សន្តីអេលីសាបិត នៅហុងគ្រី ថ្ងៃទី១៧ ខែវិច្ឆិកា

(St. Elesabeth of Hungary, 1207-1231)

ជាសន្តីឧបការី នៃអ្នកធ្វើនំប៉័ង, អ្នកសុំទាន, កូនក្រមុំ, ស្រ្តីនៃព្រហ្មចារី, សមាគមមេត្តាធម៌, អ្នកដែលភៀសខ្លួន, ជនចំណាកស្រុក, មន្ទីពេទ្យ, អ្នកមើលថែផ្ទះ, ស្ត្រីមេម៉ាយ, អ្នកឈឺធ្មេញជាដើម។ សន្តីអេលីសាបិត ជាបុត្រីរបស់ស្តេចអែនឌ្រូទី ២(Andrew II) ដែលជាក្សត្រប្រទេសប្រទេសហុងគ្រី នាងបានប្រសូតក្នុងឆ្នាំ១២០៧។ ពេលនាង មានអាយុ ៤ ឆ្នាំ បិតាមាតាបានភ្ជាប់ពាក្យឱ្យនាងជាមួយ ព្រះចៅលុតវិក(Ludwig)នៅធូរិង Thuringia ដែលជាត្រកូលអភិជនម្នាក់នៅប្រទេសអាល្លីម៉ង។ នាងបានបំបែកចេញពីគ្រួសារតាំងពីតូច។ ម្តាយរបស់នាងត្រូវបានគេលួចធ្វើឃាតក្នុងឆ្នាំ១២១៣ តាមប្រវិត្តិសាស្រ្ត នាពេលនោះប្រជាជនអាល្លីម៉ងមានជម្លោះជាមួយពួកអភិជននៃជាតិហុងគ្រី ដែលនាំឱ្យនាងមានទុក្ខជាទំងន់។ នាងតែងតែស្វែងយល់ពីជីវិតនិង សេចក្តីស្លាប់ ហើយនាងយល់ថាមានតែការអធិដ្ឋានប៉ុណ្ណោះដែលជួយលួងលោម និងសម្រាលទុក្ខនាង។  នាងបានរៀបការនៅឆ្នាំ ១២២១ ហើយនាងបំពេញមុខងាររបស់នាងយ៉ាងល្អក្នុង ឋានៈជាភរិយាផង ជាអ្នកបម្រើ ព្រះជាម្ចាស់ផង។ ជារៀងរាល់យប់នាងបានងើបពីគ្រែនិងចំណាយពេលយ៉ាងយូរដើម្បីអធិដ្ឋាន។ នាងបង្ហាញកិច្ចការធម៌មេត្តា យ៉ាងរស់រវើក។ នាងបានដាក់ខ្លួនបម្រើស្ត្រីមេម៉ាយ ក្មេងកំព្រា អ្នកខ្វះខាតនិងអ្នកជំងឺ។ នៅពេលមានទុរភិក្ស នាងបានចែកចាយអង្ករពីឃ្លាំងរបស់នាង ថែរក្សាអ្នកជំងឺឃ្លង់ក្នុងមន្ទីរពេទ្យដែលនាងបានបង្កើត នាងថើបដៃ និងជើងរបស់ពួកគេ។ ដើម្បីប្រយោជន៍សម្រាប់អ្នកទុគ៌ត នាងបានរៀបចំ ទីជំរកគួរសមសម្រាប់ពួកគេ។ ក្រោយបានស្វាមីរបស់នាងទើបតែស្លាប់ថ្មីៗ(នៅឆ្នាំ ១២២១ បានស្លាប់ក្នុងសង្គ្រាមគ្រូសេត ដែលដឹកនាំ ដោយស្តេចហ្វេឌិរិកទី ២) នាងអេលីសាបិត បានទុកភាពថ្លៃធ្នូរក្នុងឋានៈជារាជវង្សដើម្បី បម្រើព្រះជាម្ចាស់ យ៉ាងពេញទី។ នាងស្លៀកសម្លៀកបំពាក់សាមញ្ញ ហើយជារួមជាមួយក្រុម សន្តហ្រ្វង់ស៊ីសស្កូ ហើយបង្ហាញភាពអត់ធ្មត់ និងចឋិត្តសុភាពរៀបសារ។ នាងមិនខ្លាចទុក្ខវេទនា នាងចែកទ្រព្យសម្បត្តិ ហើយចូលជាជីវិតអ្នកបួស នាងបានទទួល មរណភាពនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១២៣១ នៅពេលនាងមានអាយុតែ ២៤ ឆ្នាំតែប៉ុណ្ណោះ។ នាងត្រូវបានប្រកាសជាសន្តបុគ្គលនៅឆ្នាំ ១២៥៣ ដោយសម្តេចប៉ាបហ្គ្រេគ័តទី៩។

Facebook
Twitter
LinkedIn