គ្រូ​អប់រំ​ជំនឿ​ជា​អ្នក​ផ្តល់​ជី​នៃ​ជំនឿ

ពិធី​ប្រសិទ្ធី​ពរ​លើ​គ្រូ​អប់រំ​ជំនឿ​ក្នុង​មណ្ឌល​សកម្មភាព​ទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ ចំប៉ា

មេគង្គ ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២២

បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងបានស្តាប់ព្រះបន្ទូលមួយដែលណែនាំឱ្យយើង ចូលនៅក្នុងរបៀបដែលព្រះសហគមន៍ត្រូវតែអប់រំជំនឿ។ យើងបានឃើញម្ចាស់ចំការគាត់បានចេញពីព្រលឹម គាត់បានសាបព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ក្នុងដីដែលមានសុទ្ធតែថ្ម វាដុះតិចៗប៉ុន្តែនៅពេលត្រូវកំដៅថ្ងៃវាងាប់អស់ហើយ ដោយសារឥតមានឬសដើម្បីចាក់ជ្រៅ។ មានគ្រាប់ពូជខ្លះធ្លាក់នៅលើដីដែលមានបន្លា វាដុះមិនកើតទេ ដោយសារបន្លាណែនាំឱ្យពូជដុះមិនបាន ឥតមានដង្ហើម ឥតមានអ៊ុកស៊ីសែន ឥតមានខ្យល់ ឥតមានពន្លឺ ណែនាំឱ្យវាងាប់អស់។ មានគ្រាប់ពូជខ្លះ ធ្លាក់នៅលើដីដែលមានជីជាតិល្អ វាចាប់ផ្តើមលូតលាស់ណែនាំឱ្យមានផ្លែយ៉ាងច្រើន។

បងប្អូនជាទីស្រឡាញ់ គឺព្រះជាម្ចាស់ដែលសាបព្រោះ ព្រះជាម្ចាស់សាបព្រោះនៅក្នុងដួងចិត្តរបស់យើងទាំងអស់ ជាក្មេងក្តី ជាយុវជនក្តី ជាគ្រូអប់រំជំនឿក្តី ជាគ្រីស្តបរិស័ទក្តី ព្រះជាម្ចាស់សាបព្រោះ។ ប៉ុន្តែ ក្រោយមកអាស្រ័យលើដួងចិត្តរបស់យើង ជំនឿរបស់យើង ជីវិតរបស់យើងប្រចាំ ដើម្បីឱ្យគ្រាប់ពូជដែលព្រះជាម្ចាស់បានសាបព្រោះនៅក្នុងដួងចិត្តរបស់យើង អាចលូតលាស់។ ប្រសិនបើជីវិតរបស់យើងឆ្ងាយពីព្រះជាម្ចាស់ ដូចបន្លាបន្តិចម្តងៗគ្រាប់ពូជដែលព្រះជាម្ចាស់បានសាបព្រោះងាប់អស់ហើយ។ ដោយសារ យើងរវល់រកស៊ី យើងរវល់ដើរលេង យើងរវល់រឿងលោកីយ៍ យើងភ្លេចចូលព្រះសហគមន៍អស់ហើយ។ ប្រសិនបើ ធ្លាក់នៅក្នុងជីវិតរបស់យើងយូរៗម្តងនឹកឃើញ ចូលព្រះវិហារ ស្តាប់ព្រះបន្ទូលផង លេងទូរស័ព្ទផង សូត្រផ្គាំប៉ុន្តែនឹកឃើញរឿងផ្សេងៗ ដូចជាមិនបានចាក់នៅក្នុងដីយ៉ាងជ្រៅទេ បន្តិចម្តងៗស្វិតទៅៗ។ ផ្ទុយទៅវិញ ប្រសិនបើនៅក្នុងដីល្អដែលមានជីជាតិ យើងដឹងថាវាលូតលាស់។ ប៉ុន្តែ ជីមកពីគ្រូអប់រំជំនឿយកចិត្តទុកដាក់ ថែទាំ បង្រៀន លើកទឹកចិត្ត ដើម្បីឱ្យគ្រីស្តបរិស័ទម្នាក់ៗត្រូវតែមានបញ្ហានៅក្នុងជីវិត អំណរសប្បាយ អាចទៅមុខបាន។

ដូច្នេះ តួនាទីដែលយើងទទួលថ្ងៃនេះមិនមែនជំនួសព្រះជាម្ចាស់ទេ ព្រះជាម្ចាស់សាបព្រោះ ព្រះជាម្ចាស់ថែរក្សា ព្រះជាម្ចាស់ប្រទានជំនឿមែន។ ប៉ុន្តែ យើងធ្វើដូចម្តេចដើម្បីឱ្យបងប្អូនដែលនៅក្នុងក្រុមអប់រំជំនឿរបស់យើង អាចលូតលាស់នៅក្នុងជីវិតប្រចាំជាគ្រីស្តបរិស័ទ។ ដើម្បីឱ្យព្រះសហគមន៍របស់យើងទៅជាដើមឈើមួយយ៉ាងស្អាត ដែលមានផ្កាយ៉ាងច្រើន ដែលមានផ្លែយ៉ាងច្រើន ដែលមានទីលំនៅសម្រាប់បក្សាបក្សីទាំងអស់។ ដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាគ្រួសារមួយដែលចេះយល់ចិត្តគ្នានៅក្នុងព្រះយេស៊ូគ្រីស្ត។

ដូច្នេះ ថ្ងៃនេះខ្ញុំអធិដ្ឋានដើម្បីឱ្យយើងជាបូជាចារ្យ រួមជាមួយបងប្អូនដែលជាបព្វជិតបព្វជិតា ជាគ្រូអប់រំជំនឿ ឱ្យយើងធ្វើដំណើររួមជាមួយគ្នា ដើម្បីឱ្យព្រះសហគមន៍របស់យើងចាក់គ្រីស្តយ៉ាងជ្រៅនៅក្នុងការអធិដ្ឋាន នៅក្នុងជីវិតជាគ្រីស្តបរិស័ទដោយចេះស្រឡាញ់និងលើកលែងទោស។ នៅក្នុងជីវិតជាគ្រីស្តបរិស័ទភ្ជាប់ជាមួយព្រះជាម្ចាស់ ដើម្បីឱ្យព្រះសហគមន៍របស់យើងពោរពេញដោយជីវិត ពោរពេញដោយអំណរសប្បាយដ៏ពេញលក្ខណៈ ដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់។ អាម៉ែន៕

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ

Facebook
Twitter
LinkedIn