សន្តយ៉ូហាន ឌីអេហ្គូ (១៤៧៤-១៥៤៨) ហៅថា “គូអូត្លាតូអាស៊ីន” (មានន័យថា “ឥន្ទ្រីដែលចេះនិយាយ ” ) កើតនៅស្រុក គូអូទីត្លាន់ (Cuautitlan) (ជិតទីក្រុង ម៉ិចស៊ិកកូ) ប្រហែលជានៅឆ្នាំ ១៤៧០ ហើយ លោកជាសមាជិកនៃកុលសម្ព័ន្ធជនជាតិភាគតិចនៅទ្វីបអាមេរិចខាងត្បូងមួយឈ្មោះ “ជីជីមេកា” ដែលកាន់អបិយជំនឿ គោរពម្ចាស់ទឹកម្ចាស់ដីជាដើម ។ លោកប្រែចិត្តគំនិតជឿលើគ្រីស្តសាសនា ហើយទទួលអគ្គសញ្ញាជ្រមុជទឹកនៅពេលលោកមានអាយុ៥០ឆ្នាំ ក្រោយពីលោកបូជាចារ្យដែលជាបេសកជនបព្វជិតហ្វ្រង់ស៊ីស្កាំង និងជនជាតិអេស្ប៉ាញមួយក្រុម ទើបតែមកដល់ប្រទេសម៉ិចស៊ិក ដើម្បីប្រកាសព្រះបន្ទូលដំណឹងល្អនៅតាមតំបន់នោះ ។ តាមពិត មុននឹងលោកមានអាយុ ៥០ ឆ្នាំ យើងមិនសូវដឹងអំពីរឿងរ៉ាវនៃជីវិតរបស់លោកនោះទេ ។ ប្រាំមួយឆ្នាំក្រោយពីបានទទួលអគ្គសញ្ញាជ្រមុជទឹក នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៥៣១ ខណៈលោកកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ម៉ិចស៊ិកកូ ក្នុងគោលបំណងចង់ចូលរួមអភិបូជា ស្រាប់តែព្រះនាងព្រហ្មចារិនីម៉ារីបង្ហាញខ្លួនឲ្យលោកឃើញ នៅលើភ្នំ តេបិយ៉ាក់។ ពេលនោះ ព្រះនាងបានសម្ដែងនូវសំណូមពររបស់ព្រះនាងចំពោះលោក ជាភាសាណាហ៊ូអាទ្ល (ជាភាសាបុរាណនៃចក្រភព ហាស់ទេក) គឺសុំឲ្យលោកសាងសង់ព្រះវិហារមួយនៅត្រង់នោះ។ លោកអភិបាលព្រះសហគមន៍មិនជឿលោកទេ បានជាព្រះនាងម៉ារីសុំឲ្យលោក យ៉ូហាន ឌីអេហ្គូ ទៅរកផ្កាទាំងអស់ដែលគាត់អាចរកឃើញបាននៅលើភ្នំនោះ ជូនទៅលោកអភិបាលទុកជាសញ្ញាសម្គាល់មួយឲ្យលោកដឹងថា លោកយ៉ូហានពិតជាបានឃើញព្រះនាងមែន។ ទោះបីជាកាលនោះជារដូវរងាក៏ដោយ ក៏លោករកឃើញផ្កាកុលាប ដែលព្រះនាងសុំឲ្យលោកយកទៅជូនលោកអភិបាលភ្លាម ។ នៅពេលលោកយកផ្កាកុលាបនោះចេញពីអាវក្នុងវែង លោកភ្ញាក់ផ្អើលដោយឃើញថា ត្រង់កន្លែងដែលលោកបានដាក់ផ្កាកុលាប មានរូបភាពរបស់ព្រះនាងលេចចេញមក ផ្តិតជាប់នៅលើជាយអាវរបស់លោក។ លោកអភិបាលព្រះសហគមន៍បានយករូបភាពដ៏អស្ចារ្យនេះ ដាក់ក្នុងព្រះវិហារតូចដែលពួកជាងសំណង់ទើបតែសាងសង់នៅលើភ្នំនោះ (១៥៣៣) ហើយបានដាក់ឈ្មោះថា ព្រះវិហាររបស់ “ព្រះនាងព្រហ្មចារិនីម៉ារីនៅហ្គ័រ-ដាឡូពេ” ។ រីឯលោកយ៉ូហាន ឌីអេហ្គូវិញ លោកធ្វើជាឥសី បានរស់នៅក្នុងខ្ទមមួយនៅជិតវិហារ ដោយមានលោកអភិបាលព្រះសហគមន៍អនុញ្ញាតឲ្យ ។ ក្រោយមកបានគ្រីស្តបរិស័ទជាច្រើនបានមកធ្វឋើបូជានីយចរនៅទីនោះ មានជនជាតិភាគតិចជាច្រើនប្រែចិត្តគំនិត ហើយក្លាយជាគ្រីស្តបរិស័ទ ក្រោយពីបានជួបលោក ឌីអេហ្គូ ព្រមទាំងបានឃើញ និងគោរពរូបភាពនៃ “ព្រះនាងនៅហ្គ័រដាឡូពេ ” នោះផងដែរ ។ មកទល់សព្វថ្ងៃ មានមនុស្សជាច្រើនកុះករនៅតែធ្វើបូជនីចរណ៍ ទៅលើកតម្កើងព្រះជាម្ចាស់ និងគោរពព្រះនាងម៉ារីនៅបាស៊ីលីកានោះ។ លោកយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន ទទួលមរណភាពនៅឆ្នាំ ១៥៤៨ ហើយបានទទួលឋានៈជាសន្តបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០២ ដោយមានសម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ បានប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក ក្នុងវិសាលវិហារបាស៊ីលីកា សន្តសិលា នៅបុរីវ៉ាទីកង់ ទីក្រុងរ៉ូម ។ លោកជាសន្តបុគ្គលជនជាតិអាមេរិណ្ឌូដំបូងបង្អស់ និងជាសន្តឧបការីនៃជនជាតិភាគតិចទាំងឡាយ។ សម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ មានប្រសាសន៍ថា៖ «លោកយ៉ូហាន ឌីអេហ្គូ ជាសញ្ញាសម្គាល់នៃការប្រកាសផ្សាយព្រះបន្ទូលដំណឹងល្អ ដែលបានកើតជារូបរាងនៅក្នុងប្រជាជាតិនានា តាមអរិយធម៌រៀងៗខ្លួន » ។





