អភិបូជានៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២
អត្ថបទទី១៖ សេរីភាព ១៧,៨-១៣ ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំង។ សរ ១៧,៩ អត្ថបទទី២៖ ធីម៉ូថេទី២ ៣,១៤-៤,២ ព្រះគម្ពីរអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ។ ២ធម ៣,១៥ ដំណឹងល្អ៖ លូកា ១៨,១-៨ សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង។ លក ១៨,៣ |
បងប្អូនជាទីស្រឡាញ់
នៅក្នុងអត្ថបទទី១ អត្ថបទទី២ ក៏ដូចជាគម្ពីរដំណឹងល្អដែរ យើងបានស្ដាប់អំពីយុត្តិធម៌ អំពីតុលាការ អំពីការវិនិច្ឆ័យ អំពីការកាត់ក្ដីយ៉ាងច្រើនណាស់។ ដោយសារ តាមពិតយើងកំពុងធ្វើដំណើរដល់ចុងខែវិច្ឆិកា ជាពេលវេលាដាច់ឆ្នាំនៃពិធីបុណ្យរបស់យើង មុខយើងចូលនៅក្នុងរដូវរង់ចាំ។ ព្រះសហគមន៍បន្តិចម្ដងៗ ណែនាំឲ្យយើងត្រៀមខ្លួនដើម្បីគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក ដែលយាងមកដើម្បីកាត់ក្ដី វិនិច្ឆ័យមនុស្សលោក។
ថ្ងៃនេះ យើងមានសំណួរមួយធំបំផុត ដែលយើងត្រូវការទុកនៅក្នុងដួងចិត្តរបស់យើង នៅក្នុងផ្លូវវិញ្ញាណរបស់យើង។ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ? នេះជាសំណួរធំបំផុត ដែលណែនាំឲ្យយើងចូលនៅក្នុងគោលបំណងនៃជីវិតរបស់យើងថ្ងៃនេះ។ នៅពេលយើងស្ដាប់អត្ថបទទាំងបី យើងបានយល់ថា មហាគោលដៅរបស់ព្រះជាម្ចាស់ គំរោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោកគឺ សង្គ្រោះយើង ដើម្បីទទួលការសង្គ្រោះដោយមានជំនឿលើព្រះយេស៊ូគ្រីស្ត។ នេះជាគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក ពីដើមរៀងមកនៅពេលព្រះជាម្ចាស់បានបង្កើតយើងជាបុរសជាស្រ្តី បានបង្កើតយើងដើម្បីឲ្យយើងមានសុភមង្គលអស់កល្បជានិច្ច។ សុភមង្គលដែលណែនាំឲ្យជីវិតរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃទៅជាជីវិតអស្ចារ្យ។ ប៉ុន្តែ យើងដឹងហើយមនុស្សយើងជួនកាលយើងពិបាកដើរតាមព្រះជាម្ចាស់ ពីអាដាំនិងអេវ៉ារហូតដល់សព្វថ្ងៃ។ ដូច្នេះ យើងផ្ដាច់សម្ព័ន្ធដែលយើងមានជាមួយព្រះជាម្ចាស់ ណែនាំឲ្យជីវិតរបស់យើងជួនកាលបាត់បង់សុភមង្គល និងសេចក្ដីសុខអស់ហើយ។ ប៉ុន្តែ ដោយសារព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកយ៉ាងខ្លាំងណាស់ បានចាត់ព្រះយេស៊ូឲ្យយាងមកដើម្បីសង្រ្គោះយើង ឲ្យយើងមានជីវិតអស់កល្បជានិច្ច។ ដំណើរជីវិតរបស់ព្រះយេស៊ូលើផែនដីនេះ គឺណែនាំឲ្យមនុស្សទាំងអស់មានឱកាស ដើម្បីស្ដាប់អំពីព្រះគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ឲ្យយើងមានជីវិតអស់កល្បជានិច្ច។ ដូច្នេះ ថ្ងៃនេះយើងចូលនៅក្នុងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់យើង គឺគម្រោងការរបស់ព្រះជាម្ចាស់ដ៏អស្ចារ្យ គឺទទួលការសង្គ្រោះ។
ថ្ងៃនេះ យើងស្ដាប់មហាសំណួរដែលជាសំណួរសំខាន់បំផុតសម្រាប់ជីវិតរបស់យើង មិនមែនតែសួរអំពីផែនដីទាំងមូល។ ប៉ុន្តែ នៅពេលព្រះយេស៊ូយាងមក តើព្រះយេស៊ូឃើញមនុស្សមានជំនឿឬអត់? តើព្រះយេស៊ូឃើញយើងមានជំនឿឬអត់? បងប្អូនជាទីស្រឡាញ់ កុំភ្លេចយើងមិនទទួលការសង្គ្រោះ និងជីវិតអស់កល្បជានិច្ច ដោយសារយើងខិតខំប្រឹងធ្វើអំពើល្អ ជួយគេ ស្រឡាញ់គេ លើកទឹកចិត្តគេ ធ្វើដំណើរជាមួយអ្នកក្រីក្រ ធ្វើដំណើរជាមួយអ្នកដែលគ្មានទីពឹងទេ។ យើងមិនទទួលការសង្គ្រោះ ដោយសារនេះទេ យើងទទួលការសង្គ្រោះដោយសារយើងមានជំនឿលើព្រះជាម្ចាស់។ ប៉ុន្មានថ្ងៃមុន យើងមានសិក្ខាសាលាគ្រូអប់រំជំនឿ នៅពេលនោះយើងបាននិយាយថា យើងមិនអាចផ្ដល់ជំនឿដល់អ្នកស្វែងយល់ឬដល់ពន្លកថ្មី។ ប៉ុន្តែ យើងថែរក្សាជំនឿរបស់គេដើម្បីឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលគេបានទទួលហើយ រីកចម្រើនលូតលាស់។ សម្រាប់យើង នៅពេលយើងចូលអភិបូជាជារៀងរាល់អាទិត្យ នៅពេលយើងស្ដាប់ព្រះបន្ទូល នៅពេលយើងទទួលព្រះកាយព្រះគ្រីស្ត ណែនាំឲ្យយើងនឹកឃើញ ពិតមែនខ្ញុំទទួលជីវិតពីព្រះជាម្ចាស់ ពិតមែនជីវិតរបស់ខ្ញុំទៅមុខ។ ដោយសារ ខ្ញុំមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងខ្លួនខ្ញុំ នេះជារបៀបដែលយើងប្រកាសជំនឿទៅលើព្រះជាម្ចាស់ ដែលសោយទិវង្គតនិងមានព្រះជន្មរស់ឡើងវិញ។
ដូច្នេះ សំណួរធំបំផុតដែលយើងមាន គឺតើជំនឿរបស់យើងទៅដល់ណា? នេះអត់មានអ្នកណាដែលអាចវិនិច្ឆ័យបានទេ លើកលែងតែព្រះជាម្ចាស់។ ខ្ញុំអត់មានសមត្ថភាពដើម្បីកាត់ក្ដីថា អ្នកនោះមានជំនឿ អ្នកនេះអត់មានជំនឿទេ នេះជាជីវិតរបស់យើងផ្ទាល់។ ប៉ុន្តែ ថ្ងៃនេះយើងស្ដាប់ថែមទៀត យើងស្ដាប់អ្វីដែលជាសំខាន់សម្រាប់យើង គឺមហាកិច្ចការដែលយើងទទួល ដើម្បីរស់នៅប្រចាំថ្ងៃនៅក្នុងជំនឿរបស់យើង។ គឺធ្វើជាអ្នកបម្រើ ធ្វើជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដោយស្ដាប់ការបង្រៀនរបស់ព្រះអង្គ ដែលរកខុសត្រូវ ដែលកែតម្រូវ ដែលអប់រំឲ្យរស់នៅតាមសេចក្ដីសុចរិត។ “អ្នកបម្រើរបស់ព្រះជាម្ចាស់ដែលស្ដាប់អត្ថបទគម្ពីរដំណឹងល្អ ដើម្បីឲ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺយើង ទៅជាប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ អប់រំឲ្យរស់នៅតាមសេចក្ដីសុចរិត។ ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់ព្រះជាម្ចាស់ មានសមត្ថភាពនិងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តិអំពើល្អគ្រប់ជំពូក”។ នេះជាកិច្ចការរបស់យើង កិច្ចការមហាកំពូលរបស់យើងគឺស្ដាប់ព្រះគម្ពីរ ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទៅជាមនុស្សថ្មី។
ដោយសារ ពេលយើងនិយាយអំពីការសង្គ្រោះ យើងគិតវែងឆ្ងាយមើលមិនឃើញ ប៉ុន្តែពេលយើងនិយាយអំពីជីវិតរបស់យើងប្រចាំថ្ងៃ នៅពេលយើងបានទទួលពិធីជ្រមុជទឹកយើងបានទៅជាមនុស្សថ្មីហើយ។ ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃយើងត្រូវការបន្តខិតខំ បន្តប្រុងប្រៀប បន្តយកចិត្តទុកដាក់។ នេះយើងអាចទទួលបានលុះត្រាតែយើង ទុកឲ្យព្រះវិញ្ញាណដ៏វិសុទ្ធណែនាំដូចនៅក្នុងគម្ពីរដំណឹងល្អដែលយើងស្ដាប់។ ដោយសារ គម្ពីរណែនាំឲ្យយើងទទួលការអប់រំ ណែនាំឲ្យយើងកែប្រែចិត្តគំនិត ណែនាំឲ្យយើងរកខុសនិងត្រូវ ណែនាំឲ្យយើងរស់នៅក្នុងសេចក្ដីសុចរិត នេះសម្រាប់យើងផ្ទាល់ខ្លួន។ មុនគិតដល់គេគិតដល់ផ្ទាល់ខ្លួនសិន ទៅជាមនុស្សថ្មីសិន ទៅជាមនុស្សដែលចេះស្រឡាញ់ខ្លួនឯងសិន ទៅជាមនុស្សដែលយកចិត្តទុកដាក់រស់នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់សិន ស្ដាប់គម្ពីរ ស្ដាប់ព្រះបន្ទូល យកចិត្តទុកដាក់។
ប៉ុន្មានថ្ងៃទៀត យើងគោរពសន្តលូកា ថ្ងៃទី១៨ ខែតុលា សន្តលូកាដែលបាននិពន្ធព្រះគម្ពីរដំណឹងល្អលូកា ដែលបង្ហាញអំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ មានតែលូកា ដែលនិយាយអំពីព្រះយេស៊ូប្រសូត មានតែលូកាដែលមានពាក្យប្រស្នា ដែលយើងចាំទាំងអស់គ្នា “កូនពៅវង្វេង”។ នៅក្នុងលូកា យើងមើលឃើញដំណើររបស់ព្រះជាម្ចាស់ជាមួយមនុស្សយើង ដើម្បីមើលឃើញយ៉ាងជាក់ស្ដែង អំពីរបៀបដែលព្រះជាម្ចាស់ជាព្រះបិតា ស្រឡាញ់យើង មានព្រះហឫទ័យប្រណីសន្ដោស និងលើកលែងទោសឲ្យយើង។ ដូច្នេះ ខ្ញុំអញ្ជើញបងប្អូននៅក្នុងខែនេះ អានគម្ពីរលូកាឥតមានទំព័រច្រើនទេ យើងអានស្រួលមែនទែន ពីព្រះយេស៊ូប្រសូតរហូតដល់ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ យើងចូលនៅក្នុងជីវិតរបស់យើងមែនទែន នៅពេលនោះយើងភ្លឺដោយសារយើងទទួលការអប់រំ។
នៅពេលនោះយើងភ្ញាក់ស្មារតីដោយសារយើងដឹងខុសនិងត្រូវ នៅពេលនោះយើងកែប្រែចិត្តគំនិត ដើម្បីរស់នៅក្នុងភាពសុចរិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យយើងប្រព្រឹត្តិអំពើល្អគ្រប់ជំពូក។ ដោយសារ ជំនឿណែនាំឲ្យយើងប្រព្រឹត្តិអំពើល្អ ផ្លែនៃជំនឿរបស់យើងគឺអ្វីដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមានជំនឿយ៉ាងខ្លាំង យើងប្រព្រឹត្តិអំពើល្អយ៉ាងច្រើន យើងមានជំនឿតិចតួចយើងប្រព្រឹត្តអំពើល្អតិចតួច។ ដូចដើមឈើ ដើមឈើណាមានគល់ល្អ មានជីជាតិល្អបានផ្លែច្រើន ដើមឈើដែលស្វិតអត់មានឬសយ៉ាងជ្រៅ មានផ្លែតិចៗ។ ជំនឿ ណែនាំឲ្យយើងមើលឃើញផ្លែ អត់មានផ្លែនៅក្នុងជីវិតយើង យើងត្រូវការគិត តើយើងមានជំនឿរឹងមាំឬទេ? តើយើងទុកចិត្តលើព្រះជាម្ចាស់យ៉ាងដូចម្តេច? តើយើងទុកចិត្តលើឧបការគុណរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច?
ដូច្នេះ ថ្ងៃនេះយើងឃើញសុទ្ធតែជារឿងមហា មហាគម្រោងការរបស់ព្រះជាម្ចាស់ មហាសំណួរសម្រាប់ជីវិតរបស់យើង មហាកិច្ចការដែលយើងទទួលខុសត្រូវ និងមហាបេសកកម្មស្រាប់យើងជាគ្រីស្តបរិស័ទ។ ជាពិសេស នៅក្នុងខែតុលានេះ ជាខែដែលព្រះសហគមន៍ជម្រុញយើង ឲ្យយើងអធិដ្ឋានសម្រាប់ការប្រកាសដំណឹងល្អ។ ប៉ុន្តែ មិនមែនសម្រាប់សាសនទូត មិនមែនសម្រាប់គេ អធិដ្ឋានសម្រាប់យើងផ្ទាល់។ ដោយសារ ថ្ងៃនេះលោកប៉ូលគាត់និយាយ “ចូរប្រកាសព្រះបន្ទូលព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់និងពន្យល់ឲ្យគេដឹងខុសត្រូវ ស្ដីបន្ទោសដាស់តឿននិងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់យ៉ាង”។ នេះជាបេសកកម្មរបស់យើង ប៉ុន្តែដើម្បីបំពេញបេសកកម្មនេះយើងត្រូវការចូលនៅក្នុងមហាកិច្ចការយើងផ្ទាល់។ ពេលយើងចូលជាមួយព្រះបន្ទូលហើយ យើងអាចមានសិទ្ធិប្រកាសដល់គេ នៅពេលយើងបានកែប្រែចិត្តគំនិតរបស់យើងខ្លះៗហើយ យើងមានសិទ្ធិដើម្បីជួយគេដែរ។ ប៉ុន្តែ មូលដ្ឋានទាំងអស់យើងរកនៅក្នុងការអប់រំ បំភ្លឺនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈគម្ពីរដំណឹងល្អ។
ម្សិលមិញខ្ញុំបានផ្ញើសារ ខ្ញុំបានសរសេរអំពីសិក្ខាសាលាអប់រំជំនឿដែលយើងមានថ្មីៗនេះ ខ្ញុំបានសរសេរថា “មណ្ឌលសន្តអ៊ីរ៉េណេ សម្រាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអប់រំជំនឿ”។ ឲ្យយើងយកចិត្តទុកដាក់ ឲ្យមណ្ឌលរបស់យើងថែរក្សាការអប់រំតាមរយៈព្រះគម្ពីរ ឲ្យព្រះគម្ពីរទៅជាគោលនៃអប់រំជំនឿ ឲ្យព្រះគម្ពីរទៅជាគោលនៃជីវិតរបស់យើងមែនទែន។ ដោយសារ អត្ថបទលោកប៉ូលដែលយើងបានស្ដាប់ថ្ងៃនេះផ្ញើជូនទៅគ្រីស្តបរិស័ទនៅទីក្រុងធីម៉ូថេ ទៅជាអត្ថបទសម្រាប់ជីវិតរបស់យើងមែនទែន។ សូមបងប្អូនអាននិងអានទៀត យើងឃើញទាំងអស់ យើងឃើញចំណុចទី១ គឺកែប្រែរបស់យើង ចំណុចទី២គឺរបៀបដែលយើងត្រូវការចូលនៅក្នុងមហាបេសកកម្មដែលព្រះជាម្ចាស់ប្រទានឲ្យ។ គឺប្រកាសដំណឹងល្អ សូមនិយាយនិងនិយាយទៀត ឱកាសល្អនិយាយទៅ ឱកាសមិនល្អក៏និយាយដែរ មានន័យថាអត់ដែលស្ងាត់។ ប៉ុន្តែ មិនមែនតែនិយាយតែលើបបូរមាត់ ទ្រឹស្ដីមួយទៅណា ឱ្យយើងរស់នៅតាម ដូច្នេះពេលយើងរស់នៅតាម គឺជាសក្ខីភាពដែលយើងផ្ដល់ពោរពេញដោយតម្លៃសម្រាប់បងប្អូនឯទៀតៗ។
ខែនេះយើងបានប្រារព្ធ៦០ឆ្នាំ នៃមហាសន្និបាតវ៉ាទីកង់ទី២ ព្រះសហគមន៍ដែលយើងមើលឃើញសព្វថ្ងៃ របៀបដែលព្រះសហគមន៍រស់នៅសព្វថ្ងៃ គឺចេញពីមហាសន្និបាតវ៉ាទីកង់ទី២ ដែលសម្តេចប៉ាប យ៉ូហានទី២៣ បានបង្កើត ដែលសម្តេចប៉ាប ប៉ោឡូទី៦ បានបញ្ចប់។ នៅពេលសម្តេចប៉ាប ប៉ោឡូទី៦ បានបញ្ចប់មហាសន្និបាតនេះ ព្រះអង្គបានសរសេរសារលិខិតមួយ ស្ដីអំពីការប្រកាសដំណឹងល្អដល់មនុស្សលោក។ នៅពេលនោះព្រះអង្គបាននិយាយច្បាស់ ពិភពលោកសព្វថ្ងៃអត់ត្រូវការមនុស្សដែលចេះតែនិយាយ ប៉ុន្តែត្រូវការមានសាក្សីដែលណែនាំឲ្យយើងឆ្លងពីសាក្សីហ្នឹង អំពីសេចក្ដីស្រឡាញ់និងសេចក្ដីសុខ។ ឆ្លងសេចក្ដីស្រឡាញ់ពីគេ ឆ្លងសេចក្ដីសុចរិតពីគេ ដោយសារសក្ខីភាពដែលគេផ្ដល់។ ដូច្នេះបងប្អូនជាទីស្រឡាញ់ មហាបេសកកម្មរបស់យើង គឺនិយាយនិងនិយាយ ដើម្បីណែនាំឲ្យមនុស្សទាំងអស់រកឃើញសេចក្ដីសុខ។ ប៉ុន្តែ មិនមែននិយាយអត់ប្រយោជន៍ និយាយនៅក្នុងសក្ខីភាពដែលយើងផ្ដល់។ មហាធ្យោបាយដែលយើងមានដើម្បីជោគជ័យ គឺស្ដាប់ព្រះបន្ទូលម្ដងទៀតនិងម្ដងទៀត។
ដូច្នេះខ្ញុំអញ្ជើញបងប្អូននៅក្នុងខែតុលា ខែវិច្ឆិកា ខែធ្នូ ឲ្យយើងយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូល អានសន្តលូកា ចូលនៅក្នុង Aps ដែលយើងមាន ដើម្បីស្ដាប់ព្រះបន្ទូលប្រចាំថ្ងៃ។ ភ្ជាប់ជាមួយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិករបស់យើង (CSC) ដែលផុសព្រះបន្ទូលជារៀងរាល់ថ្ងៃ ដើម្បីឲ្យព្រះបន្ទូលធ្វើដំណើរជាមួយយើង។ ក្នុងមួយថ្ងៃ យើងរវល់ជាមួយទូរស័ព្ទរាប់ម៉ោង ដូច្នេះយកតែ៥នាទីដើម្បីស្ដាប់ព្រះបន្ទូល ដោយដឹងថានេះអាចបំភ្លឺជីវិតរបស់យើង ចូលនៅក្នុងត្រចៀក ចូលនៅក្នុងចិត្ត និងបន្តិចម្ដងៗទុកឲ្យព្រះជាម្ចាស់ធ្វើការទៅ។ ឲ្យព្រះជាម្ចាស់ធ្វើការ ឲ្យព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការ និងព្រះសហគមន៍របស់យើងទៅជាព្រះសហគមន៍របស់ព្រះជាម្ចាស់ដ៏ពិតប្រាកដម៉ែន។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ