អភិបូជាបិទកម្មវិធីបោះជំរំក្មេងជំទង់ភូមិភាគភ្នំពេញ
ធ្វើនៅភ្នំវល្លិ៍
កំពត-កែប ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២
អត្ថបទទី១៖ ពង្សាវតារក្សត្រ ទី២ ៥,១៤-១៧ នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ។ ២ ពង្ស ៥,១៥ អត្ថបទទី១៖ ធីម៉ូថេទី២ ២,៨-១៣ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល។ ២ធម ២,១៣ ដំណឹងល្អ៖ លូកា ១៧,១១-១៩ តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ? លក ១៧, |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងបានស្ដាប់គម្ពីរមួយស្ដីអំពីជំងឺឃ្លង់ ជាជំងឺដែលឆ្លងស្រួលមែនទែន ប្រសិនបើយើងប៉ះម្នាក់ដែលមានជំងឺឃ្លង់យើងឆ្លងដែរ។ នៅសម័យព្រះយេស៊ូ ជំងឺឃ្លង់ជាជំងឺមួយដែលសាហាវ ណែនាំឲ្យប្រជាជនភ័យខ្លាច។ ដូច្នេះ ពេលមានមនុស្សដែលកើតជំងឺឃ្លង់ គេអត់មានសិទ្ធិចូលនៅក្នុងភូមិ។ ជួនកាល គេមានកណ្ដឹងតូចមួយ ដើម្បីឲ្យប្រជាជនលឺដឹងថាគេជិតមកដល់ហើយ ដូច្នេះប្រជាជនគេចពីគេ។
ឈើឆ្កាងនេះ ជាឈើឆ្កាងដែលមកពីសន្តហ្វ្រង់ស្វ័រ និងឈើឆ្កាងនេះដែលណែនាំឲ្យយើងនឹករលឹកដល់សន្តហ្វ្រង់ស្វ័រនៃទីក្រុងអាស៊ីស៊ី។ ថ្ងៃនេះមានមូលហេតុពីរ ដែលខ្ញុំដាក់ឈើឆ្កាងនេះនៅទីនេះ មូលហេតុទី១សន្តហ្វ្រង់ស្វ័រអាស៊ីស៊ីមានបទពិសោធន៍ពិសេស ជាមួយមនុស្សឃ្លង់។ មានថ្ងៃមួយ គាត់ដើរតាមផ្លូវឃើញមនុស្សឃ្លង់ គាត់មិនគេចខ្លួនដូចប្រជាជនទូទៅ ប៉ុន្តែផ្ទុយទៅវិញគាត់ទៅឱបគេ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់។ មូលហេតុទី២ យើងនឹកឃើញដល់សន្តហ្វ្រង់ស្វ័រនៃអាស៊ីស៊ី ដោយសារគាត់មានទំនាក់ទំនងយ៉ាងពិសេសជាមួយផែនដីទាំងឡាយ។ គាត់ចូលចិត្តនិយាយទៅសត្វ ទៅផ្កាយ ទៅព្រះច័ន្ទ ទៅព្រះអាទិត្យ ទៅសមុទ្រ ដោយយល់ថានៅក្នុងសត្វទាំងឡាយ នៅក្នុងផ្កាយទាំងឡាយ នៅក្នុងព្រះច័ន្ទនិងព្រះអាទិត្យ គឺមានវត្តមានរបស់ព្រះជាម្ចាស់ផ្ទាល់។ ទាំងមនុស្ស ជាពិសេសមនុស្សដែលមានទុក្ខលំបាកនៅក្នុងជីវិត ដូចជាមនុស្សឃ្លង់ ទាំងធម្មជាតិទាំងឡាយដែលព្រះជាម្ចាស់បានបង្កើត ជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ណែនាំឲ្យគាត់លើកតម្កើងព្រះជាម្ចាស់។
ក្នុងគម្ពីរមានមនុស្សឃ្លង់១០នាក់ ព្រះយេស៊ូមានព្រះបន្ទូលតែមួយម៉ាត់ “សូមទៅបង្ហាញខ្លួន” ពេលគេទៅបង្ហាញខ្លួន ក្នុងចំណោម១០នាក់ត្រឡប់មកវិញតែម្នាក់។ ព្រះយេស៊ូសួរ “៩នាក់ទៀតទៅណា?” យើងអត់ដឹងទេគេទៅណា ប៉ុន្តែយើងដឹងថាទាំង១០នាក់បានជាសះស្បើយ។ ប៉ុន្តែ មានតែម្នាក់ដែលត្រឡប់មកវិញ ដើម្បីអរគុណព្រះយេស៊ូ នេះជាអ្វីដែលខ្ញុំចង់ឲ្យយើងភ្ញាក់ស្មារតីបន្តិច។ ខ្ញុំធ្លាប់ឃើញច្រើនដងដែរ នៅក្នុងទម្លាប់របស់យើង យើងមិនសូវប្រើពាក្យអរគុណប៉ុន្មានទេ អត់មានពាក្យអរគុណដែលចេញពីមាត់ដោយធម្មជាតិទេ។ ពាក្យអរគុណ ជាពាក្យមួយសំខាន់ណាស់សម្រាប់យើង យើងអរគុណដើម្បីរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។ នៅពេលយើងទទួលអ្វីមួយឲ្យយើងចេះអរគុណ ប៉ុន្តែខ្ញុំមិនចង់និយាយតែពាក្យអរគុណធម្មតាថ្ងៃនេះ។ ខ្ញុំចង់និយាយអំពីពាក្យមួយយ៉ាងសំខាន់ ដោយសារមិនមែនតែអរគុណទេ គឺដឹងគុណ។
ខ្ញុំគិតថា សម្រាប់យើងជាអ្វីដែលសំខាន់បំផុត ទោះបីយើងអាយុក្មេងក៏ដោយ យើងត្រូវការដឹងគុណ។ យើងដឹងគុណដល់ឪពុកម្ដាយ ប្រសិនបើអត់ដឹងគុណយើងជាកូនអកតញ្ញូ។ កូនកតញ្ញូជាកូនដែលចេះដឹងគុណដល់ឪពុកម្ដាយ។ តើមូលហេតុអ្វីយើងត្រូវការដឹងគុណដល់ឪពុកម្ដាយ? ដោយសារ ឪពុកម្ដាយបានបង្កើតជីវិតឲ្យយើង ដោយសារឪពុកម្ដាយបានចិញ្ចឹមយើង ដោយសារឪពុកម្ដាយបានបង្រៀនយើងរហូត។ ដូច្នេះ នេះជាអ្វីដែលសំខាន់ក្នុងជីវិតរបស់យើងជាកូននៅលើពិភពលោកនេះ ឲ្យយើងចេះដឹងគុណដល់ឪពុកម្ដាយ ដល់បងប្អូន ដល់តាយាយ ដល់ជីដូនជីតា។ អ្វីៗទាំងអស់ដែលយើងមានរហូតដល់សព្វថ្ងៃ មកពីក្រុមគ្រួសាររបស់យើង។ ដឹងគុណដល់លោកគ្រូអ្នកគ្រូ នៅសាលាដុនបូស្កូមួយឆ្នាំម្ដង គេធ្វើពិធីបុណ្យកតញ្ញូ ដើម្បីអរគុណដល់លោកគ្រូអ្នកគ្រូ អរគុណដល់បងស្រី អរគុណដល់អាណាព្យាបាល ដែលបានអប់រំយើងពីមួយថ្ងៃទៅមួយថ្ងៃ។
សាលារៀនជាកន្លែងមួយ ដែលយើងទទួលការអប់រំយ៉ាងពិសេសសម្រាប់ជីវិតរបស់យើង ឲ្យយើងដឹងគុណដល់លោកគ្រូអ្នកគ្រូ។ ប៉ុន្តែ យើងដឹងគុណមិនមែនតែដល់ឪពុកម្ដាយ មិនមែនតែដឹងគុណដល់លោកគ្រូអ្នកគ្រូដែលជួយយើង យើងត្រូវការដឹងគុណដល់ព្រះជាម្ចាស់។ ជួនកាលយើងភ្លេចនេះ ដូច៩នាក់ដែលគេបានជាសះស្បើយ ក៏ប៉ុន្តែគេអត់រវីរវល់ គេមិននឹកឃើញថាគេបានជាសះស្បើយពីណា គេបានទទួលជីវិតថ្មីពីណា។ គេបន្តជីវិតរបស់គេយ៉ាងសប្បាយៗ ដើរលេង ឥលូវនេះគេអាចបង្កើតទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងស្រួល គ្មានអ្នកបណ្ដេញគេដូចមុន។ ប៉ុន្តែ ក្នុងចំណោម១០នាក់មានម្នាក់បាននឹកឃើញ គាត់បានជាសះស្បើយ គាត់មានជីវិតថ្មី ដោយសារព្រះជាម្ចាស់ ដូច្នេះគាត់ដឹងគុណ។ ខ្ញុំគិតថា សម្រាប់យើងដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងបីថ្ងៃ “ធម្មជាតិជាជីវិត” យើងបានឃើញស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ជាពិសេសកន្លែងដែលយើងរើសដើម្បីថ្វាយអភិបូជា មិនមែននៅក្នុងអាគារមួយ មិនមែននៅក្រោមរោងមួយ នៅពេលនេះយើងបើកភ្នែករបស់យើង អរព្រះគុណព្រះជាម្ចាស់។
ពេលយើងឃើញព្រៃឈើមានពណ៌ខៀវខ្ចីយ៉ាងស្អាតបំផុត ឃើញស្មៅដុះល្អ យើងបានឃើញសត្វច្រើន។ ដូច្នេះ ពេលយើងចេះបើកភ្នែកយើងបានទទួលអំណោយយ៉ាងច្រើន យើងបានឃើញការអស្ចារ្យយ៉ាងច្រើន។ ប្រហែលមិនមែនអស្ចារ្យដែលណែនាំឲ្យយើងមានសម្ភារៈ ប៉ុន្តែអស្ចារ្យសម្រាប់ដួងចិត្តរបស់យើង ដើម្បីមានសេចក្ដីសុខ។ ពេលយើងឃើញធម្មជាតិទាំងអស់យើងដឹងថា នេះជាកាដូដែលខ្ញុំបានទទួលពីព្រះជាម្ចាស់ កាដូដែលល្អបំផុតដែលខ្ញុំបានទទួលពីព្រះជាម្ចាសគឺជីវិត។ ដោយសារ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ យើងជាកូនរបស់ព្រះជាម្ចាស់ យើងបានទទួលជីវិត ដូច្នេះយើងត្រូវការដឹងគុណដល់ព្រះជាម្ចាស់។
ប៉ុន្តែ ពេលយើងនិយាយថាដឹងគុណដល់ឪពុកម្ដាយនិងក្រុមគ្រួសារ ដឹងគុណដល់លោកគ្រូអ្នកគ្រូនិងអ្នកណែនាំយើង ដឹងគុណដល់ព្រះជាម្ចាស់ យើងនិយាយបានប៉ុន្តែតើយើងត្រូវការធ្វើអ្វីខ្លះដើម្បីដឹងគុណ? ដឹងគុណដល់ឪពុកម្ដាយ មិនមែនតែអរគុណហើយយើងចោលឪពុកម្ដាយ គឺគោរព គឺជួយនៅក្នុងផ្ទះ គឺស្រឡាញ់ គឺលើកទឹកចិត្តពេលឪពុកម្ដាយឈឺ ពេលឪពុកម្ដាយពិបាកយើងខិតខំធ្វើ ខិតខំជួយ។ យើងដឹងគុណ ឲ្យយើងជួយដោយគោរព មិនដើរលេងទៅណាមិនដឹងខ្លួនទេ យើងមានព្រំដែនដើម្បីដឹងថាឪពុកម្ដាយស្រឡាញ់យើង។ យើងស្គាល់ទឹកចិត្តពុកម៉ែ នេះសំខាន់ណាស់ដើម្បីទៅជាកូនកតញ្ញូពិតៗ។ ដូច្នេះ គិតទៅតើយើងបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយឬអត់? នៅសាលាដូចគ្នា ដើម្បីដឹងគុណដល់លោកគ្រូអ្នកគ្រូ ត្រូវការខិតខំរៀនសូត្រ យកចិត្តទុកដាក់លើការសិក្សា។ យើងធ្វើដូចម្ដេចដើម្បីឲ្យការសិក្សាយើងរីកចម្រើន យកចិត្តទុកដាក់មើលមេរៀន តស៊ូនៅក្នុងការធ្វើលំហាត់ ដើម្បីឲ្យយើងមានអនាគតភ្លឺស្វាង។ ជាមួយព្រះជាម្ចាស់ក៏ដូចគ្នា យើងមានគ្រីស្តបរិស័ទយ៉ាងច្រើននៅទីនេះ យើងអធិដ្ឋាន យើងចូលព្រះវិហារ។ រយៈពេលបីថ្ងៃនេះ យើងបានយកចិត្តទុកដាក់ចូលរួម នេះជាពេលវេលាដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ ដែលយើងមានចំពោះព្រះជាម្ចាស់ ដែលយើងអរព្រះគុណព្រះជាម្ចាស់នៅក្នុងការដឹងគុណ។
ដូច្នេះ ថ្ងៃនេះយើងរួមគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយគិតពិចារណា នៅក្នុងចំណោម១០នាក់ដែលបានព្យាបាល យើងបានទទួលអំណោយពីព្រះជាម្ចាស់យ៉ាងច្រើន តើខ្ញុំជាមនុស្សម្នាក់ទៅអរគុណព្រះជាម្ចាស់ ដែលទៅអរគុណឪពុកម្ដាយ ដែលទៅអរគុណលោកគ្រូអ្នកគ្រូ ឬខ្ញុំនៅក្នុងចំណោម៩នាក់ដែលចេះតែទៅមុខ ដោយអត់ចេះដឹងគុណ។ ឲ្យយើងទៅជាកូនដែលដឹងគុណគ្រប់ពេលវេលា ដឹងគុណដោយយកចិត្តទុកដាក់អស់ពីសមត្ថភាព អស់ពីកម្លាំងកាយកម្លាំងចិត្ត។ ដោយដឹងថា ព្រះជាម្ចាស់គង់នៅជាមួយយើងគ្រប់ពេលវេលា ដើម្បីទៅជាយុវជន-យុវនារីដ៏ពិសេសនៅក្នុងសង្គមបច្ចុប្បន្ននេះ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ