ធ្វើនៅមជ្ឈមណ្ឌលព្រះសហគមន៍ភ្នំពេញថ្មី
ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២
“ការប្រកាសដំណឹងល្អនិងគ្រួសារ”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ នៅក្នុងគម្ពីរដំណឹងល្អយើងមានតួអង្គពីរ មានបុរសពីរនាក់ដែលព្រះយេស៊ូលើកមកធ្វើជាឧទាហរណ៍ ដើម្បីឱ្យយើងគិតពិចារណាអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទ ជាពិសេសថ្ងៃនេះអំពីជីវិតរបស់យើងជាគ្រួសារ។ អំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទនិងគ្រួសារ ដែលប្រកាសដំណឹងល្អដល់ដាច់ស្រយាលនៃផែនដី។
មានឥរិយាបថពីរ ចរិតពីរ បុរសម្នាក់ពេលគាត់នៅមុខព្រះជាម្ចាស់ បានចាប់ផ្តើមធ្វើរបាយការណ៍អំពីស្នាដៃរបស់គាត់។ អួតខ្លួន ខ្ញុំជាមនុស្សល្អឥតខ្ចោះ ខ្ញុំអធិដ្ឋានផង ខ្ញុំតមអាហារផង ជួយអ្នកក្រីក្រផង ខ្ញុំជាមនុស្សពិសេស នៅក្នុងខ្លួនខ្ញុំឥតមានអ្វីខុសដូចអ្នកដទៃឡើយ។ ម្នាក់ទៀតជាអ្នកទារពន្ធ ដែលបានអធិដ្ឋានជាមួយព្រះជាម្ចាស់ដែរ នៅពេលនោះគាត់ចេះតែទូលអង្វរព្រះជាម្ចាស់ “ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ គាត់មិនបាននិយាយអ្វីវែងឆ្ងាយ គឺគាត់អធិដ្ឋានតែប៉ុណ្ណឹង។ ក្រោយមកព្រះយេស៊ូ បានសំលឹងមើលមហាជន ដើម្បីប្រាប់ថា “ប្រយ័ត្ន ប្រសិនបើយើងលើកតម្កើងខ្លួនឯង យើងត្រូវតែបន្ទាបចុះ ផ្ទុយទៅវិញអ្នកដែលបានបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ”។ ប៉ុន្តែ មិនមែនបន្ទាបខ្លួនដោយលេងល្ខោន បន្ទាបខ្លួនដោយដាក់ខ្លួនដ៏ពិតប្រាកដ។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះគម្ពីរនេះណែនាំឱ្យយើងចូលនៅក្នុងមូលដ្ឋានដើម្បីបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ដ៏ពិតប្រាកដ។ បង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់បាន លុះត្រាតែយើងដាក់ខ្លួន យើងទទួលស្គាល់អំពើឋានៈរបស់យើងជាមនុស្សទន់ទាប។ ប៉ុន្តែ ជាមនុស្សទន់ទាបប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សលោក។ ថ្ងៃនេះ យើងបានមើលឃើញយ៉ាងជាក់ស្តែង គ្រួសារដ៏វិសុទ្ធដែលណែនាំឱ្យយើងមើលឃើញសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់។ ធំធេងចំពោះសន្តយ៉ូសែបនិងព្រះនាងម៉ារី ព្រះអង្គបានជ្រើសរើសទាំងពីរនាក់ ដើម្បីធ្វើជាមាតាបិតារបស់ព្រះបុត្រាតែម្តង។ ដូច្នេះ បងប្អូនជាទីស្រឡាញ់នៅពេលយើងមើលគ្រួសារដ៏វិសុទ្ធ នេះជាគោលដៅយើងគ្រប់ៗរូប។
នៅពេលយើងមើលឃើញ ព្រះយេស៊ូចាប់កំណើតជាមនុស្ស នៅក្នុងគ្រួសារមួយសាមញ្ញធម្មតា យើងមើលឃើញសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់។ ធ្វើឱ្យយើងយល់ថា ពិតមែននៅមុខសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យើងត្រូវតែដាក់ខ្លួន។ យើងធ្វើដូចម្តេចដើម្បីអួតខ្លួនយើងជាមនុស្សដ៏ពេញលក្ខណៈ យើងជាមនុស្សដែលពោរពេញដោយសេចក្ដីស្រឡាញ់ មានចិត្តមេត្តាករុណា យើងចេះតែអធិដ្ឋាន ចេះតែតមអាហារនៅមុខព្រះជាម្ចាស់ផ្ទាល់។ ព្រះជាម្ចាស់ដែលជាសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ និងចេះតែបង្ហាញសេចក្តីស្រឡាញ់នៅពេលព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមក ដើម្បីសង្រ្គោះយើង។
ដូច្នេះ ទំនាក់ទំនងជាមួយព្រះជាម្ចាស់ដើម្បីឱ្យយើងរីកចម្រើន នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ គឺយើងដាក់ខ្លួន។ ដោយទទួលស្គាល់ “បពិត្រព្រះអម្ចាស់ ពិតមែនសូមអាណិតមេត្តាដល់ទូលបង្គំ ខ្ញុំជាមនុស្សតូចតាចម្នាក់មិនសូវចេះស្រឡាញ់ មិនសូវចេះយកចិត្តទុកដាក់នឹងអ្នកដទៃ ប៉ុន្តែសូមព្រះអង្គប្រទានសេចក្ដីស្រឡាញ់ឱ្យយើងខ្ញុំដ៏ពេញលក្ខណៈ សូមប្រទានសេចក្ដីសង្ឃឹមឱ្យទូលបង្គំ សូមប្រទានជំនឿយ៉ាងរឹងមាំឱ្យទូលបង្គំ”។
បងប្អូនជាទីស្រឡាញ់ ដាក់ខ្លួន ទទួលស្គាល់អំពីព្រំដែនរបស់យើង ទទួលស្គាល់អំពីចំណុចខ្សោយរបស់យើង ណែនាំឱ្យយើងបង្កើតទំនាក់ទំនងមិនមែនតែជាមួយព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ។ ប៉ុន្តែ ណែនាំឱ្យយើងបង្កើតទំនាក់ទំនងនៅក្នុងគ្រួសាររបស់យើង ជាប្តីប្រពន្ធជាមួយកូន ជាមួយបងប្អូនឯទៀតៗ។ ប្រសិនបើ នៅពេលយើងជួបបងប្អូនឯទៀតៗយើងចេះតែអួតខ្លួន យូរៗគេលែងចង់ស្តាប់យើង។ ប្រសិនបើ ប្តីចេះតែថាខ្ញុំជាមនុស្សល្អ ហើយថាឱ្យប្រពន្ធមិនចេះអ្វីសោះ ធ្វើម្ហូបមិនកើត មិនចេះមើលកូន ចាយលុយមិនត្រឹមត្រូវ… យើងមិនអាចទៅមុនជាមួយគ្នាបានទេ។ ប្រសិនបើ ប្រពន្ធចេះតែជេរប្តី មើលងាយប្តី ថាឱ្យប្តី… លទ្ធផលយើងធ្វើដូចម្តេចដើម្បីឱ្យយើងមានសេចក្តីសុខជាគ្រួសារ។ ផ្ទុយទៅវិញ យើងដាក់ខ្លួនទាំងអស់គ្នា ដូចកន្លងមកខ្ញុំធ្លាប់ប្រាប់ម្តងហើយថា “នៅពេលខ្ញុំបានទេសនាអំពីសេចក្តីស្រឡាញ់ ប្តីប្រពន្ធចេះគោរពគ្នា ចេះលើកលែងទោសឱ្យគ្នា ចេះស្តាប់គ្នាទៅវិញទៅមក… ក្រោយមកមានអ៊ីម្នាក់ដែលបានស្តាប់ខ្ញុំទេសនា គាត់ថាពេលស្តាប់លោកឪពុកនិយាយណែនាំឱ្យខ្ញុំភ្ញាក់មែនទែន ពេលខ្ញុំទៅផ្ទះវិញខ្ញុំបានហៅប៉ាវាហើយប្រាប់គាត់ថា ប៉ាវាខ្ញុំសុំទោស២០ឆ្នាំដែលរៀបការ ខ្ញុំចេះតែជេរឯងរហូតមិនដែលនិយាយល្អសោះ ថ្ងៃនេះខ្ញុំចង់និយាយទៅឯងថា ខ្ញុំស្រឡាញ់ប៉ាវាណាស់”។
នៅពេលយើងឃើញព្រះនាងម៉ារី និងសន្តយ៉ូសែប ដែលកំពុងសំលឹងមើលព្រះយេស៊ូ នៅពេលនោះយើងឃើញឥរិយាបថនេះ ដាក់ខ្លួន ដោយទទួលព្រះសង្រ្គោះ ដាក់ខ្លួនដើម្បីបង្កើតទំនាក់ទំនងរួមជាមួយគ្នានៅក្នុងសេចក្តីស្រឡាញ់។
ដូច្នេះ ថ្ងៃនេះជាថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អនៅក្នុងពិភពលោកទាំងមូល សម្រាប់យើងជាពេលវេលាដើម្បីគិតអំពីក្រុមគ្រួសារ នៅក្នុងភូមិភាគភ្នំពេញ។ នៅក្នុងនេះ យើងមាន៣ចំណុចដ៏សំខាន់គឺ៖
ចំណុចទី១ ប្រកាសដំណឹងល្អ ជាពិសេសនៅក្នុងប្រទេសរបស់យើង និងនៅក្នុងទ្វីបអាស៊ីដែរ។ សព្វថ្ងៃ យើងមានលោកអភិបាល គីគេ កំពុងចូលរួមប្រជុំរយៈពេល២សប្តាហ៍នៅទីក្រុងបាំងកក រួមជាមួយលោកអភិបាល ២៧៥អង្គ នៅក្នុងទី្វបអាស៊ី ដើម្បីគិត តើយើងជាប្រទេសនៅក្នុងទ្វីបអាស៊ី យើងធ្វើដូចម្តេចដើម្បីប្រកាសដំណឹងល្អតាមរយៈ ទី១វប្បធម៌ (នៅក្នុងទ្វីបអាស៊ីជាវប្បធម៌យ៉ាងពិសេសដែលមានរាប់សតវត្សរ៍) ទី២តាមរយៈសាសនាដទៃ (នៅក្នុងទ្វីបអាស៊ីយើងមានសាសនាដើមយ៉ាងរឹងមាំ ដូចជាសាសនាព្រះពុទ្ធ សាសនាអ៊ីស្លាម យើងធ្វើដូចម្តេចដើម្បីមានទំនាក់ទំនងរវាងសាសនានឹងសាសនាដើម្បីប្រកាសដំណឹងល្អ) និងទី៣តាមរយៈជីវិតប្រចាំថ្ងៃរបស់ប្រជាជន (នៅក្នុងទ្វីបអាស៊ីយើងមានទាំងអស់ ប្រជាជនក្រីក្របំផុត ក៏ដូចជាប្រជាជនអ្នកមានបំផុត យើងធ្វើដូចម្តេចដើម្បីប្រកាសដំណឹងល្អនៅក្នុងគ្រប់ស្ថានភាពប្រចាំជីវិតរបស់បងប្អូនយើង)?
ចំណុចទី២ យើងដឹងថាថ្ងៃនេះគ្រួសារជាកន្លែងដំបូងបង្អស់ដើម្បីប្រកាសដំណឹងល្អ នៅពេលគ្រួសារមានសេចក្ដីសុខ ពេលគ្រួសារចេះស្តាប់គ្នាទៅវិញទៅមក ពេលគ្រួសារចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក នៅពេលនោះយើងជាគ្រួសារដែលបង្កើតទំនាក់ទំនងជាមួយបងប្អូនឯទៀតៗយ៉ាងស្រួល។ មិនមែនដូចបុរសទីមួយដែលបាននិយាយទៅព្រះជាម្ចាស់ អរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនដូចគេទេ។ កុំឱ្យគ្រួសាររបស់យើង ចូលព្រះវិហារគ្រាន់តែអធិដ្ឋានគ្នាយើង ហើយមើលងាយគ្រួសារដទៃ។ ជួនកាលមានគ្រួសារមួយចំនួនបាក់បែកគ្នា មានគ្រួសារខ្លះឈ្លោះគ្នា មានគ្រួសារខ្លះមានទុក្ខលំបាកមែនទែន ហើយយើងថាសំណាងគ្រួសារយើងមិនដូចគ្រួសារគេ នេះយើងបង្កើតទំនាក់ទំនងមិនកើតទេ។ ផ្ទុយទៅវិញ ប្រសិនបើយើងចេះបង្កើតទំនាក់ទំនងរវាងគ្រួសារនឹងគ្រួសារ នៅក្នុងព្រះសហគមន៍នីមួយៗនៅក្នុងភូមិភាគភ្នំពេញ នោះពេលហ្នឹងខ្ញុំជឿថាគ្រួសាររបស់យើងរឹងមាំ។ ដោយសារ យើងបានចែករំលែកបទពិសោធរវាងគ្នានឹងគ្នា យើងចែករំលែកទាំងអំណរសប្បាយ ទាំងទុក្ខលំបាក ដើម្បីឱ្យគ្រួសាររបស់យើងរីកចម្រើនដោយចេះជួយគ្នាទៅវិញទៅមក។ ដោយសារ គ្រួសារជាកន្លែងមួយដែលយើងបានទទួលឥទ្ធិពលពីព្រះនាងម៉ារី សន្តយ៉ូសែប និងព្រះយេស៊ូមែន ប៉ុន្តែក៏ជាកន្លែងមួយដែលយើងអាចទៅជាសាក្សីសម្រាប់គ្រួសារឯទៀតៗ។
ចំណុចទី៣ ឱ្យយើងនឹកឃើញគ្រួសាររបស់យើងជាព្រះសហគមន៍ដ៏តូចមួយ ដែលយើងបង្រៀនដើម្បីស្គាល់ព្រះជាម្ចាស់។ ជាកន្លែងដែលកូនរៀនគូសសញ្ញាឈើឆ្កាងដំបូង ធម៌បពិត្រព្រះនាងម៉ារី ធម៌ឱព្រះបិតា…។ នៅក្នុងគ្រួសារដែលយើងចាប់ផ្តើម ណែនាំឱ្យព្រះសហគមន៍របស់យើងចាក់គ្រឹះនៅលើទឹកដីកម្ពុជា។ ជាពិសេសសព្វថ្ងៃ ដោយសារគ្រួសាររបស់យើងមួយចំនួនធំ ដែលមានសមាជិកគ្រួសារម្នាក់ជាគ្រីស្តបរិស័ទ។ ថ្ងៃនេះ យើងបានឃើញយ៉ាងជាក់ស្តែងមានគ្រួសារពីរ ដែលប្តីជាគ្រីស្តបរិស័ទយូរឆ្នាំហើយ ឥលូវនេះប្រពន្ធបានទទួលអគ្គសញ្ញាជ្រមុជទឹកថ្ងៃនេះ។ នៅក្នុងជីវិតថ្មីនៃព្រះសហគមន៍របស់យើង យើងមានប៉ុន្មានគ្រួសារដែលចាប់ផ្តើមជាអ្នកប្រកាសដំណឹងល្អនៅក្នុងគ្រួសារផ្ទាល់ខ្លួន។ ណែនាំឱ្យកូនៗចាប់ផ្តើមស្គាល់ព្រះយេស៊ូ ក្នុងគ្រួសារយើងមានប៉ុន្មាននាក់ដែលបានចូលក្នុងក្រុមបម្រើអាសនៈ ចូលនៅក្នុងក្រុមយុវជន ក្រុមពិធីបុណ្យ…។ នេះជាគ្រួសារ ដែលចាប់ផ្តើមរស់នៅក្នុងសេចក្ដីសុខពីគ្រួសារដ៏វិសុទ្ធ។
បងប្អុនជាទីស្រឡាញ់ យើងមានរបៀបដោយសំលឹងមើលគ្រួសារដ៏វិសុទ្ធ គ្រួសារដ៏វិសុទ្ធដែលលះបង់ចោលដើម្បីស្រឡាញ់ព្រះជាម្ចាស់។ គ្រួសារដ៏វិសុទ្ធដែលយកចិត្តទុកដាក់ ព្រះនាងម៉ារីនិងសន្តយ៉ូសែបបានយកចិត្តទុកដាក់លើគ្នាទៅវិញទៅមក។ យកចិត្តទុកដាក់ជាមួយព្រះកុមារយេស៊ូ (នៅពេលព្រះអង្គមានព្រះជន្ម១២ព្រះវស្សា បាត់ព្រះកាយ) យកចិត្តទុកដាក់ជាមួយកូន។ គ្រួសារដែលជាគ្រួសារសម្រាប់អ្នកដទៃ មិនសម្រាប់តែគ្នាយើង ដោយសារយើងជាប្តីប្រពន្ធជាមួយកូន យើងអាចទៅជាគ្រួសារអាត្មានិយមខ្លាំងណាស់ មិនចេះមើលគ្រួសារដទៃទេ។ ប៉ុន្តែ ប្រសិនបើយើងមើលគ្រួសារដ៏វិសុទ្ធនេះ នៅពេលព្រះយេស៊ូចេញពីភូមិណាសារ៉ែតដើម្បីទៅប្រកាសដំណឹងល្អ ឪពុកម្តាយមិនបានបដិសេធទេ ទុកឱ្យព្រះយេស៊ូបំពេញតួនាទីរបស់ព្រះអង្គ។ ផ្ទុយទៅវិញ ព្រះនាងម៉ារីជាសាវ័កដំបូងរបស់ព្រះយេស៊ូ ដែលដើរតាមព្រះយេស៊ូដោយលើកទឹកចិត្តកូនរហូតដល់កូនទទួលមរណៈភាពនៅលើព្រះឈើឆ្កាង។
ពិតមែនបងប្អូនជាទីស្រឡាញ់ យើងមានមធ្យោបាយច្រើន អធិដ្ឋានជាលក្ខណៈគ្រួសារ ជាពិសេសនៅក្នុងរដូវរង់ចាំ នៅក្នុងរដូវ៤០ថ្ងៃ។ និយាយគ្នាជាមួយប្តីប្រពន្ធ ពេលល្ងាចនៅពេលយើងមកពីធ្វើការវិញ សួរសុខទុក្ខគ្នាទៅវិញទៅមក យូរៗម្តងដើរកំសាន្តខ្លះៗ ដើម្បីយកពេលជាលក្ខណៈគ្រួសារ។ កន្លងមក នៅភ្នំវល្លិ៍មានគ្រួសារច្រើនបានដើរកំសាន្តជាលក្ខណៈគ្រួសារ នេះជាពេលវេលាដើម្បីយកពេលនិយាយគ្នានៅក្នុងសេចក្តីសុខ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក។
ខ្ញុំសូមអធិដ្ឋាន ដើម្បីឱ្យគ្រួសាររបស់យើងទៅជាគ្រួសារថ្មី ពោរពេញដោយកម្លាំង ដើម្បីបង្កើតពិភពថ្មី ដោយសំលឹងមើលព្រះនាងម៉ារី សន្តយ៉ូសែប និងព្រះយេស៊ូជានិច្ច។ ដោយដឹងថា នៅពេលយើងមានគ្រួសារដ៏សុខសាន្ត យើងមានព្រះសហគមន៍ដ៏សុខសាន្តដែរ និងយើងមានពិភពលោកដ៏សុខសាន្តដែរ។ យើងអរព្រះគុណព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់ក្រុមគ្រួសារទាំងអស់នៅក្នុងភូមិភាគភ្នំពេញទាំងមូល នៅក្នុងពិភពលោកទាំងមូល ដើម្បីឱ្យយើងធ្វើដំណើររួមជាមួយគ្នា ទៅតាមផ្លូវនៃជីវិត ជីវិតអស់កល្បជានិច្ច។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ