យើង​ជា​អ្នក​សាប​ព្រោះ

ពិធី​ប្រសិទ្ធី​ពរ​លើ​គ្រូ​អប់រំ​ជំនឿ​សម្រាប់​តំប​ន់ភ្នំពេញ​និង​តាខ្មៅ

ធ្វើ​នៅ​មជ្ឈមណ្ឌល​ព្រះសហគមន៍​ភ្នំពេញ​ថ្មី

ភ្នំពេញ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ ភីលីព ១,១៨-២៦
ឲ្យ​បង‌ប្អូន​បាន​ចម្រើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ។ ភីល ១,២៥
ដំណឹងល្អ៖ ម៉ាថាយ ១៣,១-៩
មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ មថ ១៣,៣

បង​ប្អូន​ជា​ទី​ស្រឡាញ់

បង​ប្អូន​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​តែងតាំង​លោកអភិបាល លី ថ្មីៗ​នេះ​បាន​ស្ដាប់​នៅ​ពេល​ប្រគល់​មួក​ទៅ​លោកអភិបាល លី។ មួក​ជា​សញ្ញា​សម្គាល់​នៃ​ការ​អប់រំ ដោយសារ​លោក​អភិបាល​មាន​តួនាទី​គ្រប់​គ្រង មាន​តួនាទី​ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​ទៅ​ជា​អ្នក​ដ៏​វិសុទ្ធ និង​មាន​តួនាទី​អប់រំ។ ដូច្នេះ ពេល​លោក​អភិបាល​ទេសនា​មិន​មែន​ទេសនា​ល្មមៗ​លេងៗ ប៉ុន្តែ​ជា​ពេល​វេលា​មួយ​ដើម្បី​ឲ្យ​យើង​ចូល​នៅ​ក្នុង អាថ៌​កំបាំង​របស់​គម្រោង​ការ​នៃ​ការ​សង្រ្គោះ តាម​រយៈ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

ថ្ងៃ​នេះ យើង​បាន​ជ្រើស​រើស​ព្រះបន្ទូល​មួយ ដែល​ដូចជា​បង្ហាញ​អំពី​តួនាទី​របស់​យើង​ដែរ “មានបុរសម្នាក់ចេញ​ទៅ​ព្រោះ​គ្រាប់ពូជ ពេលគាត់​ព្រោះ​មានគ្រាប់ពូជខ្លះធ្លាក់នៅ​លើ​ដីល្អ ដីដែលមានថ្ម ដីដែលមានបន្លា”។ អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​យើង​នឹក​ឃើញ​គឺ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ ថ្ងៃ​នេះ​យើង​បាន​និយាយ​ច្រើន​អំពី​អប់រំ​ជំនឿ។ ប្រធាន​បទ​ដែល​លោក​គ្រូ វង់ បាន​ទុក​សម្រាប់​ពេល​ក្រោយ យើង​មាន​តួនាទី​មួយ គឺ​ប្រកាស​ដំណឹង​ល្អ។ ដោយសារ ប្រសិន​បើ​អត់​មាន​នរណា​ដែល​ប្រកាស​ដំណឹង​ល្អ​ដល់​បង​ប្អូន​ឯទៀតៗ គេ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ហ្នឹង គេ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ព្រះបន្ទូល​ចូល​នៅ​ក្នុង​ខ្លួន​គេ ប្រសិន​បើ​គេ​អត់​ស្ដាប់។ សម្រាប់​យើង​ដែល​ជា​គ្រូ​អប់រំ​ជំនឿ យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​អប់រំ​ជំនឿ ប្រសិន​បើ​យើង​អត់​ដែល​ស្ដាប់​ព្រះបន្ទូល។ កុំ​ឲ្យ​យើង​ភ្លេច យើង​មិន​មែន​នៅ​ក្នុង​ព្រះសហគមន៍ ដែល​មាន​ប្រវត្តិ​សាស្រ្ត​យូរ​ឆ្នាំ ទោះ​បី​យើង​កើត​៥០០​ឆ្នាំ​ហើយ​ក៏​ដោយ។ ប៉ុន្តែ យើង​ជា​ព្រះសហគមន៍​ដែល​សព្វ​ថ្ងៃ​រស់​នៅ​ជា​មួយ​បង​ប្អូន​ជា​គ្រីស្ត​បរិស័ទ​ជំនាន់​ទី​១ មាន​ន័យ​ថា​មិន​មែន​ពី​ជំនាន់​ដើម។ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល​នេះ យើង​មាន​បង​ប្អូន​មួយ​ចំនួន​ជា​ជំនាន់​ទី​១​នៃ​គ្រីស្ត​បរិស័ទ ជួន​កាល​ជំនាន់​ទី​២​ដែរ​ដោយសារ​មាន​កូន​ជា​ជំនាន់​ទី​២ ដូច្នេះ​យើង​អត់​មាន​ជំនាន់​ច្រើន​ទេ។

តួនាទី​របស់​យើង​មិន​មែន​តែ​អប់រំ​ជំនឿ ប៉ុន្តែ​នឹក​ឃើញ​ដូច​ពី​សម័យ​ដើម គ្រូ​អប់​រំ​ជំនឿ​ជា​អ្នក​ដែល​ចេញ ដែល​សាប​ព្រោះ។ ដែល​ប្រកាស​ដំណឹង​ល្អ ដើម្បី​ឱ្យ​មនុស្ស​យ៉ាង​ច្រើន​បាន​ស្ដាប់ នេះ​ជា​តួនាទី​របស់​យើង​ជា​លោក​បូជាចារ្យ។ មិន​មែន​តែ​អង្គុយ​ចាំ​ឲ្យ​គ្រីស្ត​បរិស័ទ​មក ប៉ុន្តែ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ណែនាំ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ទៅ​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ នេះ​ជា​ព្រះបន្ទូល​ចុង​ក្រោយ​របស់​ព្រះយេស៊ូ មុន​ព្រះអង្គ​ឡើង​ស្ថាន​បរមសុខ ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ សូម​ព្យាបាល​គេ​ទៅ​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ថ្មីៗ​នេះ យើង​បាន​រៀប​ចំ​ទិវា​ប្រកាស​ដំណឹង​ល្អ មាន​ប្រធាន​បទ​សម្រាប់​ឆ្នាំ​នេះ គឺ “សូមទៅប្រកាសដំណឹងល្អដល់​ទី​ដាច់ស្រយាលនៃផែនដី”។ យើង​អាច​និយាយ​ថា មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ថ្មី និង​តាខ្មៅ ជា​ផ្នែក​មួយ​នៃ​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដែល​យើង​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន។

ថ្ងៃ​នេះ​យើង​ទូល​អង្វរ​ព្រះជាម្ចាស់​ជួយ​យើង ដើម្បី​ឱ្យ​យើង​ទៅ​ជា​អ្នក​សាប​ព្រោះ ដើម្បី​ឱ្យ​យើង​ទៅ​ជា​អ្នក​ដែល​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង បង​ប្អូន​របស់​យើង លោក​ឪពុក បង​ស្រី បាន​សាប​ព្រោះ អាច​ដុះ​ឡើង​ដែរ។ ពិត​មែន មាន​ដី​ខ្លះ​ពោរពេញ​ដោយ​បន្លា មាន​ដី​ខ្លះ​ដែល​ពោរពេញ​ដោយ​ថ្ម មាន​ដី​ខ្លះ​មាន​ជីជាតិ​ល្អ។ ប៉ុន្តែ​ស៊ី​សង​យើង​ខ្លះៗ​ដែរ ដោយសារ​ប្រសិន​បើ​យើង​ជួយ​ដក​ថ្ម​ចេញ​នៅ​ក្នុង​ដួង​ចិត្ត​របស់​បង​ប្អូន​ដែល​យើង​ទទួល ប្រសិន​បើ​យើង​ជួយ​កាត់​បន្លា​ចេញ​ក៏​អាច​ធ្វើ​ឱ្យ​មាន​ដី​ស្អាត​វិញ។ ប្រសិន​បើ​យើង​ថែម​ជីជាតិ​ខ្លះៗ ប្រសិន​បើ​យើង​ស្រោច​ទឹក​ខ្លះៗ​ក៏​អាច​ធ្វើ​ឱ្យ​ដី​ស្អាត​ទៅៗ អាច​មាន​ផ្កា​និង​ផ្លែ​យ៉ាង​ច្រើន។ នេះ​ជា​តួនាទី​របស់​យើង យើង​មិន​និយាយ​ថា​មនុស្ស​នេះ​អស់​សង្ឃឹម​ហើយ ដោយសារ​សុទ្ធ​តែ​ថ្ម ដោយសារ​សុទ្ធ​តែ​បន្លា។ កុំ​ឲ្យ​យើង​ភ្លេច ម្ចាស់​ដែល​កាត់​ដើម​ឈើ​ដោយសារ​អត់​មាន​ផ្លែ អ្នក​បម្រើ​ថា​ទុក​សិន​មួយ​ឆ្នាំ ពីរ​ឆ្នាំ បី​ឆ្នាំ​ទៀត យើង​នឹង​ខិត​ខំ​កែ​ច្នៃ​ឲ្យ​មាន​ផ្លែ ប្រសិន​បើ​អត់​មាន​ផ្លែ​យើង​កាត់​ចោល។

ពី​សម័យ​ដើម មាន​ច្រើន​ដែល​គេ​ចង់​ទៅ​ជា​គ្រីស្ត​បរិស័ទ និង​មាន​គ្រីស្ត​បរិស័ទ​ដទៃ​គេ​រិះគន់ គេ​ថា​មើល​គាត់ គាត់​ចង់​ចូល​ដោយសារ​មាន​ប្រយោជន៍​គាត់ គាត់​ចង់​ចូល​ដោយសារ​គាត់​ចង់​បាន​នេះ​ចង់​បាន​នោះ។ សព្វ​ថ្ងៃ​ក៏​យើង​បាន​ស្ដាប់​នេះ​ដែរ គាត់​ចង់​ចូល​សាសនា​ដោយសារ​គាត់​ចង់​បាន​ទៅ​រៀន ចង់​ឱ្យ​គេ​ជួយ​គាត់។ ប៉ុន្តែ កុំ​វិនិច្ឆ័យ​លឿន​ពេក​ដោយសារ​ព្រះជាម្ចាស់​មាន​ពេល​វេលា​ផ្សេង ពី​ពេល​វេលា​របស់​យើង​ដែល​ជា​មនុស្ស។ ព្រះជាម្ចាស់​ស្គាល់​ចិត្ត​របស់​មនុស្ស យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​គម្រោង​ការ​របស់​ព្រះជាម្ចាស់ ដើម្បី​ជួយ​ជានិច្ច។ ជួយ​ជានិច្ច ដើម្បី​ឲ្យ​ម្នាក់​ដែល​ថា​ឥលូវ​នេះ​ខ្ញុំ​ចង់​ចូល​នៅ​ក្នុង​ពន្លឺ​ថ្មី សម្រាប់​ជីវិត​របស់​ខ្ញុំ មាន​ឱកាស មាន​ពេល​ដើម្បី​កែប្រែ​ចិត្ត​គំនិត។ ពេល​និយាយ​អំពី​កែប្រែ​ចិត្ត​គំនិត មុន​និយាយ​ដល់​គេ​យើង​និយាយ​ដល់​យើង​ផ្ទាល់​ខ្លួន​សិន។

ថ្ងៃ​នេះ ខ្ញុំ​សូម​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ទាំង​អស់​ដែល​ជា​លោក​អភិបាល ដែល​ជា​បង​ប្រុស​បង​ស្រី ដែល​ជា​បូជាចារ្យ ដែល​ជា​គ្រូ​អប់រំ​ជំនឿ ឲ្យ​យើង​បន្ត​កែប្រែ​ចិត្ត​គំនិត ដើម្បី​មាន​ជំនឿ​រឹង​មាំ ដើម្បី​អប់រំ​ណែនាំ​ប្អូនៗ​ដែល​ចង់​ស្គាល់​ព្រះយេស៊ូ ចង់​ស្គាល់​ព្រះសហគមន៍ ចង់​ស្គាល់​ជំនឿ​ផ្ទាល់​ខ្លួន។ យើង​ត្រូវ​ការ​ថែរក្សា ជំនឿ​យ៉ាង​រឹង​មាំ សេចក្ដី​ស្រឡាញ់​យ៉ាង​សកម្ម និង​សេចក្ដី​សង្ឃឹម​ជានិច្ច។ ដូច្នេះ យើង​អាច​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ដើម្បី​បន្ត​ប្រកាស​ដំណឹង​ល្អ និង​ណែនាំ​ឲ្យ​បង​ប្អូន​យ៉ាង​ច្រើន អាច​ទទួល​ជីវិត​ថ្មី​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn