តែ​ជា​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ។ គាត់​មាន​គ្រួសារ​ថ្មី​នៅ​ភូមិ​សុខ​សាន្ត មាន​គ្រួសារ​ថ្មី​នៅ​ក្នុង​ព្រះសហគមន៍ មាន​បង​ប្អូន​ដែល​បាន​ថែរក្សា យក​ចិត្ត​ទុក​ដាក់ មាន​បង​ប្អូន​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គាត់​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ មាន​យើង​ដែល​នៅ​ទី​នេះ ដើម្បី​ផ្ញើ​គាត់​ទៅ​លើ​ព្រះជាម្ចាស់។ ដូច្នេះ នេះ​ជា​សុភមង្គល​ដែល​លោក​តា​បាន​រក​ឃើញ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ ដែល​គាត់​នៅ​ជា​មួយ​យើង​ដែរ។

ថ្ងៃ​នេះ យើង​អធិដ្ឋាន​សម្រាប់​លោក​យាយ យើង​អធិដ្ឋាន​សម្រាប់​បង​ប្អូន យើង​អធិដ្ឋាន​សម្រាប់​វិញ្ញាណ​ក្ខ័ន្ធ​របស់​លោក​តា នន ហ្វ្រង់ស្វ័រ ឲ្យ​គាត់​រស់​នៅ​ក្នុង​សេចក្ដី​សុខ​នៅ​ឋាន​បរម​សុខ។ យើង​សុំ​ព្រះជាម្ចាស់​ទទួល​វិញ្ញាណ​ក្ខ័ន្ធ​គាត់​ដ៏​ពេញ​លក្ខណៈ ដោយសារ​ពិត​មែន​គាត់​បាន​ផ្ញើ​ជីវិត​របស់​គាត់​ចុង​ក្រោយ​ទៅ​លើ​ព្រះជាម្ចាស់។ ដោយ​ដាក់​ចិត្ត​ជា​អ្នក​ក្រ​ខ្សត់ ថ្ងៃ​នេះ​គាត់​មាន​សុភមង្គល​ដោយសារ​គាត់​បាន​ទទួល​ព្រះរាជ្យ​នៃ​ស្ថាន​បរម​សុខ​ដ៏​ពេញ​លក្ខណៈ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn