អភិបូជាបិទសិក្ខាសាលាគ្រូអប់រំជំនឿអន្តរភូមិភាគ
ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី
ភ្នំពេញថ្មី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
អត្ថបទទី១៖ អេភេសូ ១,១-១០ ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង។ អភ ១,៧ ដំណឹងល្អ៖ លូកា ១១,៤៧-៥៤ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ លក ១១,៥២ |
បងប្អូនជាទីស្រឡាញ់
ប្រសិនបើយើងបានស្ដាប់អត្ថបទទី១ ក៏ណែនាំឲ្យយើងភ្ញាក់ស្មារតីមែនទែន ព្រះសហគមន៍បានរៀបចំអត្ថបទថ្ងៃនេះ។ អត្ថបទនេះ វាស៊ីជម្រៅមែនទែននឹងអ្វីទាំងអស់ដែលយើងបានចែកបទពិសោធ ទទួលការអប់រំ បានស្ដាប់គ្នាទៅវិញទៅមកនៅក្នុងរយៈពេលពីរបីថ្ងៃ។ ជាពិសេស អំពីរបៀបដែលយើងត្រូវការតែទទួលស្វាគមន៍អ្នកដែលកំពុងស្វែងរក និងធ្វើដំណើរជាមួយគេ។ នៅថ្ងៃនេះ យើងអាចនិយាយថាព្រះយេស៊ូដូចជាប្រទានឲ្យយើងនូវគរុកោសល្យថ្មី ដើម្បីអប់រំជំនឿ ដើម្បីធ្វើដំណើរជាមួយបងប្អូនដែលកំពុងស្វែងយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើម្បីធ្វើដំណើរនៅក្នុងជីវិតរបស់យើងផ្ទាល់ ដែលជាគ្រូអប់រំជំនឿ ជាគ្រីស្តបរិស័ទ ជាបូជាចារ្យ ជាលោកអភិបាល ជាបងប្រុសបងស្រី។
ព្រះយេស៊ូណែនាំទី១ ឲ្យយើងយល់ថាវិន័យដែលយើងបានទទួលពីយូរហើយ “បងប្អូនជាទីស្រឡាញ់ ដោយព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនមិននៅក្រោមអំណាចរបស់ធម្មវិន័យទៀតទេ”។ យើងស្ដាប់នេះភ្លាមៗ ខ្ញុំនឹកឃើញបងប្អូនដែលមកពីមណ្ឌលគិរី ដែលបាននិយាយច្រើននៅក្នុងពីរបីថ្ងៃនេះ ទាំងលោកឪពុក បូរី ក៏ដូចជាគ្រីស្តបរិស័ទដែរ។ នៅពេលយើងចូលនៅក្នុងសាសនាព្រះយេស៊ូ យើងមិនចង់ឲ្យមានអារក្ស អ្នកតា មិនចង់ឲ្យមានប្រពៃណីដែលធ្ងន់ធ្ងរ បន្តធ្វើដំណើរជាមួយយើង។ យើងមិនចង់ឲ្យមានខ្មោច ដែលមើលឃើញពីចម្ងាយណែនាំឲ្យយើងភ័យខ្លាច មិនចង់ចូលនៅក្នុងប្រពៃណីទម្លាប់ ដែលណែនាំឲ្យយើងពិបាកនៅក្នុងជីវិតរបស់យើង អាចនិយាយថា នេះជាធម្មវិន័យម្យ៉ាង។
ថ្ងៃនេះ ព្រះយេស៊ូណែនាំតាមរយៈសន្តប៉ូល ឲ្យយើងយល់ថា “ព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនមិននៅក្រោមអំណាចរបស់ធម្មវិន័យតទៅទៀត”។ ប៉ុន្តែ កុំឲ្យយើងយល់ច្រឡំ កុំឲ្យយើងថាឥលូវនេះខ្ញុំចូលសាសនាយេស៊ូស្រួល ប៉ុន្មានអាទិត្យមុខខ្ញុំស្ដាប់សក្ខីភាព អំពីដំណើរជីវិតគាត់ដើរតាមព្រះយេស៊ូ។ គាត់ថា នៅក្នុងពុទ្ធសាសនាមានមាត្រារាប់ពាន់ ដែលណែនាំឱ្យជីវិតរបស់គាត់ពិបាកណាស់ ដូច្នេះពេលគាត់ចូលនៅក្នុងសាសនារបស់ព្រះយេស៊ូ ដូចគាត់ស្រួល។ ប៉ុន្តែ កុំគិតថាយើងស្រួលបំផុត ដោយសារថ្ងៃនេះយើងបានស្ដាប់យ៉ាងច្រើន របៀបដែលលោកប៉ូលកំពុងអប់រំជនជាត់កាឡាក់ទី ដូចបងប្អូនរបស់យើងដែលកំពុងស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេចាប់ផ្ដើមធ្វើដំណើរជាមួយព្រះយេស៊ូខ្លះ មានខ្លះគេទទួលពិធីជ្រមុជទឹកហើយ ប៉ុន្តែជីវិតរបស់គេគឺទៅមុខបន្តិចម្ដងៗ។ លោកប៉ូលបានឃើញ មានខ្លះគេនៅក្រោមអំណាចនៃធម្មវិន័យ ប៉ុន្តែមានខ្លះគេដូចជាវង្វេងនៅក្នុងផ្លូវជីវិតរបស់គេ។ ដោយសារ គេនៅក្នុងក្រោមអំណាចនៃអំពើអាក្រក់ ដែលណែនាំឲ្យគេស៊ីផឹក ណែនាំគេច្រណែន ណែនាំឲ្យគេប្រព្រឹត្តអំពើឃោរឃៅ ណែនាំឲ្យគេស្អប់គ្នាទៅវិញទៅមក។ លោកប៉ូលណែនាំឲ្យគេចូលតាមផ្លូវនៃព្រះវិញ្ញណដ៏វិសុទ្ធ ដែលមិនមែនជាផ្លួវស្រួលបំផុតទេ ជាផ្លូវណែនាំឲ្យយើងពោរពេលដោយសេចក្ដីស្រឡាញ់ ណែនាំឲ្យយើងមានសេចក្ដីសុខសាន្ត ណែនាំឲ្យមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្តា ជំនឿ ឲ្យមានចិត្តស្លូតបូត ឲ្យយើងចេះទប់ចិត្តខ្លួនឯង។
ប៉ុន្តែ លោកប៉ូលបានថែមថា “គ្មានធម្មវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះ អស់អ្នកដែលរួមជាមួយព្រះយេស៊ូគ្រីស្ត សុទ្ធតែបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់លោកីយ៍នេះចោលហើយ” នេះជាដំណើរដែលយើងត្រូវការធ្វើ។ ព្រឹកមិញ យើងបាននិយាយអំពីកាត់ខ្សែចង្កេះ អំពីការលះបង់ចោលអ្វីដែលជាប្រពៃណីចាស់របស់យើង។ នេះយើងមិនអាចធ្វើនៅក្នុង១នាទីបានទេ ត្រូវការពេលវេលាមួយយ៉ាងយូរ ប៉ុន្តែលោកប៉ូលប្រើពាក្យមួយយ៉ាងធ្ងន់ធ្ងរ គឺ “ឆ្កាងតណ្ហា ឆ្កាងបំណងលោភលន់ផ្សេងៗរបស់លោកីយ៍នេះចោល” ដើម្បីចូលជាមួយព្រះយេស៊ូធ្វើជាមនុស្សថ្មី។ នេះយើងមិនអាចធ្វើនៅក្នុងពេលវេលាខ្លី ប៉ុន្តែយើងដឹងថាយើងជាអ្នកណែនាំអប់រំជំនឿ យើងដឹងថាយើងជាលោកបូជាចារ្យ ជាលោកអភិបាល យើងចូលនៅក្នុងមាគារបស់ព្រះយេស៊ូគ្រីស្ត។ ដែលណែនាំឲ្យបន្តិចម្ដងៗ ពិតមែនយើងត្រូវការបូជាអ្វីដែលណែនាំឲ្យជីវិតរបស់យើងដើរតាមផ្លូវខុសនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងត្រូវការឆ្កាងខ្លួនឯងនៅលើឈើឆ្កាង ដើម្បីចូលនៅក្នុងជីវិតថ្មីដែលព្រះយេស៊ូប្រទានឲ្យយើងនៅក្នុងពិធីជ្រមុជទឹក សម្រាប់អ្នកដែលទទួលពិធីជ្រមុជទឹកហើយ សម្រាប់អ្នកដែលកំពុងស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះទាំងអស់យើងហៅថា “កែប្រែចិត្តគំនិត” កែប្រែចិត្តគំនិត៣៦០ដឺក្រេ មានន័យថាយើងត្រឡប់មែនទែននៅក្នុងដួងចិត្តរបស់យើង ដើម្បីធ្វើជាមនុស្សថ្មី។ នេះត្រូវការពេលច្រើនណាស់ ជួនកាលយើងទទួលពិធីជ្រមុជទឹកហើយ ក៏ត្រូវការពេលអស់មួយជីវិត ដើម្បីទៅជាមនុស្សថ្មីរួមជាមួយព្រះយេស៊ូគ្រីស្ត។ ដោយដឹងថា យើងត្រូវការទីពឹងលើព្រះជាម្ចាស់ ព្រោះនេះជាព្រះអំណោយទានដែលយើងទទួលពីព្រះជាម្ចាស់។ ដូច្នេះ យើងជាគ្រូអប់រំជំនឿទោះបីយើងខិតខំអស់ពីសមត្ថភាព ផ្ដល់សក្ខីភាពអស់ពីសមត្ថភាព ប៉ុន្តែយើងដឹងថាយើងត្រូវការទីពឹងលើឧបក្ការគុណរបស់ព្រះជាម្ចាស់ ដែលណែនាំឲ្យយើងបន្តិចម្ដងៗទៅជាមនុស្សថ្មី។ ដោយសារ ម្ចាស់ចំការជាព្រះជាម្ចាស់ផ្ទាល់ យើងគ្រាន់តែជួយស្រោចទឹក ជួយសាបព្រោះខ្លះៗ ជួយភ្ជួរដីខ្លះៗ ជួយថែមជីខ្លះៗ ប៉ុន្តែម្ចាស់ចំការជាព្រះជាម្ចាស់ផ្ទាល់។ ដូច្នេះ យើងបន្តអធិដ្ឋានដើម្បីចូលនៅក្នុងរបៀបថ្មីរបស់ព្រះយេស៊ូ ដែលណែនាំឲ្យយើងរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធ និងផ្លែដែលយើងទទួល។
ចំណុចទី២ អប់រំជំនឿមិនមែនម៉ោងរៀនគួរ ដោយសារយើងមានបងប្អូនរបស់យើងច្រើន គេគិតថាគេចូល១ម៉ោងរៀនអប់រំជំនឿ ដូចជាគេចូល១ម៉ោងរៀនគណិតវិទ្យា គីមី ភាសាខ្មែរ ឬមុខវិជ្ជាផ្សេងទៀត។ តាមពិត អប់រំជំនឿណែនាំឲ្យបងប្អូនចូលនៅក្នុងបរិស្ថានថ្មី មិនមែនតែបរិយាកាស ប៉ុន្តែនៅក្នុងបរិស្ថានថ្មី។ បរិស្ថានរបស់ព្រះជាម្ចាស់ នៅក្នុងរបៀបដែលគេចូលអភិបូជាដើម្បីអធិដ្ឋាន បរិស្ថានរបស់ព្រះជាម្ចាស់នៅក្នុងរបៀបដែលយើងចាប់ផ្ដើមស្ដាប់ព្រះបន្ទូល។ បរិស្ថានរបស់ព្រះជាម្ចាស់ដែលយើងចាប់ផ្ដើមយល់អំពីដំណើរជីវិតរបស់ព្រះយេស៊ូ បរិស្ថានរបស់ព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍យើង។ ព្រះសហគមន៍ដែលជាគ្រួសារថ្មី ដែលណែនាំឲ្យយើងយល់ថាយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលណែនាំឲ្យយើងយល់ថានៅក្នុងព្រះសហគមន៍ យើងរកឃើញគ្រួសារមួយថ្មី ដែលស្រឡាញ់យើង។ យើងអត់មានការស្អប់គ្នា មើលងាយគ្នា បក្សពួក… នៅក្នុងព្រះសហគមន៍យើងរកឃើញគ្រួសារ ដែលស្រឡាញ់យើងមែនទែន។
ដូច្នេះ តួនាទីរបស់យើងទោះបីមានម៉ោងអប់រំតែ១ម៉ោងក៏ដោយ “បង្កើតបរិស្ថាននៃជីវិតថ្មី” ដើម្បីឲ្យយើងមានបរិយាកាសមួយយ៉ាងពិសេស ឲ្យម្នាក់ៗប៉ះនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ឲ្យម្នាក់ៗចូលនៅក្នុងដង្ហើមនៃព្រះវិញ្ញាណដ៏វិសុទ្ធបន្តិចម្ដងៗ ដើម្បីធ្វើដំណើរនៅក្នុងជីវិតថ្មីដែលព្រះជាម្ចាស់បានរៀបចំ។ តាមពិត ដើរតាមព្រះយេស៊ូគឺដើរតាមមាគាថ្មី ប៉ុន្តែយើងមិនមែនមាគាដូចព្រះពុទ្ធបានបង្កើតមាគាមួយ ដែលមានប្រាំបីចំណុច ណែនាំឲ្យយើងរកឃើញផ្លូវកណ្ដាលនៃជីវិតរបស់យើង។ តាមពិត ព្រះយេស៊ូបង្កើតមាគាមួយ ដោយដឹងថាព្រះយេស៊ូផ្ទាល់ជាផ្លូវហ្នឹង ដូច្នេះយើងមិនតែដើរតាមព្រះយេស៊ូ ប៉ុន្តែយើងដើររួមជាមួយព្រះយេស៊ូ។ រួមជាមួយព្រះយេស៊ូ ដោយដឹងថាព្រះយេស៊ូនៅក្នុងជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់ ខ្ញុំអធិដ្ឋានដើម្បីឲ្យព្រះសហគមន៍របស់យើង បន្តអប់រំជំនឿ បន្តប្រកាសអំពីដំណឹងល្អ ជាពិសេសខែនេះដែលជាខែប្រកាសដំណឹងល្អ។ ដើម្បីឲ្យយើងទាំងអស់គ្នា មុខគេបង្អស់យើងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី ដើម្បីទុកឲ្យព្រះជាម្ចាស់ធ្វើការនៅក្នុងដួងចិត្តរបស់យើង។ បងប្អូនជាទីស្រឡាញ់ យើងមានតែអរព្រះគុណព្រះជាម្ចាស់ នេះជាអត្ថន័យនៃអភិបូជាដែរ។ មិនមែនតែសក្ការបូជា ប៉ុន្តែជាពេលវេលាដើម្បីអរព្រះគុណព្រះជាម្ចាស់ ពេលព្រះយេស៊ូបានប្រែឲ្យនំប៉័ងទៅជាព្រះកាយ នៅពេលនោះព្រះយេស៊ូបានលើកតម្កើងព្រះជាម្ចាស់ និងអរព្រះគុណព្រះជាម្ចាស់។ ដូច្នេះ យើងចូលនៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយព្រះយេស៊ូ រួមជាមួយបងប្អូនទាំងអស់ ដែលជាព្រះសហគមន៍យើង រួមជាមួយបងប្អូនដែលកំពុងស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយដឹងថា យើងឆ្លងតាមឈើឆ្កាងពិតមែន យើងឆ្លងតាមសក្ការបូជានៃជីវិតរបស់យើងពិតមែន ប៉ុន្តែដើម្បីរកឃើញសុភមង្គលដ៏ពិតប្រាដក។ នេះជាអ្វីដែលបងប្អូនយើងទាំងអស់ចង់មើលឃើញ សុភមង្គលពីព្រះរាជរបស់ព្រះជាម្ចាស់ដែលកំពុងកើតឡើងនៅលើផែនដីនេះ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ