ពន្លកថ្មី​ភូមិភាគបាត់ដំបងសិក្សា​បន្ថែម​អំពីព្រះគម្ពីរ ​អគ្គសញ្ញា​និង​ពិធីអភិបូជា

គ្រីស្ត​បរិស័ទដែលបាន​ទទួលពិធីជ្រមុជទឹកក្នុង​ឆ្នាំ​២០២២​ក្នុងភូមិភាគបាត់ដំបង​មួយចំនួន​បាន​ចួបជុំ​គ្នា សិក្សា​អំពី​ព្រះគម្ពីរ ​អគ្គសញ្ញា​និង​ពិធីអភិបូជា កាលពីដើមខែ​វិច្ឆិកាកន្លងទៅនេះ នៅ​មណ្ឌល​កាឡូស ប៉ូរូមេ ក្នុងខេត្ត​បាត់ដំបង។

លោកអភិបាល​ទេពច័ន្ទពិសិដ្ឋ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង​មានប្រសាសន៍​ដល់​សិក្ខាកាម​យ៉ាងនេះថា គ្រីស្ត​បរិស័ទ​ត្រូវមានព្រះគម្ពីរ ព្រោះព្រះគម្ពីរ ជាព្រះបន្ទូល​របស់ព្រះជាម្ចាស់ ដែលរៀបរាប់​​ឲ្យយើង​ស្គាល់​ព្រះអង្គយ៉ាង​ច្បាស់លាស់។  

លោកអភិបាល​បន្ថែមថា «យើងចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ព្រះហឫទ័យរបស់ព្រះយេស៊ូ ចង់ដឹងអំពី ប្រាជ្ញាញាណដែល​យើងត្រូវការសម្រាប់ជីវិត គឺសូមអានព្រះគម្ពីរ និងចូលរួមអភិបូជាជារៀងរាល់ថ្ងៃ។»

ការអានព្រះគម្ពីរពិតជាសំខាន់ណាស់ ដោយសារពេលយុវតី ថន អ៊ីស៊ីញ ពិបាកចិត្ត ឬមានបញ្ហាអ្វីមួយ អត្ថបទ​នៅក្នុងគម្ពីរ​បាន​ជួយ​លើក​ទឹកចិត្ត​គាត់​យ៉ាង​ច្រើន។

អ៊ីស៊ីញ មកពីព្រះសហគមន៍ស្វាយស៊ីសុផុន ឲ្យដឹងថា «មានតែព្រះគម្ពីរ ទេដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត និងចិត្តស្ងប់បាន ហើយការអានព្រះគម្ពីរគឺធ្វើឲ្យ យើងកាន់តែជិតស្និទ្ធ​នឹងព្រះជាម្ចាស់។»

នេះ​ជា​សិក្ខាសាលា​លើកទី២​ដែល​ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង​បាន​រៀបចំ សម្រាប់​អ្នក​ទទួល​អគ្គសញ្ញាជ្រុមុជទឹកថ្មី​ ដែល​ហៅថា ក្រុមពន្លកថ្មី។

កម្មវិធីនេះរៀបចំឡើងដោយគណៈកម្មការព្រះគម្ពីរកម្ពុជានៃភូមិភាគបាត់ដំបង ដែលទទួល​ខុសត្រូវ​ដោយ​បូជាចារ្យ សិលា ទម្លាប់ សុផល ។

អ្នកស្រី ស្រី សុជុំ ជាគណៈកម្មការព្រះគម្ពីរកម្ពុជា នៃភូមិភាគបាត់ដំបង​ មាន​ប្រសាសន៍ថា​ សិក្ខាសាលា​នេះ​សំដៅ​លើបងប្អូន ដែលទើបនឹងទទួលអគ្គសញ្ញាជ្រមុជទឹក។ ដូច្នេះហើយជំនឿពួកគាត់​ប្រៀប​ដូច​ពន្លកថ្មី​ដែលទើបតែដុះពន្លក ដែល​ត្រូវការការ​ថែទាំ ដូចជាយើងដាក់ទឹក ដាក់ជី ឲ្យមានភាពរឹងមាំនៃជំនឿ​ ដើម្បីឲ្យមានផលផ្លែ។

អ្នកស្រី​សុជុំបញ្ជាក់ថា «ប្រសិនបើយើងជា គ្រីស្តបរិស័ទមិនបានអានព្រះគម្ពីរ គឺយើងអត់បានដឹងអំពីរបៀបដែលព្រះយេស៊ូបង្រៀន និងណែនាំយើងទេ។»

យុវជន​ លឹម វុទ្ធី មកពីព្រះសហគមន៍ប៉ោយប៉ែត បាន​ចូលរួម​កម្មវិធីនេះ ២​លើក​រួច​មក​ហើយ​និយាយ​ថា កម្មវិធី​នេះ​បាន​ជួយ​ដល់​គាត់ ទទួល​បានបទពិសោធន៍ថ្មីៗ និង​មេរៀន​ល្អៗពី​​លោកបូជាចារ្យ។

វុទ្ធី​បន្ថែមថា « អភិបូជាពិតជា សំខាន់ណាស់សម្រាប់ខ្ញុំ ក៏ដូចជា​គ្រីស្តបរិស័ទទាំងអស់ ទាំងបី​ជារវល់​យ៉ាង​ណា​ ក៏ត្រូវឆ្លៀតពេលដើម្បីចូលរួមអភិបូជា ដើម្បីថ្វាយបង្គំ ព្រះជាម្ចាស់ និងស្តាប់ព្រះបន្ទូលរបស់​ព្រះអង្គ ដើម្បីអនុវត្តន៍ក្នុងការរស់នៅ។»

សិក្ខាកាមដែលមកចូលរួមចំនួន​៦២នាក់មកពី​មណ្ឌល និ​ងព្រះសហគមន៍នានា ក្នុងភូមិភាគបាត់ដំបង ដែល​រៀបចំ​ឡើង​កាលពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ សិក្ខាកាម​ទាំង​អស់​បាន​ឈ្វេងយល់​បន្ថែម​អំពី​ អគ្គសញ្ញាជ្រមុជទឹក  ពិធីអភិបូជា និងអគ្គសញ្ញាលើកលែងទោស៕

ដោយសេង មួយ

Facebook
Twitter
LinkedIn