នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៥៣១ ព្រះនាងព្រហ្មចារិនីម៉ារីបានបង្ហាញខ្លួនឲ្យលោក យ៉ូហាន-ឌីអេហ្គូ គូអូត្លាតូអាស៊ីន ឃើញនៅលើភ្នំ តេបិយ៉ាក់ ប្រទេសម៉ិកស៊ិក ។ លោកជាជនជាតិអាមេរិណ្ឌូ ដែលប្រែចិត្តគំនិតជឿលើគ្រីស្តសាសនា ហើយទទួលអគ្គសញ្ញាជ្រមុជទឹក ក្រោយពីលោកបូជាចារ្យជាបេសកជនបព្វជិតហ្វ្រង់ស៊ីស្កាំង និងជនជាតិអេស្ប៉ាញមួយក្រុម មកដល់ប្រទេសម៉ិចសិក ដើម្បីប្រកាសផ្សាយព្រះបន្ទូលដំណឹងល្អនៅតាមតំបន់នោះ ។ ព្រះនាងបានសម្ដែងនូវសំណូមពររបស់ព្រះនាងចំពោះលោក ជាភាសាហាស់ទេកថា៖ «យ៉ូហាន ជាកូនដ៏តូចតាចជាងគេរបស់ខ្ញុំអើយ តើកូនអញ្ជើញទៅណាដែរ ? នាងខ្ញុំជាមាតារបស់ព្រះជាម្ចាស់ និងជាម្តាយរបស់កូនផងដែរ» រួចព្រះនាងសុំលោកទៅជួបលោកអភិបាលព្រះសហគមន៍ សុំឲ្យលោកចាប់ផ្តើមសាងសង់ព្រះវិហារមួយនៅត្រង់កន្លែងនោះ។ លោកបានទៅជួបលោកអភិបាល ដោយបង្ហាញរូបភាពដ៏អស្ចារ្យរបស់ព្រះនាង ដែលលេចចេញ ផ្តិតជាប់នៅលើជាយអាវរបស់លោក។ លោកអភិបាលព្រះសហគមន៍បានយករូបភាពដ៏អស្ចារ្យនេះ ដាក់ក្នុងព្រះវិហារបាស៊ីលីកា “ព្រះនាងព្រហ្មចារិនីម៉ារីនៅហ្គ័រដាឡូពេ ” ។ រហូតដល់សព្វថ្ងៃ មានបូជនីយេសក៍រាប់លាននាក់ ដែលធ្វើបូជនីចរណ៍រៀងរាល់ឆ្នាំ ដើម្បីទៅលើកតម្កើងព្រះជាម្ចាស់ និងគោរពព្រះនាងម៉ារីនៅក្នុងបាស៊ីលីកានោះ ។ នៅឆ្នាំ ១៩៤៦ សម្តេចប៉ាប ពីយ៉ូទី១២ បានតាំង “ព្រះនាងព្រហ្មចារិនីម៉ារីនៅហ្គ័រដាឡូពេ ” ជាសន្តីឧបការីសម្រាប់ទ្វីបអាមេរិកទាំងមូល ហើយនៅឆ្នាំ ១៩៩៩ សម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ បានតាំងព្រះនាងជាឧបការីសម្រាប់អស់កុមារដែលមិនទាន់កើតនោះផង ។





