សន្ទរកថា​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេក្នុង​ពិធី​ប្រគល់​មុខងារ​ជូន​លោក​អភិបាល សិលា សួន ហង្សលីជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម

បង​ប្អូន​ជា​ទី​ស្រឡាញ់

ខ្ញុំ​ព្រះករុណា រួម​ជា​មួយ​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ទាំង​មូល ទាំង​បូជាចារ្យ ទាំង​បង​ប្រុស​បង​ស្រី ទាំង​គ្រីស្ត​បរិស័ទ សូម​បង្ហាញ​អំពី​អំណរ​សប្បាយ​ឥត​ឧបមា ដែល​ថ្ងៃ​នេះ​យើង​ថ្វាយ​លោក​អភិបាល​ថ្មី​សម្រាប់​ភូមិភាគ​កំពង់ចាម គឺ​លោក​អភិបាល សិលា សួន ហង្សលី។ នេះ​ជា​កាដូ​ពិសេស ដែល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ថ្វាយ​ទៅ​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម​ថ្ងៃ​នេះ។

ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​អំណរ​សប្បាយ​ដែល​ខ្ញុំ​មាន ដោយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​អំពី​ចិត្ត​រំភើប​ដែល​ខ្ញុំ​មាន​នៅ​ព្រឹក​នេះ។ នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ពេល​លោក​អភិបាល លី បាន​ចេញ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​កំពង់ចាម ខ្ញុំ​ក៏​បាន​ជូន​ពរ​លោក​ឱ្យ​ធ្វើ​ដំណើរ​យ៉ាង​សុខ​សាន្ត។ ពេល​នេះ​ខ្ញុំ​ក៏​បាន​ប្រាប់​លោក​អភិបាល លី ថា​តាម​ពិត​មិន​មែន​តែ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​កំពង់ចាម ដែល​ប្រើ​រយៈ​ពេល​តែ​ពីរ​បី​ម៉ោង​ទេ ប៉ុន្តែ​នៅ​ពេល​នេះ គឺ​ជា​ការ​ធ្វើ​ដំណើរ​ថ្មី​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ជា​អភិបាល​នៅ​កំពង់ចាម។

ការ​ធ្វើ​ដំណើរ​នេះ គឺ​ដូច​ព្រះយេស៊ូ​ព្រះអង្គ​បាន​ធ្វើ​ដំណើរ​រហូត ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​រយៈ​ពេល​កន្លង​មក​ដែល​ខ្ញុំ​ទាំង​ពីរ​នាក់ បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ទីក្រុង​កំពត កាល​ពី​ជាង​២០​ឆ្នាំ​មុន​។ នៅ​ពេល​នោះ លោក​អភិបាល លី ជា​លោក​បូជាចារ្យ​ថ្មី ខ្ញុំ​ក៏​ជា​សាសនៈ​ទូត​ក្មេង​ខ្ចី​ដែរ យើង​បាន​ចាប់​ផ្តើម​រស់​នៅ​ក្នុង​ជីវិត​ជា​អ្នក​បួស​នៅ​ក្នុង​អារាម​សម្ងាត់​ម្យ៉ាង។ យើង​ឥត​មាន​គ្រីស្ត​បរិស័ទ យើង​ឥត​មាន​ព្រះវិហារ យើង​ឥត​មាន​ទី​កន្លែង​សោះ មាន​តែ​អធិដ្ឋាន​ពីរ​នាក់​នៅ​ក្នុង​ទឹក​ដី​នៃ​ទីក្រុង​កំពត​ក្នុង​ផ្ទះ​ដែល​យើង​ជួល​គេ។

ក្រោយ​មក យើង​បាន​ខិត​ខំ​ធ្វើ​ជា​សាសនៈ​ទូត​ដែរ ដោយ​ប្រកាស​ដំណឹង​ល្អ កាល​នោះ លោក​អភិបាល លី គាត់​សង្ឃឹម​និង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ប្រកាស​ដំណឹង​ល្អ​នៅ​មណ្ឌល​សន្ត​អូហ្គូស្តាំង នៅ​ជុំគិរី នៅ​ចំការទៀង។ នៅ​ពេល​នោះ លោក​អភិបាល លី បាន​បង្រៀន​គោល​មួយ​ដែល​ជាប់​នៅ​ក្នុង​ចិត្ត​ខ្ញុំ​អស់​មួយ​ជីវិត គឺ “ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​យើង​យល់​អំពី​រឿង​និទាន​មួយ គឺ​រឿង​អណ្ដើក​និង​ត្រី ដែល​ជួប​គ្នា”។ ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូន​ស្គាល់​រឿង​នេះ នេះ​ជា​របៀប​ដែល​វប្បធម៌​ពីរ​ជួប​គ្នា ដោយសារ​លោក​អភិបាល លី ខ្ញុំ​បាន​យល់​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​យ៉ាង​ជ្រៅ ដើម្បី​យល់​ចិត្ត​គ្នា ដើម្បី​ចូល​នៅ​ក្នុង​ចិត្ត​គំនិត​របស់​ប្រជារាស្ត្រ​ដែល​ខ្ញុំ​បាន​ទទួល។ អរគុណ អរគុណ​លោក​ឪពុក។

នៅ​ពេល លោក​អភិបាល លី បាន​ត្រឡប់​មក​ពី​ប្រទេស​បារាំងវិញ​ក្នុង​ឆ្នាំ​២០១៥ យើង​បាន​បន្ត​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា នៅ​ព្រះសហគមន៍​ថ្មី​សន្ត​សិលា និង​សន្ត​ប៉ូល​ភ្នំពេញ​ថ្មី លោក​ក៏​ជា​តំណាង​ពេញ​សិទ្ធិ​របស់​ខ្ញុំ​ដែរ។ ជា​មួយ​លោក​ឪពុក​ក្នុង​រយៈ​ពេល​៧​ឆ្នាំ យើង​បាន​ចូល​រួម​អធិដ្ឋាន​ពេល​ព្រឹក​រាប់​រយ​ដង ក្នុង​ពិធី​បុណ្យ​នានា​ក្នុង​ភូមិភាគ​ភ្នំពេញ​លែង​រាប់​បាន ក្នុង​ប្រជុំ​បូជាចារ្យ ប្រជុំ​ទី​ប្រឹក្សា ប្រជុំ​គណៈកម្មការ​រាប់​រយ​ដង…។ ខ្ញុំ​ជឿ​ថា រយៈ​៧​ឆ្នាំ​នេះ​ដូច​ជា “សាលា​រៀន​ដើម្បី​ធ្វើ​ជា​អភិបាល” ដូច​ថ្ងៃ​នេះ នៅ​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម។

លោក​អភិបាល​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ខ្ញុំ​រំភើប​ណាស់​ខ្ញុំ​សូម​ស្វាគមន៍​លោក​អភិបាល​យ៉ាង​ឱឡារិក​នៅ​ក្នុង​ក្រុម​លោក​អភិបាល​ឡាវ​កម្ពុជា។ ថ្ងៃ​នេះ យើង​មាន​លោក​កាឌីណាល់ លីង ដែល​ជា​ប្រធាន​ក្រុម​អភិបាល​ឡាវ​កម្ពុជា​របស់​យើង យើង​មាន​លោក​អភិបាល​ថ្មី​ដែរ គឺ​លោក​អភិបាល ស៊ុកសាវ៉ាត់។ ថ្ងៃ​នេះ យើង​នឹក​ឃើញ​ដល់​លោក​អភិបាល ព្រីដា ដែល​នៅ​តាឃេក​កំពុង​ថ្វាយ​អភិបូជា​យ៉ាង​ឱឡារិក​សម្រាប់​សន្តី​តេរេសា។ ពិត​មែន​ខ្ញុំ​សូម​ស្វាគមន៍​លោក​អភិបាល លី ក្នុង​ក្រុម​លោក​អភិបាល​របស់​យើង។

ថ្ងៃ​នេះ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​ឪពុក វុំាងសង់ ដែល​ជា​ប្រធាន​ក្រុម​សាសនៈ​ទូត​ក្រៅ​ប្រទេស​នា​ទីក្រុង​ប៉ារីស (MEP)។ លោក​ឪពុក​គឺ​ជា​អតីត​ទីប្រឹក្សា​របស់​ខ្ញុំ​យ៉ាង​ជិត​ស្និទ្ធ លោក​ឪពុក លី បាន​បន្ត​ពី​គាត់​នៅ​ក្នុង​ក្រុម​ទីប្រឹក្សា​របស់​ខ្ញុំ។ ថ្ងៃ​នេះ វត្ត​មាន​របស់​លោក​ឪពុក វុំាងសង់ ពោរពេញ​ដោយ​អត្ថន័យ យើង​អាច​និយាយ​បាន​ថា​ថ្ងៃ​នេះ​នៅ​ក្នុង​ភូមិភាគ​កំពង់ចាម ក្រុម​សាសនៈ​ទូត​ក្រៅ​ប្រទេស​នា​ទីក្រុង​ប៉ារីស (MEP) បាន​បំពេញ​តួនាទី​ផ្ទាល់​ខ្លួន គឺ​បង្កើត​ព្រះសហគមន៍​ដែល​មាន​កូន​ខ្មែរ​ដើម្បី​ដឹក​នាំ​ព្រះសហគមន៍​ផ្ទាល់​ខ្លួន។

ពិត​មែន លោក​អភិបាល ឡេស្វេស លោក​អភិបាល អន់តូនី លោក​អភិបាល ប៊ុ្រយណូ បាន​យក​ចិត្ត​ទុក​ដាក់​សាប​ព្រោះ​គ្រាប់​ពូជ​ដ៏​ល្អ​ប្រសើរ ដោយ​មាន​សេចក្តី​ស្រឡាញ់ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ច្រើន ខ្ញុំ​សូម​អរគុណ អរ​គុណ​ច្រើន។

ថ្ងៃ​នេះ ការ​តែង​តាំង​របស់​លោក​អភិបាល សិលា សួន ហង្សលី ជា​ផ្លែ​នៃ​ការ​សាប​ព្រោះ​នេះ។ ថ្ងៃ​នេះ​ពិត​មែន យើង​សូម​អបអរសាទរ​អភិបាល​កូន​ខ្មែរ​ដំបូង​នៃ​ភូមិភាគ​កំពង់ចាម និង​អបអរ​សាទរ​អភិបាល​ដំបូង​ដែល​ជា​កូន​ខ្មែរ​តាំង​ពី​លោក​អភិបាល ឆ្មារ សាឡាស់ បាន​ទទួល​មរណៈភាព​នៅ​ឆ្នាំ​១៩៧៧។

លោក​អភិបាល​ជា​ទី​ស្រឡាញ់

ពី​ការ​នេសាទ​ត្រី​នៅ​មាត់​ទន្លេ​មេគង្គ​នៅ​ពោធិ៍ធំ លោក​អភិបាល​បាន​ទៅ​ជា​អ្នក​នេសាទ​មនុស្ស។ នៅ​ក្នុង​បន្ទប់​អធិដ្ឋាន​ដ៏​តូច​ដែល​យើង​មាន​នៅ​កំពត យើង​បាន​អធិដ្ឋាន​រាល់​ថ្ងៃ​នៅ​ទី​នោះ​មាន​ផ្ទាំង​កញ្ចក់​មួយ ដែល​មាន​រូប​ព្រះយេស៊ូ​ដែល​កំពុង​ត្រាស់​ហៅ​លោក​សិលា នៅ​មាត់​សមុទ្រ​កែប​ជិត​ជើង​ភ្នំ​បូកគោ។ ខ្ញុំ​ជឿ​ថា ប៉ុន្មាន​ដង​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​លោក​អភិបាល​ដូច​គ្នា បាន​ត្រាស់​ហៅ​លោក​អភិបាល​ឱ្យ​ស្រឡាញ់​ព្រះអង្គ និង​ណែនាំ​ឱ្យ​បង​ប្អូន​ទាំង​អស់​ស្រឡាញ់​ព្រះយេស៊ូ​ដែរ។ ដូច្នេះ ថ្ងៃ​នេះ​លោក​អភិបាល​អាច​ចាប់​ផ្តើម​នៅ​ក្នុង​កំពង់ចាម ដើម្បី​បោះ​សំណាញ់ ទម្លាក់​អួន​នៅ​ក្នុង​ទន្លេ​មេគង្គ​ដែល​កាត់​ពី​ព្រំដែន​ឡាវ-កម្ពុជា រហូត​ដល់​ព្រំដែន​ភូមិភាគ​ភ្នំពេញ គឺ​អ្នក​លឿង និង​ព្រែក​តាមាក់។ លោក​អភិបាល អាច​បន្ត​ទៅ​ដល់​មហា​ព្រៃ​ដ៏​ស្អាត​បំផុត​នៅ​មណ្ឌលគិរី និង​រតនៈគិរី។ ប៉ុន្តែ​ដើម្បី​នេសាទ គឺ​ត្រូវ​នេសាទ​ដោយ​ចិត្ត​ស្លូតបូត ដោយ​ដាក់​ខ្លូន ដោយ​មាន​ប្រាជ្ញា​ឈ្លាសវៃ ដោយ​មាន​ជំនឿ ដោយ​មាន​ចិត្ត​រឹង​មាំ និង​នេសាទ​ដោយ​មាន​ការ​តស៊ូ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ទាំង​អស់​ជា​គុណ​ធម៌​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​លោក​អភិបាល សិលា សួន ហង្សលី ស្រាប់​ពី​ដើម​រៀង​មក។

ជា​ចុង​ក្រោយ ខ្ញុំ​ចង់​និយាយ​នេះ​តែ​ប៉ុណ្ណឹង “សូម​ទៅ​ជា​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ព្រះបេះដូង​នៃ​ព្រះសហគមន៍ ដែល​ជា​មាតា​របស់​លោក​អភិបាល ដូច​សន្តី​តេរេសា​ធ្លាប់​មាន​ប្រសាសន៍​ដែរ”។ ប៉ុន្តែ សម្រាប់​លោក​អភិបាល ព្រះសហគមន៍​ឥលូវ​នេះ​មិន​មែន​តែ​ជា​ព្រះមាតា គឺ​ជា​ភរិយា​ដែរ ជា​ពិសេស​ព្រះសហគមន៍​កំពង់ចាម។ ខ្ញុំ​ជឿ​ថា លោក​បូជាចារ្យ បង​ប្រុស​បង​ស្រី និង​គ្រីស្ត​បរិស័ទ​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​កំពង់ចាម​ទន្ទឹង​រង់​ចាំ គ្រូ​គង្វាល​ដែល​បង្ហាញ​អំពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ទៅ​ជា​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ព្រះបេះដូង​នៃ​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម​។

ថ្ងៃ​នេះ លោក​អភិបាល អេមីល បាន​ផ្ញើ​សញ្ញា​មួយ​ដល់​យើង គឺ​លោក​អភិបាល អេមីល បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​នៃ​ការ​ត្រាស់​ហៅ​របស់​លោក​អភិបាល សិលា សួន ហង្សលី។ គឺ​លោក​អភិបាល អេមីល ដែល​បាន​តែង​តាំង​លោក​ជា​ឧបដ្ឋាក​និង​ជា​បូជាចារ្យ។ នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០១០ លោក​អភិបាល អេមីល បាន​ចូល​និវត្តន៍។ ដូច្នេះ ថ្ងៃ​នេះ​លោក​អភិបាល អេមីល លោក​អភិបាល ឆ្មារ សាឡាស់ លោក​ឪពុក ឆ្មារ សាឡឹម ដែល​មក​ពី​ភូមិ​កំណើត​ជា​មួយ​លោក​អភិបាល លី។ រួម​ជា​មួយ​ម្តាយ​របស់​លោក​អភិបាល លី ដែល​បាន​អធិដ្ឋាន​សម្រាប់​លោក​អភិបាល​យ៉ាង​ច្រើន ឪពុក​បង្កើត​របស់​លោក​អភិបាល លី និង​លោក​អភិបាល អ៊ីវ រ៉ាមូស នៅ​ក្នុង​បង្អួច​នៃ​ស្ថាន​បរម​សុខ​ចូល​រួម​ជា​មួយ​អគ្គ​ទេវទូត (មីកាអែល កាព្រីអែល និង​រ៉ាហ្វាអែល) ជា​មួយ​ទេវទូត​ការពារ​យើង​ទាំង​អស់​ដែល​យើង​គោរព​ថ្ងៃ​ស្អែក ដើម្បី​ច្រៀង​ជា​មួយ​គ្នា “សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់” សុខ​សប្បាយ​លោក​អភិបាល៕

កំពង់ចាម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២២

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn