អត្ថបទគម្ពីរ ថ្ងៃអង្គារ ទី​១៥ ខែវិច្ចិកា ឆ្នាំ២០២២

សន្តីអេលីសាបែត នៅហុងគ្រីជាបព្វជិត

ព្រះនាងអេលីសាបែត (១២០៧-១២៣១) រៀបអភិសេកក្នុងជន្មាយុដប់បួនឆ្នាំ។ ព្រះនាងប្រសូតបានបុត្របីអង្គ រួចធ្លាក់ជាស្រ្ដីមេម៉ាយក្នុងជន្មាយុម្ភៃព្រះវស្សា ហើយត្រូវគេមើលងាយធ្វើបាបជាទម្ងន់ថែមទៀតផង ព្រះនាងសម្តែងធម៌មេត្តាករុណាចំពោះជនក្រីក្រដោយចិត្តស្រឡាញ់យ៉ាងខ្លាំង។ ព្រះនាងចូលទិវង្គតក្នុងជន្មាយុម្ភៃបួនព្រះវស្សា។ ដោយព្រះនាងមានឈ្មោះល្អយ៉ាងអស្ចារ្យបានជាគ្រីស្តបរិស័ទប្រកាសព្រះនាងថា ជាសន្តបុគ្គលតែបួនឆ្នាំក្រោយពីនាងចូលទិវង្គតប៉ុណ្ណោះ។

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ៥,១-១០

ខ្ញុំ​យ៉ូហាន ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ​ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។ បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ទេវទូត​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​យ៉ាង​ខ្លាំង​ថា៖«តើ​នរណា​មាន​ឋានៈ​សម​នឹង​បក​ត្រា​ចេញ ហើយ​បើក​ក្រាំង​នេះ​បាន?»។ ប៉ុន្តែ ទោះ​បី​នៅ​ស្ថាន​សួគ៌​ក្តី នៅ​លើ​ផែន‌ដី ឬ​នៅ​ក្រោម​ដី​ក្តី គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​ឡើយ។ ពេល​នោះ ខ្ញុំ​ស្រែក​យំ​យ៉ាង​ខ្លាំង ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ឋានៈ​សម​នឹង​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​ទេ។ ស្រាប់​តែ​មាន​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖«កុំ​យំ​អី! មើល​ហ្ន៎ សឹង្ហ​ដែល​កើត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ស្ដេច​ដាវីឌ ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំ​ពីរ ហើយ​បើក​ក្រាំង​បាន»។ បន្ទាប់​មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​ព្រឹទ្ធា‌ចារ្យ។ កូន​ចៀម​នោះ​មើល​ទៅដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​យញ្ញ‌បូជា​រួច​ហើយ មាន​ស្នែង​ប្រាំ​ពីរ និង​ភ្នែក​ប្រាំ​ពីរ ជា​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ​ពីរ​របស់​ព្រះ‌ជាម្ចាស់ដែល​ព្រះ‌អង្គ​ចាត់​ឱ្យ​យាង​ទៅ​ពាស‌ពេញ​លើ​ផែន‌ដី។ កូន​ចៀម​នោះបាន​យាង​មក​ទទួល​យក​ក្រាំង​ពី​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក។ កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាសពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋានរបស់​ប្រជាជន​ដ៏‌វិសុទ្ធ។ គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថាៈ “ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​ព្រះ‌អង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​លោះ​មនុស្សពី​គ្រប់​ពូជ​គ្រប់​ភាសាគ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យបម្រើ​ព្រះ‌ជាម្ចាស់​របស់​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែន‌ដី”។

ទំនុកតម្កើងលេខ ១៤៩,១-៦.៩ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃប្រសើរកន្លង
ចូរច្រៀងតម្កើងព្រះនាមព្រះអង្គក្នុងចំណោមផង
អ្នកដែលជឿព្រះ
ចូរឱ្យជនជាតិស្រាអែលខ្មីឃ្មាតរីករាយទាំងអស់
ដោយសារព្រះអង្គបានបង្កើតមនុស្សទាំងស្រីទាំងប្រុស
ពាសពេញផែនដី
សូមប្រជាជនក្នុងក្រុងស៊ីយ៉ូនអបអរប្រពៃ
នឹងព្រះមហាក្សត្រគ្រងលើផែនដៅជាស្ដេចល្បាញល្បី
របស់ផងខ្លួន
សូមនាំគ្នារាំថ្វាយព្រះឧត្តមកុំវេះគេចពួន
តម្កើងព្រះនាមឱ្យបានសមសួនវាយក្រាប់ផ្ទួនៗ
ទាំងដេញពិណថ្វាយ
ដ្បិតព្រះអម្ចាស់សព្វព្រះទ័យណាស់នឹងរាស្រ្ដទាំងឡាយ
ទ្រង់តែងសង្គ្រោះដឹកនាំត្រួសត្រាយហើយតែងខ្វល់ខ្វាយ
ជួយអ្នកទន់ទាប
សូមឱ្យអស់អ្នកសង្ឃឹមជឿជាក់លើព្រះដរាប
នាំគ្នាសប្បាយប្រសើរលើសលប់តម្កើងសាយសព្វ
សិរីព្រះម្ចាស់
ទោះជាពេលយប់ក៏គេមិនឈប់គេនៅប្រកាស
ទាំងលើកតម្កើងសិរីព្រះម្ចាស់ឱ្យបានខ្ពង់ខ្ពស់
ទាំងអំណរផង
សូមទាំងអស់គ្នាសរសើរគ្រប់គ្រាកុំបីរំលង
មាត់ពោលពាក្យល្អដៃកាន់ដាវផងទុក្ខសោកមួរហ្មង
វិនាសខ្ចាត់ខ្ចាយ
ឯការដាក់ទោសជាតិសាសន៍ទាំងនោះត្រឹមត្រូវឥតប្រែ
តាមការសម្រេចព្រះមិនខុសទេពួកវាត្រូវតែ
ទទួលទោសនោះ
កិច្ចការទាំងអស់សក្ដិសមឥតខ្ចោះគឺជាកិត្តិយស
ដ៏សែនរុងរឿងដល់អ្នកទាំងអស់ដែលជឿលើព្រះ
មិនសាបសូន្យឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសួរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤១-៤៤

កាល​ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​ទត​ឃើញ​ទី‌ក្រុង ហើយ​ព្រះ‌អង្គ​ព្រះ‌កន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖«យេរូ‌សាឡឹម​អើយ! គួរ​ឱ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ ដោយ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​បាន​ទេ។ នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស គេ​នឹង​កម្ទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុង​ឱ្យ​វិនាស​បង់​ផង។ គេ​មិន​ទុកឱ្យ​ដុំ​ថ្មនៅ​ត្រួត​ពី​លើ​គ្នាក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​សង្គ្រោះ​អ្នក​ទេ»។

Facebook
Twitter
LinkedIn