យុវជន​ជា​បច្ចុប្បន្ន​ ​ជា​អនាគត និង​ជា​កម្លាំង​របស់​ព្រះសហគមន៍

ព្រះសហគមន៍កាតូលិក​ភូមិភាគ​បាត់ដំបង បាន​រៀបចំ​សន្និបាត​យុវជន​រយៈ​ពេល​៤​ថ្ងៃ ក្រោមប្រធានបទ «យុវជន​ជាកម្លាំងព្រះសហគមន៍ ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ​ចូល​​រួម​ប្រកាសដំណឹងល្អ» ដែល​បាន​ធ្វើ​ឡើងកាលពីពេលថ្មីៗនេះ ​នៅ​ព្រះសហគមន៍កាតូលិក​ខេត្ត​ប៉ៃលិន ភាគនិរតីនៃប្រទេសកម្ពុជា មានទីតាំង​ស្ថិត​នៅ ភូមិអូរពឺត សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ព្រះសហគមន៍បានចាត់ទុកយុវជនជាកម្លាំងរបស់​ព្រះសហគន៍នាពេលបច្ចុប្បន្ន។ នេះ​ជា​ប្រសាសន៍​របស់​លោកបូជាចារ្យ ចនឡេស្ទ័រ ហៅ បុងបុង ជាតំណាងពេញសិទ្ធិរបស់លោកអភិបាល ទេព ច័ន្ទពិសិដ្ឋនៃ​ភូមិភាគបាត់ដំបងនៅថ្ងៃបើក​សន្និបាតយុវជនភូមិភាគ។

ក្នុងនោះដែរ​ លោក​​បានណែនាំឲ្យយុវជនរួម​គ្នាកសាងព្រះសហគមន៍ ដោយសេចក្តីស្រឡាញ់ ធ្វើ​ដំណើរ​រួម​គ្នាជាធ្លុង​តែមួយ។

ក្នុងថ្ងៃទី២នៃ​សន្និបាត លោកអភិបាលទេព ច័ន្ទពិសិដ្ឋ ជាអភិបាលព្រះសហគមន៍​​ភូមិភាគបាត់ដំបង បាន​ជួប​សំណេះសំណាលជាមួយយុវជនតាមប្រព័ន្ធអនឡាញ ហ្ស៊ូម ខណៈពេល​លោក​កំពុង​ជួប​ប្រជុំ​រួម​ជាមួយ​លោក​អភិបាលនានា​ក្នុងទីក្រុងរ៉ូម​ជាមួយសម្តេចប៉ាប។

លោកអភិបាល​មានប្រសាសន៍ថា សូមឲ្យយើង រួមគ្នាជាធ្លុងតែមួយ មានចិត្តតែមួយ​ក្រោមពន្លឺ​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ។ លោក​បញ្ជាក់ថា សូម​យុវជន​កុំ​ភ្លេច យើងចូលរួមប្រជុំសន្និបាត ជួបជុំគ្នាដោយយើងជាធ្លុងតែមួយ សូមឲ្យយើងចេះសាមគ្គីគ្នា យើងជាយុវជន ជាកម្លាំងព្រះសហគមន៍ ដែលត្រូវធ្វើឲ្យ​ព្រះសហគមន៍​រីកចម្រើន និងឲ្យមានដំណាក់កាលទៅខាងមុខ។

លោក​បាន​បញ្ជាក់ទៀតថា «ពេលណាយើងសប្បាយចិត្តរួមជាមួយគ្នា យើងលើកទឹកចិត្តគ្នា គឺ​យើង​រួម​គ្នា​ប្រកាស​ដំណឹងល្អ (គឺ)យើងជាសាក្សីរបស់ព្រះជាម្ចាស់​​ យើងប្រកាសធម៌មេត្តារបស់ព្រះជាម្ចាស់។»

ការដើរតាម​ព្រះយេស៊ូជា​ចំណុច​សំខាន់ ព្រោះយុវជន​ជា​កម្លាំង​របស់ព្រះសហគមន៍។ នេះជា​សម្តីរបស់​កញ្ញា ទូច ជេននី មកពីមណ្ឌលនិស្សិត​ទេព អ៊ីម ក្នុងខេត្ត​បាត់ដំបង។

ជេននី​បន្តថា នៅពេលដែលយុវជនរួមគ្នាជាធ្លុងតែមួយ ធ្វើឲ្យគេស្គាល់​ព្រះសហគមន៍ច្រើនជាងមុន​ ព្រមទាំងធ្វើឲ្យព្រះសហគមន៍រីកចម្រើន ហើយយើងមកទីនេះគឺមកចូលរួមសន្និបាត មានន័យថា​យើងមកបង្ហាញពីកម្លាំង​​​របស់ព្រះសហគមន៍។

លោក គ្រុយ វឌ្ឍ មកពីព្រះសហគមន៍សៀមរាប តំបន់អង្គរ ឲ្យដឹងថា កម្លាំង​របស់ព្រះសហគមន៍​គឺ​ការរួម​គ្នា ហើយ​យុវជន​ជា​កម្លាំង​ពិសេស ដូច្នេះ​ «ឲ្យយើងចេះស្រឡាញ់ និងចែករំលែកឲ្យគ្នា កុំប្រកាន់គ្នា ត្រូវចេះស្តាប់ និង ផ្តល់យោបល់ឲ្យគ្នា។»

ក្នុងរយៈពេល​៤​ថ្ងៃនៃសន្និបាត យុវជន​ចំនួន​៣៥០នាក់ ដោយ​រួមទាំង​តំណាងយុវជននៃ​ភូមិភាគ​កំពង់ចាម និង​ភូមិភាគ​ភ្នំពេញចូលរួម​ផង បាន​រិះគិត​រួមគ្នា​អំពី​របៀប​ធ្វើ​ដំណើរ​ក្នុងព្រះសហគមន៍ ក្នុងការ​ប្រកាសដំណឹងល្អ​ដល់​អ្នកដទៃទៀត។​

ជាមួយគ្នានេះ​ដែរ ក៏មានមេរៀន​មួយចំនួន​ពីបូជាចារ្យ​ដូចជា យុវជន​ជាកម្លាំង​របស់ព្រះសហគមន៍ ការ​ធ្វើ​ដំណើរ​រួម​គ្នា​ជា​ព្រះសហគមន៍​ និង​ការ​ប្រកាសដំណឹងល្អជាដើម។ ហើយដើម្បី​អនុវត្ត​ជាក់ស្តែង​ និងឲ្យ​យុវជន​​ធ្វើ​ដំណើរ​រួម​គ្នាបាន​ លោក​បូជាចារ្យដែល​បាន​ចូលរួម​ក្នុងអង្គសន្និបាត បាន​ឲ្យ​យុវជន​​អធិដ្ឋាន​តាំង​ព្រះកាយព្រះគ្រីស្ត​ និងទទួល​អគ្គសញ្ញាសម្រុះសម្រួល។

សន្និបាតយុវជន​ភូមិភាគបាត់ដំបងនេះ បាន​ធ្វើ​ឡើង​កាលពីថ្ងៃទី០៦-០៩ ខែវិច្ឆិកា។ ជា​រៀង​រាល់​ឆ្នាំ​ព្រះសហគមន៍​កាតូលិក​នៃ​ភូមិភាគ​នីមួយៗ​គឺមាន​ភ្នំពេញ​ បាត់ដំបង និង​កំពង់ចាម បានរៀបចំ​សន្និបាត​សម្រាប់យុវជន​ក្នុងភូមិភាគរៀងៗខ្លួន យ៉ាង​ហោចណាស់ម្តង​ក្នុង​១​ឆ្នាំ ដើម្បីឲ្យ​យុវជន​រិះគិត​រួមគ្នា​ប្រកាសដំណឹងល្អ​ក្នុងតំបន់ដែល​ពួកគាត់​កំពុង​រស់នៅ៕

ដោយសេង មួយ

Facebook
Twitter
LinkedIn