អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសា អស ៣៥,១-១០
វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុកស្គាយឡើង! ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឱ្យដីនេះរុងរឿង ដូចព្រៃភ្នំលីបង់ មានសោភ័ណភាពដូចព្រៃព្រឹក្សានៅភ្នំកាម៉ែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញសិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ជាព្រះនៃរបស់យើង។ ចូរជួយអ្នកដែលទន់ដៃទន់ជើង ឱ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ! ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា៖«ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា ព្រះអង្គផ្ទាល់យាងមកសង្គ្រោះអ្នករាល់គ្នា។ ពេលនោះ មនុស្សខ្វាក់នឹងមើល៍ឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរនៅវាលហួតហែង។ ដីបែកក្រហែង នឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួតបែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចក បែរជាមានដើមត្រែង និងដើមកក់ដុះវិញ។ នៅទីនោះនឹងមានផ្លូវមួយ ឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។
មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។ គ្មានសត្វសិង្ហ សត្វសាហាវនៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលព្រះអង្គបានលោះមកវិញប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះនឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូនដោយស្រែកហ៊ោសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណររកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរលែងមានទៀតហើយ។
ទំនុកតម្កើងលេខ ៨៥, ៩-១៤ បទកាកគតិ
| ៩. | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
| ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង | |
| ដែលមិនលេលា។ | |||
| ១០. | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
| ដល់អ្នកកោតខ្លាច | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
| នៅលើលោកីយ៍។ | |||
| ១១. | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
| ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
| នៅលើលោកីយ៍។ | |||
| ១២. | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
| សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
| ចុះជួយរក្សា។ | |||
| ១៣. | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
| ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា | |
| សម្បូរមិនខ្វះ។ | |||
| ១៤. | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
| សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
| សុខសាន្តរហូត។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះមហាក្សត្រជាអម្ចាស់នៃផែនដីទាំងមូលព្រះអង្គនឹងយាងមក! ព្រះអង្គនឹងរំដោះយើងឱ្យមានសេរីភាព!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តៈលូកា លក ៥,១៧-២៦
ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្តាជន។ មានពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យអង្គុយស្តាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុក កាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺឱ្យបានជា។ ពេលនោះស្រាប់តែមានគេសែងមនុស្ស ខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង រួចសម្រូតគាត់ចុះមកកណ្តាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«អ្នកអើយ! ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ!»។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖«អ្នកនេះមានឋានៈអ្វី? បានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសមនុស្សឱ្យរួចពីបាបបាន?»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖«ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់អ្នកពិការនេះថា ព្រះជាម្ចាស់អត់ទោសអ្នករួចពីបាបហើយ ឬថា ចូរក្រោកឡើង ដើរទៅចុះ តើឃ្លាមួយណាស្រួលនិយាយជាង?។ ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសមនុស្សនៅក្នុងលោកនេះឱ្យរួចពីបាបបាន»។
ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ»។ រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ យកគ្រែស្នែងដែលគេសែងខ្លួនមក រួចដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ គេស្លុតស្មារតីគ្រប់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖«ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកអស្ចារ្យមែន!»។





