អភិបូជាខួប១០ឆ្នាំនៃការស្រង់រូបសំណាកព្រះនាងម៉ារី ជាមហាក្សត្រីនៃក្រុមគ្រួសារ
នៅព្រះសហគមន៍មាតានៃសន្តិភាព អរិយក្សត្រ
ភ្នំពេញខាងជើង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២
អត្ថបទទី១៖ សាការី ២,១៤-១៧ ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ។ សក ២,១៤ ដំណឹងល្អ៖ លូកា ២,១៥-១៩ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ លក ២,១៩ |
បងប្អូនជាទីស្រឡាញ់
យើងមានអំណរសប្បាយ នៅក្នុងពេលវេលាដែលយើងជំរុញឲ្យភូមិភាគភ្នំពេញ យកចិត្តទុកដាក់ជាមួយក្រុមគ្រួសារ ដែលយើងមានព្រះមហាក្សត្រីនៃក្រុមគ្រួសារ។ ព្រះនាងម៉ារី ដែលបានយាងមកនៅលើផែនដីនេះ ដើម្បីណែនាំឱ្យព្រះយេស៊ូកើតជាមនុស្ស កើតជាព្រះជាម្ចាស់ ដើម្បីណែនាំឲ្យការសង្គ្រោះយាងចូលនៅក្នុងពិភពលោក។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះដែលយើងគោរពព្រះនាងម៉ារីដែលបានថ្វាយខ្លួននៅព្រះវិហារនៃទីក្រុងយេរូសាឡឹម។ ជាពេលវេលាមួយ ដើម្បីនឹកឃើញពីរបៀបព្រះនាងម៉ារីជាកុមារី រហូតដល់ព្រះនាងម៉ារីបានចូលដេក និងឡើងស្ថានបរមសុខ។ ព្រះនាងម៉ារី បានណែនាំឲ្យការសង្គ្រោះចូលនៅលើផែនដីនេះ តាមរយៈព្រះយេស៊ូគ្រីស្តដែលជាព្រះអម្ចាស់របស់យើង។ នៅពេលយើងនឹកឃើញដល់ព្រះនាងម៉ារី ដែលជាព្រះមហាក្សត្រីនៃក្រុមគ្រួសារ យើងមានចំនុចខ្លះៗដែលសំខាន់ណាស់ ដើម្បីណែនាំជីវិតរបស់យើងជាគ្រួសារ ជីវិតរបស់យើងជាព្រះសហគមន៍ដែរ។ ដោយសារ យើងមិនតែនឹកឃើញដល់គ្រួសាររបស់យើងបង្កើត ប៉ុន្តែយើងនឹកឃើញដល់ព្រះសហគមន៍ដែរ ព្រះសហគមន៍ដែលជាគ្រួសាររបស់យើង។ តាមពិត យើងជាគ្រីស្តបរិស័ទយើងមានសំណាងលើសពីគេ ដោយសារយើងមានគ្រួសារបង្កើតរបស់យើង និងយើងមានគ្រួសារមួយទៀតដែលជាគ្រួសារបង្កើតដែរ គឺគ្រួសារនៅក្នុងព្រះសហគមន៍។ នៅពេលយើងបានទទួលពិធីជ្រមុជទឹក ពិតមែនយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ពិតមែនយើងទទួលបងប្អូនទាំងអស់ជាសមាជិកនៅក្នុងក្រុមគ្រួសាររបស់យើង។ ដូច្នេះ គ្រួសាររបស់យើងធំណាស់ មិនមែនតែគ្រួសារនៅក្នុងប្រទេសកម្ពុជា គឺគ្រួសារនៃព្រះសហគមន៍នៅក្នុងពិភពលោកទាំងមូល ដែលថែរក្សាយើង ដែលធ្វើដំណើរជាមួយយើង នៅក្នុងព្រះយេស៊ូគ្រីស្ត។
ថ្ងៃនេះ ខ្ញុំអញ្ជើញបងប្អូនសម្លឹងមើលរបៀបដែលព្រះនាងម៉ារីជាមាតា របៀបដែលព្រះនាងម៉ារីជាមេគ្រួសារ។ ណែនាំឲ្យយើងមានគំនិតថ្មី ដើម្បីធ្វើជាគ្រួសារដ៏វិសុទ្ធសម្រាប់គ្រួសាររបស់យើងផ្ទាល់ និងដើម្បីរស់នៅជាគ្រីស្តបរិស័ទនៅក្នុងមហាគ្រួសាររបស់យើង ដែលជាព្រះសហគមន៍។ នៅពេលយើងមើលព្រះនាងម៉ារី ជាពិសេសនៅក្នុងអត្ថបទថ្ងៃនេះ យើងឃើញព្រះនាងម៉ារីនៅពេលគាត់បានទទួលដំណឹង “នាងម៉ារី នាងចងចាំហេតុការណ៍ទាំងនេះ ទុកនៅក្នុងចិត្ត ព្រះនាងម៉ារីបានរិះគិតពិចារណាថែមទៀត”។ តាមពិត ព្រះនាងម៉ារីបានទទួលដំណឹងពីទេវទូតកាព្រីអែល ព្រះនាងម៉ារីបានឯកភាពធ្វើជាមាតារបស់ព្រះជាម្ចាស់ យើងអាចនិយាយបានថាព្រះនាងម៉ារីជាមាតាដែលចេះស្ដាប់៖
ទី១ ស្ដាប់ព្រះជាម្ចាស់សំខាន់ណាស់ តាមរយៈទេវទូតកាព្រីអែល ព្រះនាងម៉ារីបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្តែ មិនមែនតែស្ដាប់ឮ គឺបានស្ដាប់ ទទួលនៅក្នុងចិត្តរបស់ព្រះនាងដើម្បីឆ្លើយតប។ ដោយសារ មនុស្សយើងច្រើនដងយើងចេះតែស្ដាប់មួយភ្លែតៗ យើងថាវាចេះតែចូលតាមត្រចៀកខាងឆ្វេង វាចេញតាមត្រចៀកខាងស្ដាំ និងក្រោយមកភ្លេចអស់ហើយ។ ប៉ុន្តែ ព្រះនាងម៉ារីមិនមែនរបៀបនេះទេ នៅពេលព្រះនាងម៉ារីបើកត្រចៀកដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះនាងម៉ារីទទួលព្រះបន្ទូលនេះឲ្យយាងចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ព្រះនាង ដើម្បីរិះគិតពិចារណាអំពីព្រះបន្ទូលនេះ និងដើម្បីអនុវត្តព្រះបន្ទូលនេះ។ នៅពេលព្រះនាងម៉ារីនៅមង្គលការនៅកាណា ក៏ដូចគ្នាដែរព្រះនាងម៉ារីបាននិយាយទៅអ្នកបម្រើថា “សូមស្ដាប់កូនរបស់ខ្ញុំ នៅពេលគាត់មានសេចក្ដីត្រូវការអ្វីមួយសូមធ្វើតាមលោកទៅ”។ ព្រះនាងម៉ារី ជាមាតាដែលចេះស្ដាប់ ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់និងស្ដាប់គ្នាទៅវិញទៅមកនៅក្នុងក្រុមគ្រួសារដែរ។ ដូច្នេះ សម្រាប់យើងនេះជាចំណុចទីមួយ ដែលយើងត្រូវការយកចិត្តដាក់នៅក្នុងគ្រួសារយើង នៅពេលយើងចេះស្ដាប់គ្នា ប្ដីប្រពន្ធកូនស្ដាប់គ្នា។ ណែនាំឲ្យបន្តិចម្ដងៗគ្រួសារមានក្ដីសុខ ដោយសារយើងចេះចេញយោបល់ឱ្យគ្នាទៅវិញទៅមក។ ជួនកាលឈ្លោះគ្នាខ្លះៗ ជួនកាលចេញយោបល់ ដើម្បីឲ្យយើងទៅមុខ ជួនកាលយើងស្ដាប់គ្នាទៅវិញទៅមកណែនាំឲ្យយើងសម្រុះសម្រួលបញ្ហាយ៉ាងច្រើន។ អ្វីដែលយើងខ្វះនៅក្នុងពិភពលោក អ្វីដែលយើងខ្វះនៅក្នុងគ្រួសារ អ្វីដែលយើងខ្វះនៅក្នុងព្រះសហគមន៍ គឺស្ដាប់គ្នាទៅវិញទៅមក។ យើងមានយោបល់ផ្សេងៗពីគ្នា ពេលយើងស្ដាប់គ្នាទៅវិញទៅមកនៅក្នុងគណៈកម្មការ នៅក្នុងក្រុមគ្រួសាររបស់យើង នៅក្នុងក្រុមបូជាចារ្យជាមួយលោកអភិបាល នៅជាមួយគ្រីស្តបរិស័ទយើងអាចសម្រុះសម្រួលបញ្ហាយ៉ាងច្រើន។ ប៉ុន្តែ ដោយដឹងថាយើងស្ដាប់ព្រះជាម្ចាស់សិន និងក្រោយមកយើងស្ដាប់គ្នាទៅវិញទៅមក ដើម្បីអនុវត្តតាមព្រះបន្ទូលដែលយើងបានទទួលនៅក្នុងដួងចិត្ត គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់។
ទីពីរ ព្រះនាងម៉ារីជាមាតាដែលយកចិត្តទុកដាក់ យកចិត្តទុកដាក់នៅពេលព្រះយេស៊ូប្រសូត។ បន្តិចទៀត យើងចូលនៅក្នុងរដូវរង់ចាំ នៅពេលនោះយើងត្រៀមខ្លួនដើម្បីរៀបចំរោងព្រះយេស៊ូប្រសូត នៅពេលនោះយើងឃើញរូបព្រះនាងម៉ារី ដែលកំពុងឱនមុខសម្លឹងមើលព្រះឱរសយេស៊ូដែលទើបតែប្រសូតថ្មីៗ។ យើងរំភើបណាស់ ដោយសារតែភ្នែករបស់ព្រះនាងម៉ារី ឥរិយាបថរបស់ព្រះនាងម៉ារី ណែនាំឲ្យយើងយល់ចិត្តម្ដាយ។ ចិត្តម្ដាយ ដែលយកចិត្តទុកដាក់ជាមួយកូន កូនង៉ែតដែលកើតថ្មីៗ កូនង៉ែតដែលត្រូវតែទីពឹងលើម៉ែ។ មានតែម៉ែ ដែលយកចិត្តទុកដាក់ថែរក្សាកូន ដើម្បីចិញ្ចឹម ដើម្បីអនាម័យ ដើម្បីលួងកួនពេលកូនយំ…។ ព្រះនាងម៉ារីថែរក្សា ថែរក្សាព្រះកុមារយេស៊ូ នៅពេលបាត់ព្រះយេស៊ូនៅព្រះវិហារយេរូសាឡឹម ព្រះនាងម៉ារីរត់រកពីរបីថ្ងៃ ដើម្បីស្វែងរកឃើញកូនគាត់។ នៅពេលមង្គលការកាណា ព្រះនាងម៉ារីក៏យកចិត្តទុកដាក់ជាមួយភ្ញៀវទាំងអស់ “ប្រសិនបើគេខ្វះអ្វី សូមស្ដាប់កូនខ្ញុំទៅ”។ ព្រះនាងម៉ារី យកចិត្តទុកដាក់នៅក្នុងគ្រប់កាលៈទេសៈ ដើម្បីរស់នៅនៅក្នុងចិត្តគំនិតតែមួយជាមួយកូន។ នៅពេលព្រះយេស៊ូកំពុងសោយទិវង្គតនៅលើឈើឆ្កាង គឺព្រះនាងម៉ារីដែលនៅក្បែរឈើឆ្កាងនេះ។ មិនមែនដូចគេនឹងឯង មិនមែនដូចស្រ្ដីយ៉ាងច្រើន មិនមែនដូចសាវ័កនិងមហាជនយ៉ាងច្រើន ដែលបានគេចខ្លួនអស់ហើយ ព្រះនាងម៉ារីនៅដោយយកចិត្តទុកដាក់ នៅក្នុងគ្រប់កាលៈទេសៈក្នុងជីវិត។ នេះជារបៀបមួយ ដែលយើងជាគ្រួសារមួយត្រូវតែយកចិត្តទុកដាក់គ្នាទៅវិញទៅមក យកចិត្តទុកដាក់ជាមួយប្ដីប្រពន្ធ យកចិត្តទុកដាក់ជាមួយកូន កូនយកចិត្តទុកដាក់ជាមួយឪពុកម្ដាយ ។ ក្នុងព្រះសហគមន៍ក៏ដូចគ្នាដែរ យកចិត្តទុកដាក់ យើងយកចិត្តរបស់យើង យើងទុកនិងដាក់ទៅលើគេទៀត ដើម្បីស្រឡាញ់គេនិងបង្ហាញទឹកចិត្តរបស់យើងជាម្ដាយ ជាគ្រួសារ ជាព្រះសហគមន៍។
ទីបី ព្រះនាងម៉ារីស្រឡាញ់ ស្រឡាញ់កូន ស្រឡាញ់គ្រួសារ ស្រឡាញ់ប្ដី ស្រឡាញ់មានន័យថានៅក្នុងគ្រប់កាលៈទេសៈនៃជីវិត យើងភ្ជាប់ជាមួយប្ដីយើង ជាមួយកូនយើង។ យើងដឹងកាលៈទេសៈនៃជីវិត ជួនកាលមានអំណសប្បាយ ជួនកាលមានគ្រាអាសន្ន ជួនកាលមានទុក្ខលំបាក ជួនកាលមានជម្ងឺ មានការពិបាកនៅក្នុងក្រុមគ្រួសារ មានការឈ្លោះគ្នា មានកូនយើងដែលមិនដើរតាមគន្លងធម៌។ ប៉ុន្តែ ម្ដាយស្រឡាញ់ មានន័យថាស្រឡាញ់គ្រប់ពេលវេលា ទាំងពេលមានអំណរសប្បាយ ទាំងពេលមានអាសន្ន ទាំងពេលមានទុក្ខលំបាក ទាំងពេលអស់សង្ឃឹម…។ ម្ដាយចេះតែស្រឡាញ់ដោយយកចិត្តទុកដាក់ នៅក្នុងគ្រប់កាលៈទេសៈ នេះជារបៀបដែលស្រឡាញ់ពិតៗ។ ព្រះនាងម៉ារី មិនដែលនិយាយធ្វើឲ្យព្រះយេស៊ូធ្លាក់ទឹកចិត្ត ទោះបីព្រះនាងម៉ារីរកឃើញព្រះយេស៊ូបីថ្ងៃក្រោយមក នៅពេលបាត់នៅវិសាលវិហារយេរូសាឡឹម ព្រះយេស៊ូបានចូលនៅក្នុងបន្ទប់កំពុងណែនាំនិងអប់រំធម្មាចារ្យ និងព្រឹទ្ធាចារ្យ នៅពេលនោះព្រះនាងម៉ារីមិនជេរព្រះយេស៊ូ មិនទៅវៃព្រះយេស៊ូទេ។ ព្រះនាងម៉ារី បានតែបង្ហាញទឹកចិត្ត យើងព្រួយបារម្ភណាស់ បាត់កូនបីថ្ងៃហើយ ឈឺចិត្តណាស់និងព្រួយបារម្ភ។ បងប្អូនជាទីស្រឡាញ់ ស្រឡាញ់គឺនៅក្នុងគ្រប់កាលៈទេសៈ យើងធ្វើដំណើរដោយអប់រំ ដោយលើកលែងទោសឲ្យ ដោយណែនាំឲ្យយើងទៅមុខជាមួយគ្នា ទោះបីនៅក្នុងពេលវេលាដ៏ពិបាកបំផុតនៅក្នុងក្រុមគ្រួសារ។
ទីបួន ប្រហែលជាមូលដ្ឋាននៃអ្វីៗទាំងអស់ ព្រះនាងម៉ារីអធិដ្ឋាន ណែនាំឲ្យយើងចូលនៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយព្រះជាម្ចាស់។ នៅពេលយើងអធិដ្ឋាន យើងភ្ជាប់ជាមួយព្រះជាម្ចាស់ពិតមែន នៅពេលនោះយើងមិនមែនតែស្ដាប់តិចតួច យើងទៅជាអង្គតែមួយជាមួយព្រះជាម្ចាស់។ តាមរយៈព្រះនាងម៉ារី យើងបានទទួលអំណោយមួយយ៉ាងពិសេស គឺផ្គាំ ពេលយើងសូត្រផ្គាំព្រះមាលាយើងចូលនៅក្នុងអាថ៌កំបាំងនៃជីវិតរបស់ព្រះយេស៊ូ នៃជីវិតព្រះនាងម៉ារី។ យើងចូលនៅក្នុងមាគានៃកាសង្គ្រោះ ពីព្រះយេស៊ូប្រសូតរហូតដល់ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងណែនាំឲ្យព្រះនាងម៉ារីឡើងស្ថានបរមសុខដែរ។ យើងចូលនៅក្នុងការរងទុក្ខលំបាករបស់ព្រះយេស៊ូ យើងចូលនៅក្នុងអាថ៌កំបាំងនៃពន្លឺ ដែលយ៉ូហានប៉ូលទីពីរបានបន្ថែម។ ដូច្នេះ ពេលយើងនឹកឃើញព្រះនាងម៉ារី យើងនឹកឃើញព្រះនាងម៉ារីដែលអធិដ្ឋាន អធិដ្ឋានដោយភ្ជាប់ជាមួយព្រះយេស៊ូ និងណែនាំឲ្យយើងអធិដ្ឋាន ដើម្បីភ្ជាប់យ៉ាងជិតស្និទ្ធបំផុត។ មានន័យថា ទៅជាអង្គតែមួយ មិនមែនតែធ្វើដំណើរដោយស្ដាប់តិចតួច អង្គតែមួយជាមួយព្រះយេស៊ូ។ ដូចនៅថ្ងៃទទួលពិធីជ្រមុជទឹក យើងបានបំពាក់ព្រះយេស៊ូ សម្រាប់ជីវិតរបស់យើងអស់កល្បជានិច្ច។
បងប្អូនជាទីស្រឡាញ់ យើងមើលព្រះនាងម៉ារីជាមាតាដែលស្ដាប់ ព្រះនាងម៉ារីជាមាតាដែលយកចិត្តទុកដាក់ ព្រះនាងម៉ារីជាមាតាដែលស្រឡាញ់ (មានន័យថានៅជាមួយព្រះយេស៊ូនិងគ្រួសារគ្រប់ពេលវេលា) ព្រះនាងម៉ារីជាមាតាដែលអធិដ្ឋាន។ នេះទាំងអស់ណែនាំឲ្យក្រុមគ្រួសាររបស់យើង ទៅជាគ្រួសារដែលរកឃើញសុភមង្គល និងណែនាំឲ្យព្រះសហគមន៍របស់យើង ដែលជាមហាគ្រួសាររបស់យើង អាចរកឃើញសុភមង្គលដែរ។ យើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ដើម្បីឲ្យព្រះសហគមន៍យើងភ្ជាប់ជាមួយព្រះនាងម៉ារីគ្រប់ពេលវេលា ព្រះនាងម៉ារីដែលជាព្រះមហាក្សត្រីនៃក្រុមគ្រួសារ៕ អាម៉ែន។
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ