ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ២៩,១៧-២៤

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បន្តិចទៀត ព្រៃព្រឹក្សានៅលើភ្នំលីបង់នឹងត្រឡប់ទៅជាចម្ការដំណាំ ហើយចម្ការដំណាំក្លាយទៅជាព្រៃព្រឹក្សាវិញ។ នៅគ្រានោះ មនុស្សថ្លង់នឹងឮព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរ ឯមនុស្សខ្វាក់នឹងឈប់ងងឹតភ្នែក ហើយមើលឃើញ។ ព្រះអម្ចាស់នឹងប្រោសអ្នកតូចតាចឱ្យមានអំណរសប្បាយកាន់តែខ្លាំងឡើងៗ ហើយព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលនឹងប្រោសអ្នកទីទ័លក្រឱ្យត្រេកអរសប្បាយឡើងដែរ។ ស្តេចដែលកាន់លទ្ធិផ្តាច់ការនឹងត្រូវវិនាសសាបសូន្យ ហើយអ្នកដែលមើលងាយព្រះជាម្ចាស់ក៏លែងមានទៀតដែរ។ អស់អ្នកដែលចូលចិត្តធ្វើអំពើអាក្រក់ដល់អ្នកដទៃនឹងត្រូវបាត់បង់ជីវិត គឺពួកដែលប្រើឧបាយកលឱ្យចៅក្រមធ្វើទោសអ្នកគ្មានកំហុស ហើយពួកដែលចោទប្រកាន់អ្នកសុចរិតថាធ្វើអំពើអាក្រក់ មុខជានឹងត្រូវវិនាសសាបសូន្យពុំខាន។ ហេតុនេះហើយ បានជាព្រះអម្ចាស់ជាព្រះរបស់កូនចៅលោកយ៉ាកុប និងជាព្រះដែលបានសង្គ្រោះលោកអប្រាហាំ ទ្រង់មានព្រះបន្ទូលថា៖ «តាំងពីពេលនេះតទៅ កូនចៅលោកយ៉ាកុបលែងអាម៉ាស់ទៀត ហើយមុខគេក៏លែងស្លាំងដែរ ដ្បិតគេឃើញការណ៍ដ៏អស្ចារ្យដែលយើងប្រព្រឹត្តសម្រាប់ពួកគេ។ ពួកគេនឹងទទួលស្គាល់នាមរបស់យើង ពួកគេទទួលស្គាល់ថា យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប ហើយគេកោតខ្លាចយើង ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ពួកគេបានវង្វេងស្មារតី តែពួកគេនឹងចាប់ផ្តើមមានប្រាជ្ញាឡើងវិញ រីឯមនុស្សរឹងរូសមិនព្រមស្តាប់ ក៏នឹងសុខចិត្តទទួលពាក្យប្រៀនប្រដៅដែរ»។

ទំនុកតម្កើងលេខ ២៧,១.៤.១៣-១៤ បទពាក្យ ៧
១.ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត ។
៤.ខ្ញុំទូលព្រះម្ចាស់នូវសេចក្តីតែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡាស់​មួយជីវិត ។
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ឫទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ ។
១៣.ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន ។
១៤.ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹង

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់របស់យើងយាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកបំភ្លឺចិត្តគំនិតអ្នកបម្រើរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ៩,២៧-៣១

នៅគ្រានោះ ព្រះយេស៊ូកំពុងតែធ្វើដំណើរ។ មនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គទាំងស្រែកថា៖«ព្រះរាជ្យវង្សព្រះបាទដាវីឌអើយ! សូមអាណិតអាសូរយើងខ្ញុំផង»។ ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖«តើអ្នកជឿថា ខ្ញុំអាចធ្វើឱ្យភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ! យើងខ្ញុំជឿហើយ!»។ ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរទាំងមានព្រះបន្ទូលថា៖«សូមឱ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងម៉ឺងម៉ាត់ថា៖«ចូរប្រយ័ត្ន កុំឱ្យនរណាដឹងឡើយ»។ ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឱ្យគេដឹងពាសពេញស្រុក។

Facebook
Twitter
LinkedIn